ជាតិ
សិស្ស​ខ្មែរ​ក្រីក្រ​ជាង​១២០០​នាក់ បាន​អាហារូបករណ៍​រៀន​ភាសា​អង់គ្លេស​ពី​កម្មវិធី​ស្ថានទូត​អាមេរិក​
03, Sep 2020 , 9:45 am        
រូបភាព
លោក W. Patrick Murphy ឯកអគ្គ​រដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា​(​កណ្តាល​) ថតរូប​ជាមួយ​លោក មាស ចាន់​ដេ​ត ប្រធាន​សហគម​ខ្មែរ​ដើម្បី​អភិវឌ្ឍន៍​(​ស្តាំ​) និង​សិស្ស បុគ្គលិក នៅក្នុង​សហគម​ខ្មែរ​ដើម្បី​អភិវឌ្ឍន៍ កាលពី​ថ្ងៃទី​១​កញ្ញា ឆ្នាំ​២០២០​។
លោក W. Patrick Murphy ឯកអគ្គ​រដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា​(​កណ្តាល​) ថតរូប​ជាមួយ​លោក មាស ចាន់​ដេ​ត ប្រធាន​សហគម​ខ្មែរ​ដើម្បី​អភិវឌ្ឍន៍​(​ស្តាំ​) និង​សិស្ស បុគ្គលិក នៅក្នុង​សហគម​ខ្មែរ​ដើម្បី​អភិវឌ្ឍន៍ កាលពី​ថ្ងៃទី​១​កញ្ញា ឆ្នាំ​២០២០​។
​កំពង់ស្ពឺ​៖ សិស្ស​ខ្មែរ​ក្រីក្រ​រស់នៅ​តាម​ជនបទ​នានា​ចំនួន​១,២៦៣​នាក់​ហើយ ដែល​ទទួលបាន​អាហារូបករណ៍​សិក្សា​ភាសា​អង់គ្លេស​ពី​កម្មវិធី​អាហារ​រូបករណ៍​ខ្នាតតូច​ផ្នែក​ភាសា​អង់គ្លេស​(English Access Microscholarship Program)​នៅ​កម្ពុជា​។ អាហារូបករណ៍​ខ្នាតតូច​ផ្នែក​ភាសា​អង់គ្លេស​នេះ ជា​កម្មវិធី​របស់​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា សម្រាប់​ផ្តល់ឱ្យ​សិស្ស​ចាប់ពី​អាយុ​១៣-២០​ឆ្នាំ មកពី​សហគមន៍​មាន​ជីវភាព​រស់នៅ​ខ្សត់ខ្សោយ​។

 
​ក្នុង​ដំណើរ​ទស្សនៈកិច្ច​ទៅកាន់​សមាគម​ខ្មែរ​ដើម្បី​អភិវឌ្ឍ ដែល​ទទួលបាន​គម្រោង​អនុវត្ត​កម្មវិធី​អាហារ​រូបករណ៍​ខ្នាតតូច​ផ្នែក​ភាសា​អង់គ្លេស​នៅ​ខេត្តកំពង់ស្ពឺ កាលពី​ថ្ងៃទី​១​កញ្ញា ឆ្នាំ​២០២០ លោក W. Patrick Murphy ឯកអគ្គ​រដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា បាន​លើកឡើងថា សិស្ស​ដែល​ទទួល​អាហារូបករណ៍​នេះ  នឹងមាន​សមត្ថភាព​លើ​ជំនាញ​ភាសា​អង់គ្លេស ដែល​អាច​នាំឱ្យ​សិស្ស​ទាំងនោះ​ទទួលបាន​ការងារ​ល្អ​។ ជាពិសេស មានឱកាស​ទទួលជោគជ័យ​ក្នុង​ប្រឡង​យក​អាហារូបករណ៍​នានា​ទៅ​សិក្សា​នៅ​បរទេស​។​
 
​បើតាម​លោក W. Patrick Murphy កម្មវិធី​អាហារ​រូបករណ៍​ខ្នាតតូច​ផ្នែក​ភាសា​អង់គ្លេស ក្នុង​មួយ​វគ្គៗ​មាន​រយៈពេល​២​ឆ្នាំ​សម្រាប់​ការសិក្សា​របស់​សិស្ស​នីមួយៗ ហើយ​សិស្ស​ដែល​បញ្ចប់​ការសិក្សា​ពី​កម្មវិធី​នេះ គឺអាច​និយាយ សរសេរ ស្តាប់ និង​អាន ភាសា​អង់គ្លេស​បានល្អ​ប្រសើរ​។ 
 
