ជាតិ
ប្រធាន​ផ្នែក​ដោះស្រាយ​វិវាទ ស្នើ​ឲ្យ​កម្មករ​និង​ក្រុមហ៊ុន​ភូមិ​វប្បធម៌​ចរចា​គ្នា ដើម្បី​បញ្ចៀស​ការរំខាន​ភ្ញៀវទេសចរ​
03, Sep 2020 , 12:10 pm        
រូបភាព
បុគ្គលិករបស់ក្រុមហ៊ុនភូមិវប្បធម៌  ដែលតវ៉ា នៅខាងមុខភូមិវប្បធម៌ ក្នុងក្រុងសៀមរាប កាលពីថ្ងៃទី២២ សីហា។ (រូបផ្ដល់ដោយលោក លឹម សុផា ប្រធានសហជីពកម្មករភូមិវប្បធម៌)
បុគ្គលិករបស់ក្រុមហ៊ុនភូមិវប្បធម៌ ដែលតវ៉ា នៅខាងមុខភូមិវប្បធម៌ ក្នុងក្រុងសៀមរាប កាលពីថ្ងៃទី២២ សីហា។ (រូបផ្ដល់ដោយលោក លឹម សុផា ប្រធានសហជីពកម្មករភូមិវប្បធម៌)
​ភ្នំពេញ​៖ ប្រធានការិយាល័យ​ដោះស្រាយ​វិវាទ​ការងារ​ខេត្តសៀមរាប​លោក ផេង ឆេង​លី ស្នើ​ឲ្យ​ក្រុមកម្មករ និង​ក្រុមហ៊ុន​ភូមិ​វប្បធម៌​ចរចា​គ្នា ជៀសវាង​បង្ក​ការរំខាន​ដល់​អ្នកដទៃ​និង​ប៉ះពាល់​កិត្តិយស​រៀងខ្លួន​។ ការលើកឡើង​បែបនេះ ដោយសារ​លោក​ឃើញ​ភាគី​ទាំងពីរ​គ្មាន​ដំណោះស្រាយ​សមស្រប​ណាមួយ រួមទាំង​បង្ក​សំឡេង​រំខាន​ដល់​ភ្ញៀវទេសចរ​។


​កម្មករ​ក្រុមហ៊ុន​ភូមិ​វប្បធម៌ ដែល​រង​ផលប៉ះពាល់​ដោយសារ​ការ​កាត់​ប្រាក់​ឈ្នួល បាននាំគ្នា​តវ៉ា រួមទាំង​ប្រើ​ឧបករណ៍​កងរំពង​រំខាន ដល់​ក្រុមហ៊ុន និង​ភ្ញៀវទេសចរ​នៅ​តំបន់​នោះ តាមរយៈ​ការចាក់​សំឡេង​ហែសព កាលពី​ថ្ងៃទី​២ កញ្ញា​។​មេ​សហជីព​របស់​កម្ម​ករ​ក្រុមហ៊ុន​ភូមិ​វប្បធម៌ លោក លឹម សុ​ផា បាន​ឆ្លើយតប​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ការចាក់​សំឡេង​ហែសព​នេះ គឺ​ចង់បង្ហាញ​ពី​ភាពមិន​សប្បាយចិត្ត​នូវ​ការបាត់បង់​សិទ្ធិសេរីភាព​និង​អត្ថប្រយោជន៍​របស់ខ្លួន​។ ជាមួយគ្នា​ដែរ លោក អះអាងថា ភាគី​ក្រុមហ៊ុន​ក៏បាន​យក​ឧបករណ៍​បន្លឺសំឡេង​បើក​ចម្រៀង​ខ្លាំងៗ​ប្រណាំងប្រជែង​ជាមួយ​ក្រុម​លោក​វិញ​ដែរ​។ 
 
