សង្គមអន្តរជាតិ​
អន្តរជាតិ
ឥណ្ឌា បិទ App ចិន​ចំនួន ១១៨​បន្ថែមទៀត ក្នុងនោះ​មាន​ហ្គេម PUBG ដែរ​
03, Sep 2020 , 8:29 pm        
រូបភាព
ហ្គេមPUBG ដែលលេងលើទូរសព្ទ។ រូបភាព៖ Getty Image
ហ្គេមPUBG ដែលលេងលើទូរសព្ទ។ រូបភាព៖ Getty Image
​ឥណ្ឌា នៅ​ថ្ងៃទី​២ ខែកញ្ញា បានសម្រេច​ហាមឃាត់​ប្រើប្រាស់​កម្មវិធី​ចិន (Application ឬ​App) លើ​ទូរ​សព្ទ​ចំនួន​១១៨ បន្ថែមទៀត ដោយសារតែ​បារម្ភ​ពី​បញ្ហា​សន្តិសុខ​ជាតិ និង​លួច​ផ្ទេរ​ទិន្នន័យ​អ្នកប្រើប្រាស់​ដោយ​សម្ងាត់​។ នេះ​បើតាម​សេចក្តីថ្លែងការណ៍​របស់​ក្រសួង​អេឡិចត្រូនិក និង​បច្ចេកវិទ្យា​ព័ត៌មាន​ឥណ្ឌា​។


​កន្លងមក ឥណ្ឌា​មាន​ហាម​កម្មវិធី​ទូរ​សព្ទ​ចំនួន​៥៩​រួចមកហើយ ដែល​ក្នុងនោះ​រួមមាន​កម្មវិធី​កម្សាន្ត TikTok ផងដែរ មិន​ឲ្យ​ប្រើប្រាស់​នៅក្នុង​ទឹកដី​ឥណ្ឌា​ឡើយ ដោយ​ផ្អែកលើ​ហេតុផល ប៉ះពាល់​ដល់​អធិបតេយ្យ វិស័យ​ការពារជាតិ ការរក្សាសន្តិសុខ និង​សណ្ដាប់ធ្នាប់​ឥណ្ឌា​។ រហូតដល់​ថ្ងៃទី​២ ខែកញ្ញា ឥណ្ឌា​បានប្រកាស​ហាម​ប្រើប្រាស់​កម្មវិធី​ទូរ​សព្ទ ចិន​ចំនួន ១១៨​បន្ថែមទៀត ក្នុងនោះ​ក៏មាន​ហ្គេម PUBG ផងដែរ​។ 
 
​តាម​សេចក្តីថ្លែងការណ៍​របស់ ក្រសួង​អេឡិចត្រូនិក និង​បច្ចេកវិទ្យា​ព័ត៌មាន ឥណ្ឌា​បានសម្រេច​ហាមឃាត់​App ទាំងនេះ ដោយសារ​យល់ឃើញថា​ក​ម្ម​វិធី​ទាំងនោះ គឺមាន​ទាក់ទិន​នឹង​សកម្មភាព ដែល​ធ្វើ​ឲ្យ​ប៉ះបាល់​ដល់​អធិបតេយ្យ ប្រព័ន្ធ​ការពារជាតិ សន្តិសុខ​ជាតិ និង​សណ្តាប់ធ្នាប់​សាធារណៈ​របស់​ឥណ្ឌា​ជាដើម​។ នេះ​បើតាម​ការចុះផ្សាយ​របស់​កាសែត South China Morning Post​។ 
 
«​ក្រសួង​អេ​ឡិច​ត្រូ​និ​ច និង​បច្ចេកវិទ្យា​ព័ត៌មាន បានទទួល​ការ​ត្អូញត្អែរ​ជាច្រើន​មកពី​ប្រភព​ផ្សេងៗ​គ្នា រួមមាន​ទាំង​ការរាយការណ៍​ជុំវិញ​កម្មវិធី ដែល​មិនបាន​ប្រើប្រាស់​មួយចំនួន មាន​នៅលើ​ប្រព័ន្ធ Android និង IOS ជុំវិញ​ការ​លួច និង​ផ្ទេរ​ទិ​ន្ទ​ន័យ​អ្នកប្រើប្រាស់​យ៉ាង​សម្ងាត់ ទៅ​ទីតាំង​ក្រៅប្រទេស​ឥណ្ឌា​»​។ នេះ​ជាការ​បញ្ជាក់​របស់​ក្រសួង​ដដែល​។​
 
​ក្រៅពី​ហ្គេម PUGB Mobile, កម្មវិធី​ទូទាត់​ប្រាក់ Alipay, ហ្គេម MARVEL Super War, កម្មវិធី Taobao របស់​ក្រុមហ៊ុន Alibaba សុទ្ធ​តែមាន​វត្តមាន ក្នុង​បញ្ជី​ហាមឃាត់​លើ​នេះ​។ 
 
​កន្លងទៅ​ឥណ្ឌា បាន​ហាមឃាត់​កម្មវិធី​ដូចជា TikTok, WeChat, Weibo, Bigo Live, Baidu map, UC Browser និង​ហ្គេម​អន​ឡាញ Mobile Legends​។ កម្មវិធី​ខាងលើនេះ គឺមាន​អ្នកប្រើប្រាស់​ជាច្រើន​លាន​នាក់ នៅក្នុង​ប្រទេស​ឥណ្ឌា​៕ 

Tag:
 ចិន​
  ឥណ្ឌា
© រក្សាសិទ្ធិដោយ thmeythmey.com