​ឯកអគ្គ​រដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា​រូបនេះ​បាន​ប្រសាសន៍​ដូច្នេះ​៖«​ថ្ងៃនេះ​ខ្ញុំ​បាន​ជួប​សិស្ស​ពី​កម្មវិធី English Access យើង​បាន​សិក្សា​ពីគ្នា បាន​រៀនសូត្រ​ពីគ្នា ហើយ​ខ្ញុំ​សប្បាយចិត្ត​ណាស់​ដែល​ឃើញ​ពួកគាត់​ក្មេងៗ អាច​ស្រប​យកចំណេះ​ដឹង​ដែល​ពួក​ខ្ញុំ​ផ្តល់ឱ្យ​។ ជាពិសេស​ជាងនេះទៅទៀត គឺ​ពួកគាត់ បាន​យក​ចំណេះដឹង​នោះ​ទៅ​បង្រៀន​ដល់​ក្មេងៗ​ជំនាន់​ក្រោយៗ ដែល​បានការ​សិក្សា​ពី​កម្មវិធី​English Access​នេះ ផងដែរ​»​។ លោក​បាន​បន្តថា​៖«​ខ្ញុំ​រំភើប  និង​សប្បាយចិត្ត​ខ្លាំងណាស់ ដែល​បានឃើញ​សិស្ស​ទាំងអស់​បាន​ចូល​វគ្គ​សិក្សា​របស់​យើង  មានការ​អភិវឌ្ឍ​ខ្លួន និង​បានបង្ហាញ​ការតាំង​ចិត្ត​របស់ខ្លួន ក្នុង​ការធ្វើ​អ្វីមួយ​ដែល​ពួក​ចង់​ធ្វើ នា​អនាគត​»​។​


 លោក W. Patrick Murphy ឯកអគ្គ​រដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា កំពុង​ជជែក​គ្នា​ជា​លោក មាស ចាន់​ដេ​ត នៅ​សហគម​ខ្មែរ​ដើម្បី​អភិវឌ្ឍន៍ កាលពី​ថ្ងៃទី​១​កញ្ញា ឆ្នាំ​២០២០​។​
 
​សម្រាប់​ខេត្តកំពង់ស្ពឺ ស្ថានទូត​អាមេរិក​បានផ្តល់​ថវិកា​អស់​៦​ម៉ឺន​ដុល្លារ​មកហើយ ដល់​សមាគម​ខ្មែរ​ដើម្បី​អភិវឌ្ឍន៍ ក្នុងការ​អនុវត្ត​កម្មវិធី​អាហារ​រូបករណ៍​ខ្នាតតូច​ផ្នែក​ភាសា​អង់គ្លេស​សម្រាប់​យុវជន​ក្រីក្រ​ដែល​រស់​នៅតាម​សហគមន៍ ចាប់តាំងពី​ឆ្នាំ​២០១២​ដល់​២០១៧​។ នេះ​ជាការ​លើកឡើង​របស់លោក  មាស ចាន់​ដេ​ត ប្រធាន​សហគម​ខ្មែរ​ដើម្បី​អភិវឌ្ឍន៍ ដោយ​បញ្ជាក់ថា ថវិកា​ចំនួន​៦​ម៉ឺន​ដុល្លារ​នេះ គឺ​ខាង​ស្ថានទូត​ផ្តល់ឱ្យ​ជា​បី​វគ្គ​រួម​មកហើយ ដោយ​ក្នុង​វគ្គ​មួយៗ​ទទួលបាន​២​ម៉ឺន​ដុល្លារ សម្រាប់​ការសិក្សា​ពេញ​របស់​សិស្ស​ក្នុង​រយៈពេល​២​ឆ្នាំ ។​
 
​បើតាម​លោក  មាស ចាន់​ដេ​ត កម្មវិធី​អាហារ​រូបករណ៍​នេះ ក្រៅពី​បង្រៀន​ភាសា​អង់គ្លេស​ដល់​សិស្ស​ហើយ​នោះ ក៏មាន​បង្រៀន​នូវ​ជំនាញ​កុំព្យូទ័រ​, បង្រៀន​ភាពជា​អ្នកដឹកនាំ និង​ជំនាញ​ទន់​នានា​ដល់​សិស្ស​ទាំងនោះ​ផងដែរ​។  លោក​ប្រធាន​សហគម​ខ្មែរ​ដើម្បី​អភិវឌ្ឍន៍ បាន​អះអាងថា​៖«​លទ្ធផល​ដែល​យើង​ទទួលបាន​ជំនួយ​ពី​ស្ថានទូត​អាមេរិក​ក្នុងការ​សិក្សា​ភាសា​អង់គ្លេស​ទាំង​៣​វគ្គ ក្នុង​រយៈពេល​៦​ឆ្នាំ​មកនេះ គឺមាន​កូនសិស្ស​ក្រីក្រ​ចំនួន​៦៥​នាក់ បានបញ្ចប់​វគ្គ​បណ្តុះបណ្តាល​នេះ​។ ហើយ​ភាគ​សិក្សា​ទាំង មាន​សមត្ថភាព​បន្ត​ការសិក្សា​ដល់​ថ្នាក់​មហា​វិទ្យា និង​មាន​ការងារ​ល្អ​ថែមទៀត​»​។ 
 
