ជាធម្មតាអាការៈទល់លាមកកើតមានឡើងនៅពេលប្រព័ន្ធរំលាយអាហារ ឬក្រពះពោះវៀនជួបភាពពិបាកក្នុងការរំលាយនិងធ្វើចលនាបណ្ដាលអោយមានការស្ដុកកាកសំណល់មិនបញ្ចេញមកក្រៅរហូតដល់ទៅច្រើនជាង ៣ ថ្ងៃ។ បញ្ហាទល់លាមក គឺមិនមែនជារឿងលេងសើចនោះទេ ខណៈដែលរាងកាយត្រូវការបញ្ចេញកាកសំណល់ដើម្បីជៀសវាងការបង្កទៅជាជាតិពុលផ្ដល់ផលប៉ះពាល់គួរអោយព្រួយបារម្ភក្នុងរាងកាយ រួមទាំងជំងឺឬសដូងបាត និងមហារីកពោះវៀនធំ។ ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗបំបាត់បញ្ហាទល់លាមកឆាប់រហ័ស ៖
១. ទទួលទានតែក្រូចឆ្មារទឹកឃ្មុំ
ឆុងតែមួយពែងដោយបន្ថែមទឹកឃ្មុំនិងទឹកក្រូចឆ្មារស្រស់ចូល។ ទឹកឃ្មុំមានប្រសិទ្ធភាពបន្ទន់លាមកហើយក៏ជួយបន្ថយភាពជូរនៃតែដោយសារក្រូចឆ្មារផងដែរ។ ក្រូចឆ្មារក៏មានលក្ខណៈសម្បត្តិសម្រួលប្រព័ន្ធរំលាយអាហារនិងជួយកម្ចាត់ជាតិពុលចេញពីរាងកាយគួរឱ្យកត់សម្គាល់។
២. ទទួលទានទឹកឱ្យបានច្រើន
លាមកស្ងួតរឹងជាកត្តាចម្បងបំផុតមួយនៃបញ្ហាទល់លាមក ហើយការទទួលទានទឹកឱ្យបានច្រើនគ្រប់គ្រាន់នឹងជួយទប់ស្កាត់បញ្ហាខ្សោះជាតិទឹកក្នុងរាងកាយធ្វើឱ្យលាមកមានភាពទន់។ ទឹកធម្មតានិងទឹកផ្លែឈើស្រស់ៗ គឺជាភេសជ្ជៈដែលប្រសើរបំផុតសម្រាប់ប្រយុទ្ធប្រឆាំងបញ្ហាទល់លាមក។ ចៀសវាងភេសជ្ជៈកាហ្វេអ៊ីននិងភេសជ្ជៈសូដា ឬភេសជ្ជៈកំប៉ុងខណៈដែលភេសជ្ជៈទាំងនេះបញ្ចុះជាតិទឹកចេញពីរាងកាយបង្កបញ្ហាខ្សោះជាតិទឹក។
៣. ទទួលទានអាហារសម្បូរជាតិសសៃ
ជាធម្មតាបញ្ហាទល់លាមកច្រើនតែកើតឡើងដោយសារកង្វះជាតិសសៃដើម្បីសម្រួលដល់ចលនាពោះវៀននិងការរំលាយអាហារ។ ដូច្នេះអ្នកគួរព្យាយាមរួមបញ្ចូលជាតិសសៃយ៉ាងហោចណាស់ពី ២០ ទៅ ៣៥ ក្រាមក្នុងរបបអាហារប្រចាំថ្ងៃដើម្បីចៀសផុតពីបញ្ហាទល់លាមក។
៤. រួមបញ្ចូលយ៉ាអួរក្នុងរបបអាហារប្រចាំថ្ងៃ
យ៉ាអួរមានផ្ទុកសម្បូរទៅដោយប្រូបាយអូទិកដែលជួយទប់ស្កាត់ដោះស្រាយបញ្ហាទល់លាមកបានយ៉ាងប្រសើរ។
៥. ទទួលទានប្រេងអូលីវ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែទទួលទានប្រេងអូលីវពី ១ ទៅ ២ ស្លាបព្រាកាហ្វេនៅពេលព្រឹកពោះទទេរ។ កុំទទួលទានទឹកតាមក្រោយភ្លាម ត្រូវរងចាំយ៉ាងហោចណាស់ ១ ម៉ោងសិន។ បន្តអនុវត្តរូបមន្តនេះរហូតដល់អាការៈទល់លាមកបាត់ទៅទាំងស្រុង៕
ត្រួតពិនិត្យដោយ www.health.com.kh