អន្តរជាតិ
ខួប​៧៥​ឆ្នាំ​ជ័យជម្នះ​លើ​ជប៉ុន​៖ លោក ស៊ី រំឭក​ការលះបង់​របស់​ចិន​-​រុស្ស៊ី និង​តួនាទី​លើ​ពិភពលោក​
03, Sep 2020 , 2:02 pm        
រូបភាព
ប្រធានាធិបតីចិន ស៊ី ជិនភីង ចាប់ដៃសមភាគីរុស្ស៊ី វ៉្លាឌីមៀ ពូទីន នាជំនួបកន្លងមក។ រូបភាព Xinhua
ប្រធានាធិបតីចិន ស៊ី ជិនភីង ចាប់ដៃសមភាគីរុស្ស៊ី វ៉្លាឌីមៀ ពូទីន នាជំនួបកន្លងមក។ រូបភាព Xinhua
​ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង បាន​និយាយ​នៅ​ថ្ងៃទី​៣ ខែកញ្ញា ថា លោក​ត្រៀមខ្លួន​ធ្វើការ​ជាមួយ​សម​ភាគី​រុស្ស៊ី វ្ល៉ា​ឌី​មៀ ពូ​ទីន ដើម្បី​ការពារ​ជ័យជម្នះ​សង្គ្រាមលោកលើកទីពីរ យុត្តិធម៌ និង​ជំរុញ​សន្តិភាព​ពិភពលោក​។ បើតាម​មេដឹកនាំ​ចិន​រូបនេះ មហាអំណាច​ទាំងពីរ​មានការ​ទទួលខុសត្រូវ​លើ​ការអភិវឌ្ឍ និង​គាំពារ​ប្រព័ន្ធ​ពហុភាគី​និយម​។​

 
​ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង និង​ប្រធានាធិបតី​រុស្ស៊ី វ្ល៉ា​ឌី​មៀ ពូ​ទីន បាន​ផ្លាស់ប្ដូរ​លិខិត​ទៅវិញទៅមក​នៅ​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០២០ ដើម្បី​អបអរ​ខួប​ទី​៧៥​ឆ្នាំ​ជ័យជម្នះ​ក្នុង​សង្គ្រាមលោកលើកទីពីរ​។ ក្នុង​សារ​ទៅកាន់​លោក ពូ​ទីន លោក ស៊ី បាន​រំឭក​ពី​ការលះបង់​របស់​ប្រទេស​ទាំងពីរ​ក្នុង​តទល់​ទាហាន​ជប៉ុន​ក្នុងពេល​សង្គ្រាម និង​តួនាទី​សម្រាប់​ពេលបច្ចុប្បន្ន និង​ថ្ងៃ​ខាងមុខ​។​
 
​សង្គ្រាមលោកលើកទីពីរ​ផ្ទុះ​នៅ​ឆ្នាំ​១៩៣៩ និង​បញ្ចប់​ទៅវិញ​នៅ​ឆ្នាំ​១៩៤៥ ។ អំឡុង​ពេលនេះ មេដឹកនាំ​ចិន​ប្រាប់​សម​ភាគី​រុស្ស៊ី​ថា សង្គ្រាម​ដែល​សាយភាយ​នៅ​អាស៊ី អឺរ៉ុប និង​អូ​សេ​អា​នី​ជាដើម​នោះ បានសម្លាប់​ជីវិត​ទាំង​យោធា និង​ស៊ីវិល​ច្រើនជាង​មួយរយ​លាន​នាក់ ហើយ​រុស្ស៊ី និង​ចិន​ដែលជា​សមរភូមិ​សំខាន់ បាន​លះបង់​ឥត​គណនា និង​បានរួម​ចំណែក​ជា​ប្រវត្តិសាស្ត្រ​ដើម្បី​ជ័យជម្នះ​នេះ​។ នេះ​បើតាម​ការផ្សាយ​របស់​ទូ​រទស្ស​ន៍​រដ្ឋ​ចិន CGTN ។​
 
«​នៅថ្ងៃនេះ​៧៥​ឆ្នាំមុន សង្គ្រាម​ប្រជាជន​ចិន​ប្រឆាំង​ការឈ្លានពាន​របស់​ជប៉ុន និង​សង្គ្រាម​សហភាពសូវៀត​ប្រឆាំង​ជប៉ុន ទទួលជោគជ័យ ដែល​នាំ​ដល់​ជោគជ័យ​នៃ​សង្គ្រាម​ប្រឆាំង​ហ្វា​ស៊ី​សរ​បស់​ពិភពលោក​។​» លោក ស៊ី បញ្ជាក់​បែបនេះ​ក្នុង​លិខិត​របស់ខ្លួន​។ ប្រមុខរដ្ឋ​ចិន​បន្តថា ជា​សមាជិក​អចិន្ត្រៃយ៍​ក្រុមប្រឹក្សាសន្តិសុខ ចិន និង​រុស្ស៊ី​មានការ​ទទួលខុសត្រូវ​សំខាន់​ក្នុង​ការជំរុញ​សន្តិភាព និង​ការអភិវឌ្ឍ​លើ​ពិភពលោក​។ 
 
​ដោយឡែក​ក្នុង​សារ​ផ្ញើ​ឲ្យ​លោក ស៊ី វិញ លោក ពូ​ទីន បញ្ជាក់ថា វា​ជា​រឿង​ធម្មតា​ដែល​រុស្ស៊ី និង​ចិន​ត្រូវការពារ​ការពិត​នៃ​ប្រវត្តិសាស្ត្រ​សង្គ្រាមលោកលើកទីពីរ ហើយ​ស្នើ​ឲ្យ​ប្រទេស​ទាំងពីរ​ប្រឆាំង​ការប៉ុនប៉ង​ការទាត់ចោល​លទ្ធផល​ជោគជ័យ​នេះ​។ មេដឹកនាំ​រុស្ស៊ី ទំនងជា​ចង់​និយាយ​សំដៅ​ប្រទេស​អឺរ៉ុប និង​អាមេរិក ដែល​ដឹកនាំ​រណសិរ្ស​ខាងលិច​ក្នុងការ​កម្ចាត់​ហ្វា​ស៊ី​ស​អាល្លឺម៉ង់​។ កន្លងទៅ សម្ព័ន្ធមិត្ត​ខាងលិច​នេះ បាន​អះអាង​ពី​ការលះបង់​របស់ខ្លួន​ក្នុង​ជ័យជម្នះ​នេះ ដោយ​មិនសូវ​លើក​តម្លៃ​ភាគី​ផ្សេង​ឡើយ​។​
 
​ជាមួយគ្នានេះ លោក ពូ​ទីន ក៏​ប្រកាស​ពី​ឆន្ទៈ​របស់​រុស្ស៊ី​ក្នុងការ​ចាប់ដៃ​ជាមួយ​ចិន​ទប់ស្កាត់​សង្គ្រាម និង​ជម្លោះ ព្រមទាំង​ធានា​ស្ថិរភាព និង​សន្តិសុខ​ពិភពលោក​៕
 
 

Tag:
 ចិន​
  រុស្ស៊ី​
  ស៊ី ជិន​ភីង​
  វ្ល៉ា​ឌី​មៀ ពូ​ទីន
© រក្សាសិទ្ធិដោយ thmeythmey.com