​ភាគី​បុគ្គលិក​ដែល​កំពុង​បម្រើ​ការងារ​នៅ​ភូមិ​វប្បធម៌​សុំ​មិន​បញ្ចេញ​ឈ្មោះ អះអាង​ប្រាប់​សារព័ត៌មាន​ថ្មីៗ​នៅ​ថ្ងៃទី​២ កញ្ញា​តាម​ទូរស័ព្ទ​ថា សកម្មភាព​ទាមទារ​និង​បង្ក​សំឡេង តាមរយៈ​ការចាក់​ភ្លេង​ហែសព​នេះ គឺ​ធ្វើ​ឲ្យ​ប៉ះពាល់​កិត្តិយស​របស់​ក្រុមហ៊ុន​ភូមិ​វប្បធម៌​។ 
 
​លោក​ថ្លែងថា​៖ «​កន្លងមក​ក្រុមហ៊ុន​មិនដែល​បញ្ឈប់​បុគ្គលិក​ឡើយ​នៅ​អំឡុងពេល​កូ​វីដ​-១៩​នេះ គឺ​គ្រាន់តែ​កាត់​ប្រាក់​ឈ្នួល​២០​ភាគរយ​និង​ថ្លៃ​អាហារ​ប្រចាំថ្ងៃ​ប៉ុណ្ណោះ​។ ការ​កាត់​ប្រាក់​នេះ ក្រុមហ៊ុន​ក៏បាន​បន្ថយ​ម៉ោង​ធ្វើការ​១​ម៉ោង​កន្លះ​ដែរ ហើយ​កាត់​ប្រាក់ខែ​តែ​អ្នកទទួលបាន​ប្រាក់ខែ​២០០​ដុល្លារ​ឡើង​ប៉ុណ្ណោះ​។ ក្នុងដំណាក់កាល​រង​វិបត្តិ​កូ​វីដ​-១៩​នេះ ក្រុម​អ្នក​ទាមទារ​គួរ​យល់​ដល់​ក្រុមហ៊ុន​ផង​»​។ 
 
​ជាមួយគ្នា​ដែរ លោក​បន្ថែមថា ភាគី​ក្រុមហ៊ុន​ក៏បាន​ចេញ​លិខិត​ឲ្យ​បុគ្គលិក​ដែល​តវ៉ា​ចូល​បំពេញការងារ​វិញ ប៉ុន្តែ​ក្រុម​អ្នក​ទាមទារ​មិន​ព្រម​។ បើតាម​បុគ្គលិក​កំពុងធ្វើការ​នៅ​ក្រុមហ៊ុន​ភូមិ​វប្បធម៌​រូបនេះ បាន​បញ្ជាក់ថា ក្រុមហ៊ុន​បានកំណត់​ថ្ងៃ​ចរចា​ហើយ គឺ​ថ្ងៃទី​៩ ខែកញ្ញា​ខាងមុខ​។​
 
​ពាក់ព័ន្ធ​នឹង​វិវាទ​នេះ ប្រធានការិយាល័យ​ដោះស្រាយ​វិវាទ​ការងារ​ខេត្តសៀមរាប​លោក ផេង ឆេង​លី បញ្ជាក់ថា កន្លងមក​ក្រុមការងារ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល និង​អាជ្ញាធរ​ខេត្តសៀមរាប បាន​ចុះ​សម្របសម្រួល​ហើយ តែ​ភាគី​ទាំងពីរ​នៅតែ​មិន​ត្រូវរ៉ូវ​គ្នា ទើប​បណ្ដាល​ឲ្យ​រឿងនេះ​នៅ​អូសបន្លាយ​។ 
 
«​ការដាក់​សំឡេង​ប្រណាំងប្រជែង​គ្នា​នេះ បើ​ភាគី​ទាំងពីរ​មិនបាន​សុំច្បាប់​អនុញ្ញាត​គឺ​ខុស​ទាំងសងខាង​។ ភាគី​ទាំងពីរ​គួរ​ចូល​ចរចា​គ្នា​តាម​សន្តិវិធី មិនគួរ​បណ្ដោយ​ឲ្យ​មាន​សកម្មភាព​ទាមទារ​មិន​ចប់​មិន​ហើយ​ឡើយ ការមិន​ព្រម​ជជែក​សម្រួល​គ្នា​វា​មានតែ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​រៀងខ្លួន​និង​បង្ក​ការរំខាន​ដល់​អ្នកដទៃ​»​។ នេះ​បើតាម​ការលើកឡើង​រប​ស់លោក ឆេង​លី​។​
 
