កីឡាជាតិ
ជាតិ
សិក្ខាកាម​៣៥​រូប ទទួលបាន​ការបណ្តុះបណ្តាល​ពី​គ្រូបង្វឹក​ប្រដាល់សកល​អន្តរជាតិ​
03, Sep 2020 , 7:29 pm        
រូបភាព
 លោក Russell Stutely (អាវខៀវ)ពេលបង្ហាត់អនុវត្តជាក់ស្តែងដល់សិក្ខាកាមនៅទីស្នាក់ការសហព័ន្ធក្នុងពហុកីឡដ្ឋានជាតិ
លោក Russell Stutely (អាវខៀវ)ពេលបង្ហាត់អនុវត្តជាក់ស្តែងដល់សិក្ខាកាមនៅទីស្នាក់ការសហព័ន្ធក្នុងពហុកីឡដ្ឋានជាតិ
ដោយ:
​សិក្ខាកាម​ជាង​៣០​រូប​មកពី​តាម​បណ្តា​ក្លិប​រាជធានី​ខេត្ត​ទទួលបាន​ការបណ្តុះបណ្តាល​បច្ចេក​បង្វឹក​កីឡាប្រដាល់​សកល​ពី​គ្រូបង្វឹក Russell Stutely ដែលជា​អ្នកជំនាញ​បង្វឹក​កីឡាប្រដាល់​សកល​មកពី​ប្រទេស​អង់គ្លេស​។ វគ្គ​បណ្តុះបណ្តាល​គ្រូបង្វឹក​កីឡា​ប្រដាល់សកល​កម្រិត​មូលដ្ឋាន​នេះ ធ្វើឡើង​ក្នុង​គោលបំណង ដើម្បី​ពង្រឹង និង​បង្កើន​ការយល់ដឹង​ដល់​គ្រូបង្វឹក​នៅតាម​បណ្តា​ក្លិប​សមាគម​នានា​។

 
​លោក ប៊ុ​យ សុ​ភ័​ណ្ឌ អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ប្រដាល់សកល​កម្ពុជា​បាន​និយាយថា នេះ​ជា​លើក​ទី​ពីរ​ហើយ ដែល​សហព័ន្ធ​បានរៀបចំ​វគ្គ​បណ្តុះបណ្តាល​គ្រូបង្វឹក​កម្រិត​មូលដ្ឋាន​នេះ​ឡើង​។ ប៉ុន្តែ​វា​លើក​ទី​១ ដែល​វគ្គ​នេះ​មាន​គ្រូឧទ្ទេស​ជា​ជនជាតិ​បរទេស ដ្បិត​ការរៀបចំ​លើក​ទី​១​កាលពី​ឆ្នាំ​២០១៩ គ្រូឧទ្ទេស​ជា​ជនជាតិ​កម្ពុជា​។​
 

 លោក ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា

​វគ្គ​បណ្តុះបណ្តាល​ដែល​ធ្វើឡើង​ចន្លោះ​ពីថ្ងៃ​ទី​១-៤ ខែកញ្ញា ឆ្នាំ​២០២០ មាន​សិក្ខាកាម​ចូលរួម​ចំនួន​៣៥​រូប​។ សិក្ខាកាម​ទាំងនេះ​ភាគច្រើន​មកពី​ក្លិប​សមាគមន​មាន​មូលដ្ឋាន​នៅ​រាជធានី​ភ្នំពេញ និង​មួយចំនួន​មកពី​ខេត្តកំពង់ឆ្នាំង ព្រៃវែង និង​ខេត្តកំពត​។ គ្រូឧទ្ទេស​ក្នុង​វគ្គ​នេះ​មាន​ចំនួន​បី​រូប គឺ​លោក Russell Stutely មកពី​ចក្រភព​អង់គ្លេស​, លោក ឆឹង យ៉ៅ​យ៉េន ប្រធាន​សហព័ន្ធ និង​លោក មាស វុ​ឌ្ឍី អនុប្រធាន​សហព័ន្ធ​។ 
 
​បើតាម​លោក ប៊ុ​យ សុ​ភ័​ណ្ឌ លោក Russell Stutely ដែលជា​អ្នកជំនាញ​បង្វឹក​កីឡា​ប្រដាល់សកល​លំដាប់​អន្តរជាតិ​នឹង​បង្ហាត់បង្រៀន​ពី​បច្ចេកទេស​បង្វឹក​សិស្ស ដែល​ធ្វើឡើង​ទាំង​ទ្រឹស្តី និង​អនុវត្ត​។ ចំណែក​លោក ឆឹង យ៉ៅ​យ៉េន បង្រៀន​ពី​ក្រមសីលធម៌​កីឡាករ គ្រូបង្វឹក ខណៈ​លោក​វេជ្ជបណ្ឌិត មាស វុ​ឌ្ឍី បង្រៀន​ពី​អាហារូបត្ថម្ភ និង​របប​អាហារ​របស់​កីឡាករ​។ 
 

លោក ឆឹង យ៉ៅយ៉េន (កណ្តាល)ពេលធ្វើជាអធិបតីក្នុងពិធីបើកការវគ្គបណ្តុះបណ្តាលគ្រូបង្វឹកកីឡាប្រដាល់សកលកម្រិតមូលដ្ឋាននៅ NOCC

​វគ្គ​បណ្តុះបណ្តាល​នេះ ធ្វើឡើង​ក្នុង​គោលបំណង ដើម្បី​បង្កើន​ចំនួន​គ្រូបង្វឹក​កម្រិត​មូលដ្ឋាន​នៅតាម​ក្លិប​-​សមាគម និង​ឲ្យ​ពួកគេ​យល់ដឹង​ពី​របៀប និង​បច្ចេកទេស​បង្វឹក​សិស្ស​ឲ្យ​កាន់តែច្បាស់​។ ជាពិសេស ដើម្បី​បណ្តុះ​ធនធាន​កីឡាករ​ប្រដាល់សកល​ឲ្យ​មាន​កាន់តែច្រើន សម្រាប់​ឆ្ពោះទៅ​ស៊ី​ហ្គេម​ឆ្នាំ​២០២៣៕ 
 

Tag:
 ប្រដាល់សកល​
  ប៊ុ​យ សុ​ភ័​ណ្ឌ
© រក្សាសិទ្ធិដោយ thmeythmey.com