កីឡាអន្តរជាតិ
អន្តរជាតិ
Di Maria, Paredes និង Neymar ឆ្លង COVID-19 ក្រោយ​ដំណើរ​កម្សាន្ត​លើ​កោះ Ibiza
03, Sep 2020 , 11:00 am        
រូបភាព
Angel Di Maria, Leandro Paredes និង Neymar បានធ្វើ​តេស្ត​ចេញ​លទ្ធផល​វិជ្ជមាន COVID-19 ក្រោយ​កីឡាករ Paris Saint-Germain ទាំង​៣​រូបនេះ ត្រឡប់​ពី​ដំណើរ​កម្សាន្ត​រួមគ្នា​នៅលើ​កោះ Ibiza ក្នុងប្រទេស​អេ​ស្ប៉ា​ញ​កាលពី​ខែសីហា​។ នេះ​បើតាម​ការផ្សាយ​របស់​សារព័ត៌មាន Talk Sport​។​




​យ៉ាងណាក៏ដោយ​ក្លិប PSG បានប្រកាស​នៅលើ​បណ្តាញ​សង្គម​របស់ខ្លួន​ថា​មាន​កីឡាករ​៣​នាក់​ឆ្លង​ជំងឺ​រាតត្បាត​នេះ ប៉ុន្តែ​មិនបាន​បញ្ជាក់​ឈ្មោះ​នរណាម្នាក់​ទេ​។ «​កីឡាករ PSG បីនាក់​ត្រូវបាន​បញ្ជាក់ថា​បានធ្វើ​តេស្ត​វិជ្ជមាន COVID-19 ហើយ​សព្វថ្ងៃ​កំពុង​ដាក់​ឲ្យ​នៅ​ដាច់ដោយឡែក និង​ព្យាបាល​។ កីឡាករ និង​បុគ្គលិក​ក្លិប​ទាំងអស់ នឹងត្រូវ​បន្តធ្វើ​តេស្ត​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាងមុខ​ទៀត​»​។ នេះ​បើតាម​សេចក្តីប្រកាស​របស់​ក្លិប​យក្ស​បារាំង​។​
 
​ក្រោយ​ខកចិត្ត​ក្រោយ​ចាញ់ Bayern Munich នៅ​វគ្គ​ផ្តាច់ព្រ័ត្រ Champions League ក្តី កីឡាករ​មួយចំនួន​ដែល​គេ​ជឿជាក់ថា​មាន​ខ្សែបម្រើ​អា​ហ្ស​ង់​ទីន Di Maria និង Paredes រួមទាំង​តារា​ឆ្នើម​សញ្ជាតិ​ប្រេ​ស៊ី​ល Neymar នោះបាន​ទៅ​កម្សាន្ត​រួមគ្នា​នៅលើ​កោះ Ibiza ។ Ibiza ជា​កោះ​ដ៏​ល្បីល្បាញ​របស់​ប្រទេស​អេ​ស្ប៉ា​ញ​។​
 
​ដោយសារ​អ្នក​ទាំងបី​ឆ្លង COVID-19 ដូច្នេះ​ពួកគេ​នឹងត្រូវ​អវត្តមាន​នា​ជំនួប​បើកឆាក​ក្របខណ្ឌ Ligue1 រវាង​ក្រុម​ម្ចាស់​ការពារ​ជើងឯក PSG និង​ក្រុម Lens នៅ​ថ្ងៃទី​១០ ខែកញ្ញា​៕

Tag:
 Paris Saint-Germain
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com