​ទាក់ទង​នឹង​ការចាក់​សំឡេង​រំខាន​ឌឺដង​គ្នា​ទៅវិញទៅមក​រវាង​ភាគី​ក្រុមកម្មករ​តវ៉ា និង​ក្រុមហ៊ុន​នេះ ក៏ត្រូវ​បាន​អាជ្ញាធរ​ខេត្តសៀមរាប ចុះ​ថត​យក​រូបភាព និង​ណែនាំ​ពួកគេ​ផងដែរ​។ អភិបាលក្រុង​សៀមរាប លោក នួន ពុទ្ធា​រ៉ា អះអាងថា ក្រុម​ទាំងពីរ​នេះ មិនបាន​សុំ​សិទ្ធិ​អនុញ្ញាត​បន្លឺសំឡេង​ឡើយ ។ លោក​បន្តថា ប្រសិនបើ​មាន​ភាគី​ណាមួយ មិន​អនុវត្តតាម​ការណែនាំ​នេះ​ទេ អាជ្ញាធរ​នឹង​អនុវត្តតាម​នីតិវិធី​ច្បាប់​។ 
 
​ក្រោយ​ការព្រមាន​ណែនាំ​ពី​អាជ្ញាធរ​នេះ ក្រុមកម្មករ​ដែល​បន្ត​នាំគ្នា​តវ៉ា លែង​ធ្វើ​សកម្មភាព​ចាក់​សំឡេង​រំខាន​គ្នា​ទៀតហើយ ខណៈ​ភាគី​ក្រុមហ៊ុន​បន្តធ្វើ​ការងារ​ធ​ម្ម​តា នៅ​ថ្ងៃទី​៣ កញ្ញា​នេះ​។​
 
​គួររម្លឹកថា បុគ្គលិក​ប្រមាណ​៦០​នាក់​របស់​ក្រុមហ៊ុន​ភូមិ​វប្បធម៌ បាននាំគ្នា​ទៅ​តវ៉ា​ជាថ្មី​នៅមុខ​ក្រុមហ៊ុន​តាំងពី​ថ្ងៃទី​១៤​សីហា ដើម្បី​ទាមទារ​ឲ្យ​ក្រុមហ៊ុន​ដោះស្រាយ​បញ្ហា​៣​ចំណុច​ដល់​ពួកគេ​។ ពួកគេ​ទាមទារ​ឲ្យ​ក្រុមហ៊ុន កំណត់ពេល​ចរចា​អនុសញ្ញា​រួមជាមួយ​សហជីព​ឲ្យ​ជាក់លាក់​, សង​ប្រាក់​២០​ភាគរយ​នៃ​ប្រាក់​ឈ្នួល​ដែល​ក្រុមហ៊ុន​បាន​កាត់ និង​ប្រាក់​អាហារ​ប្រចាំថ្ងៃ និង​រក្សា​ការិយាល័យ​សិល្បៈ និង​តួនាទី​របស់​កម្មករនិយោជិត​នៅ​ដដែល​។ តំណាង​បុគ្គលិក​ដែល​លើកគ្នា​មក​តវ៉ា​នោះ អះអាងថា ពួកគេ​នឹង​បន្ត​តវ៉ា លើក​បដា​ទាមទារ​នៅមុខ​ក្រុមហ៊ុន ទាល់​តែមាន​ដំណោះ​ណាមួយ​ដែល​ខ្លួន​អាច​ទទួលយកបាន​៕ 
 

Tag:
 វិវាទ​
  ភូមិ​វប្បធម៌
© រក្សាសិទ្ធិដោយ thmeythmey.com