​កញ្ញា ផល ថុ​នា ជា​សិស្ស​បញ្ចប់​ការសិក្សា​ក្នុង​កម្មវិធី​អាហារ​រូបករណ៍​ខ្នាតតូច​ផ្នែក​ភាសា​អង់គ្លេស​ក្នុង​វគ្គ​ទី​៣​នៅ​សមាគម​ខ្មែរ​ដើម្បី​អភិវឌ្ឍន៍​។ យុវតី​វ័យ​១៨​ឆ្នាំ ដែល​កំពុង​ត្រៀមខ្លួន​ប្រឡង​សញ្ញាបត្រ​ទុតិយភូមិ​(​បាក់​ឌុប​) នៅ​ចុងឆ្នាំ​២០២០​នេះ បាន​និយាយថា រយៈពេល​២​ឆ្នាំ​នៃ​ការរៀន​ភាសា​អង់គ្លេស​ដោយ​គិតថ្លៃ​នៅ​សមាគម​ខ្មែរ​ដើម្បី​អភិវឌ្ឍន៍​នេះ គឺ​បានធ្វើឱ្យ​ថុ​នា អាច​ប្រើប្រាស់​ភាសា​អង់គ្លេស​បាន​យ៉ាង​ល្អ ទាំង​ការនិយាយ ស្តាប់ អាន និង​សរសេរ​។ 
 
​ជាមួយនឹង​គ្នា យុវតី​ផល ថុ​នា រំពឹងថា ការប្រឡង​បាក់​ឌុប​នៅ​ឆ្នាំ​២០២០ មុខវិជ្ជា​ភាសា​អង់គ្លេស នឹង​ទទួលបាន​ពិន្ទុ​ល្អប្រសើរ ក្នុងចំណោម​មុខវិជ្ជា​នានា​។ 


 យុវតី ផល ថុ​នា អតីត​សិស្ស​ទទួលបាន​អាហារូបករណ៍​សិក្សា​ភាសា​អង់គ្លេស​ពី​កម្មវិធី English Access Microscholarship នៅ​សហគម​ខ្មែរ​ដើម្បី​អភិវឌ្ឍន៍ កាលពី​ថ្ងៃទី​១​កញ្ញា ឆ្នាំ​២០២០​។​

​កម្មវិធី​អាហារ​រូបករណ៍​ខ្នាតតូច​ផ្នែក​ភាសា​អង់គ្លេស​នេះ បាន​អនុវត្ត​ឡើង​នៅក្នុង​ខេត្ត​នានា​នៃ​ប្រទេស​កម្ពុជា ចាប់តាំងពី​ឆ្នាំ​២០០៤​មក​។ នៅ​ឆ្នាំ​២០១៧ មាន​សិស្ស​ខ្មែរ​ជាង​២០០​នាក់ ក្នុង​ខេត្ត​-​រាជធានី​ចំនួន​៨ បាន​សិក្សា​ភាសា​អង់គ្លេស​តាមរយៈ​កម្មវិធី Access​។  ក្នុងនោះ មាន​ខេត្តបាត់ដំបង កំពង់ឆ្នាំង កំពង់ស្ពឺ កំពង់ធំ ស្ទឹងត្រែង រតនៈគីរី សៀមរាប និង​រាជធានី​ភ្នំពេញ​។ បន្ទាប់មក​កម្មវិធី​នេះ ក៏បាន​ពង្រីក​ដល់​ខេត្តកំពង់ចាម ក្រចេះ បន្ទាយមានជ័យ តាកែវ កំពត និង​ព្រះសីហនុ​។ នេះ​បើតាម​ទិន្នន័យ​ផ្នែក​អប់រំ របស់​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​៕ 
 

Tag:
 សិស្ស​នៅ​ជនបទ​
  អាហា​រូ​ករ​ណ៍​
  លោក W. Patrick Murphy
  កំពង់ស្ពឺ​
© រក្សាសិទ្ធិដោយ thmeythmey.com