កីឡាអន្តរជាតិ
អន្តរជាតិ
Everton ត្រូវរូវលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយ James នៅតែចរចាតម្លៃជាមួយ Real
02, Sep 2020 , 6:18 pm        
រូបភាព
ក្លិប Everton សង្ឃឹមថានឹងចរចាដោយជោគជ័យលើការផ្ទេយក James Rodriguez ពី Real Madrid ក្នុងតម្លៃជាង ២០ លានផោន (ជិត២៧លានដុល្លារអាមេរិក) ខណៈលក្ខខណ្ឌផ្ទាល់ខ្លួនរវាងក្លិបជាមួយខ្សែបម្រើកូឡុំប៊ីរូបនេះត្រូវរូវគ្នារួចអស់ហើយ។


ខ្សែបម្រើវ័យ ២៩ ឆ្នាំរូបនេះ ធ្លាប់ជាកូនក្រុមរបស់លោក Carlo Ancelotti កាលលោកនៅដឹកនាំ Real Madrid និង Bayern Munich មុនពេលផ្លាស់ទៅជាអ្នកចាត់ការទូទៅ Everton រដូវកាលមុន។ លោក Ancelotti ពិតជាចង់បាន Rodriguez ទៅរួមក្រុមក្នុងក្របខណ្ឌអង់គ្លេសមួយនេះ និងរំពឹងថាកិច្ចព្រមព្រៀងផ្ទេនឹងរួចរាល់នៅសប្តាហ៍នេះ។
 
Rodriguez មិនសូវបានបង្ហាញខ្លួនសម្រាប់ក្រុមយក្សអេស្ប៉ាញឡើយ ក្រោមការដឹកនាំរបស់លោក Zinedine Zidane។ ថ្មីនេះទៀត អ្នកចាត់ការសញ្ជាតិបារាំងក៏បានអនុញ្ជាតិឲ្យសមាជិកក្រុមជម្រើសជាតិកូឡំប៊ីរូបនេះខកខានចូលរួមហ្វឹកហាត់ជាមួយក្រុមមុនបើករដូវកាលថ្មីផងដែរ។
  
 
បើសិនការផ្ទេនេះជោគជ័យ មានន័យថា Rodriguez នឹងក្លាយជាកីឡាករដំបូងគេដែលលោក Ancelotti នាំចូលទៅកាន់ Eveton ក្នុងតម្លៃថ្លៃ ចាប់តាំងពីលោកត្រូវបានតែងតាំងជាអ្នកចាត់ការកាលពីខែធ្នូ ឆ្នាំ២០១៩មក។
 
ក្រោយចរចាលក្ខខណ្ឌផ្ទាល់ខ្លួនត្រូវរូវគ្នារួចហើយនោះ អ្នកចាត់ការសញ្ជាតិអ៊ីតាលីសង្ឃឹមខ្ពស់ក្នុងការយក Rodriguez ទៅកាន់ទឹកដី Goodison Park ក្នុងតម្លៃជិត២៧លានដុល្លារ ស្របពេលកិច្ចសន្យារវាងអតីតសមាជិកក្រុម FC Porto និង Real Madrid ឈានដល់ឆ្នាំចុងក្រោយហើយ។ Everton ទើបទិញបានខ្សែបម្រើសញ្ជាតិប្រេស៊ីល Allan វ័យ២៩ឆ្នាំ ពី Napoli រួហើយ មុនបើករដូវកាលថ្មី ២០២០-២១។
 
លោក Ancelotti ដែលចូលដឹកនាំក្រុមនៃលីគកំពូលអង់គ្លេសនៅពាក់កណ្តាលរដូវកាលទៅហើយ បានជួយ Everton បញ្ចប់ទៅក្នុងចំណាត់ថ្នាក់ទី១២ ក្នុងតារាង Premier League កាលពីរដូវកាលមុន៕
 



Tag:
 Everton
  James Rodriguez
  Real Madrid
© រក្សាសិទ្ធិដោយ thmeythmey.com