អន្តរជាតិ
ចិន ច្រានចោលរបាយការណ៍អាមេរិកដែលថាខ្លួនចង់បង្កើនក្បាលគ្រាប់នុយក្លេអ៊ែរទ្វេដង រូបភាព៖ AFP
× ចិន នៅថ្ងៃទី២ ខែកញ្ញា បានទាត់ចោលរបាយការណ៍មួយរបស់មន្ទីរបញ្ចកោណដែលបានចោទខ្លួនថា ចង់បង្កើនក្បាលគ្រាប់នុយក្លេអ៊ែរទ្វេដង ក្នុងរយៈពេល១០ឆ្នាំ។ បើតាមការអះអាងរបស់ទីក្រុងប៉េកាំង ការចោទរបស់អាមេរិក មានគោលដៅការពារការចំណោយលើយោធាដ៏ច្រើនសន្ធឹកសន្ធាប់របស់ខ្លួនតែប៉ុណ្ណោះ។
តាមរបាយការណ៍សិក្សាប្រចាំឆ្នាំលើកម្លាំងយោធាចិននៅថ្ងៃទី១ ខែកញ្ញា មន្ទីរបញ្ចកោណអាមេរិក បានអះអាងថា កងទ័ពចិនមានសមត្ថភាពស្មើ ឬលើសអាមេរិកលើវិស័យមួយចំនួន។ ជាពិសេស ចិនថែមទាំងចង់បង្កើនក្បាលគ្រាប់នុយក្លេអ៊ែរទ្វេដងក្នុងរយៈពេល១០ឆ្នាំ ខណៈពេលបច្ចុប្បន្នប្រទេសអាស៊ីមួយនេះ មានក្បាលគ្រាប់នុយក្លេអ៊ែរក្រោម ៣០០គ្រាប់ប៉ុណ្ណោះ។ ប៉ុន្តែទីក្រុងប៉េកាំង បានច្រានចោលរបាយការណ៍នេះ និងអះអាងថាអាមេរិក មិនយល់ពីគោលនយោបាយរបស់ខ្លួន។
មិនទុកយូរ ក្រសួងការពារជាតិចិន បានទាត់ចោល ការចោទប្រកាន់របស់មន្ទីរបញ្ចកោណថា «ខុសទាំងស្រុង» និងបកស្រាយខុសពីគោលនយោបាយការពារជាតិ និងយុទ្ធសាស្ត្រយោធារបស់ទីក្រុងប៉េកាំង។ ក្នុងន័យនេះ ចិនបានវាយបកទៅអាមេរិកវិញថា គ្រាន់តែជារបាយការណ៍ បង្ខូចកេរ្តិ៍ឈ្មោះចិនក្នុងការធ្វើទំនើបកម្មកងទ័ព ការចំណាយលើយោធា គោលនយោបាយនុយក្លេអ៊ែរ និងបញ្ហាផ្សេងទៀតតែប៉ុណ្ណោះ។
ក្រៅពីក្រសួងការពារជាតិចិន ក្រសួងការបរទេសចិន ក៏បានច្រានចោលរបាយការណ៍របស់អាមេរិកផងដែរ។ ថ្លែងនៅចំពោះមុខអ្នកសារព័ត៌មាននៅថ្ងៃទី២ ខែកញ្ញា លោកស្រី Hua Chunying អ្នកនាំពាក្យក្រសួងការបរទេសចិន បានអះអាងថា៖ «ចិនតែងតែស្វែងរកគោលនយោបាយការពារជាតិ ហើយអ្នកគ្រប់គ្នា ដឹងថាចិនជាអ្នកស្ថាបនាសន្តិភាពលើពិភពលោក»។
ជាមួយគ្នានេះ លោកស្រី Hua បានបន្ថែមថា ការចំណាយយោធារបស់អាមេរិកគឺច្រើនណាស់ ពោលគឺស្ទើរតែស្មើការចំណាយយោធារបស់ប្រទេសចំនួន១០ ដែល ដែលឈរនៅបន្ទាប់អាមេរិក។ ក្នុងន័យនេះ អ្នកនាំពាក្យចិន ចង់សំដៅថា ការលើកឡើងរបស់អាមេរិក គ្រាន់តែជាលេស ដើម្បីស្វែងរកឧត្តមភាព និងអនុត្តរភាពយោធារបស់ខ្លួនប៉ុណ្ណោះ៕
© រក្សាសិទ្ធិដោយ thmeythmey.com