ពីនេះ ពីនោះ
រូបត្លុក
រឿងរ៉ាវស្រ្តីបង្ហាញកេរខ្មាស៖ រវាងច្បាប់ សិទ្ធិ និងក្រមសីលធម៌
03, Sep 2020 , 3:17 pm        
រូបភាព
ដោយ: ថ្មីៗ
ក្លើ សុធីរ និងសំណាង ខកខានមិនសូវបានជជែកគ្នាច្រើនរឿងរ៉ាវសង្គមទេក្នុងរយៈពេលចុងក្រោយនេះ ព្រោះ មិត្តទាំងពីររវល់ការងាររៀងៗខ្លួនច្រើនពេក។ គ្រាន់តែស្បើយពីការងារបន្តិច មិត្តភក្តិទាំងពីរចាប់ផ្តើមលើកយករឿងរ៉ាវស្រ្តីមួយចំនួនដែលប្រើប្រាស់បណ្តាញសង្គមដើម្បីធ្វើជំនួញដោយបង្ហាញកេរខ្មាស មកជជែកគ្នានៅតុកាហ្វេឡើងវិញ។ តើការបង្ហាញដងខ្លួនជ្រុលហួសហេតុជាយុទ្ធសាស្រ្តទីផ្សារ និងការលក់មែនឬទេ?

 
សុធីរ៖ ការលក់ អនឡាញ បង្ហាញរាងកាយតិចតួចដើម្បីលក់ទំនិញឲ្យដាច់មានអីខុសទៅ? 
 
សំណាង៖ បើបង្ហាញតិចតួច ដូចជា មិនអីទេ។ តែអ្វីដែលគេបង្ហាញ ដូចជា មិនតិចតួចទេវ៉ើយ។ បង្ហាញរាងកាយសាហាវណាស់វ៉ើយ។ ពេលខ្លះ សូម្បីតែអញក៏មិនហ៊ានមើលដែរ ព្រោះអញខ្លាចប្រពន្ធអញស្តីឲ្យ ម្យ៉ាង។ ម្យ៉ាងទៀត អញឃើញគេបង្ហាញខ្លួនគេហ្នឹង អញខ្លាចតែម្តង ព្រោះ វាសាហាវពេក។ សាហាវ សឹងតែអញមិនអាចពិពណ៌នាបាន។ 
 
សុធីរ៖ អាហ្នឹងជាសិទ្ធិរបស់គេតើ! វាមានអីខុស? ដងខ្លួនគេ សិទ្ធិគេតើ! (Their body, their right)! 
 
សំណាង៖ ថា អញដឹងហើយ វាជាសិទ្ធិរបស់គេ។ តែវាប៉ះពាល់ដល់ប្រពៃណី ទំនៀមទម្លាប់ខ្មែរណ៎ា អា សុធីរ! 
 
សុធីរ៖ តែមិនមានច្បាប់ណាហាមឃាត់ការបង្ហាញដងខ្លួនហ្នឹងផង។ ម្យ៉ាងទៀត វាជាសិទ្ធិបុគ្គលតើ! 
 
សំណាង៖ អញយល់ហើយថា វាជាសិទ្ធិសេរីភាពបុគ្គល។ ម្យ៉ាងទៀត អារឿងស្លៀកពាក់បញ្ចេញកេរខ្មាសនេះមិនមានច្បាប់ហាមឃាត់ទេ។ តែទោះជាយ៉ាងណា រឿងនេះ វាទាក់ទងនឹងក្រមសីលធម៌ខ្លះដែរសំឡាញ់ សុធីរ។ អ្ហែងត្រូវយល់ចំណុចមួយឲ្យច្បាស់ណ៎ា អា សុធីរ, នោះ គឺក្រមសីលធម៌។ ក្រមសីលធម៌ មិនមែនជាច្បាប់ទេ តែវា គឺជាវិន័យ ក្បួនខ្នាត បទបញ្ជា វិធាន កាតព្វកិច្ចសម្រាប់គ្រប់គ្រងអាជីពណាមួយ ឬក្រុមបុគ្គលណាមួយក្រុម។ ទោះបីកម្រិតដោយច្បាប់ ឬមិនកម្រិត ក្រមសីលធម៌ គឺជាសីលធម៌នៃអាជីពមួយ។ ជួនកាល ក្រមសីលធម៌ត្រូវបានគេចែងនៅក្នុងច្បាប់ផងដែរ។ ច្បាប់ចាប់បង្ខំឲ្យបុគ្គលគ្រប់រូបគោរព បើមិនគោរព បុគ្គលនោះ ត្រូវទទួលទោស រីឯក្រមសីលធម៌វិញ បើបុគ្គលធ្វើខុស បុគ្គលនោះគ្មានទោសផ្លូវច្បាប់ទេ តែបុគ្គលនោះមានទោសផ្នែកសីលធម៌ពីមជ្ឈដ្ឋានសង្គម។ 
 
ត្រឡប់មកនិយាយរឿងអ្នកលក់តាមអនឡាញបង្ហាញកេរខ្មាសដើម្បីលក់ផលិតផលឲ្យដាច់វិញ ច្បាប់មិនបានចែងកម្រិតពីរឿងនេះមែន តែបើផ្អែកលើទឡ្ហីកម្មក្រមសីលធម៌សង្គមវិញ ស្រ្តីទាំងនោះ ទទួលរងនូវការស្តីបន្ទោសពីសង្គមខ្មែរ ដែលពលរដ្ឋភាគច្រើនស្រឡាញ់ឥរិយាបថបែបស្រគត់ស្រគំ។ ការធ្វើទីផ្សារ ឬការជំរុញការលក់ដោយបង្ហាញកេរខ្មាស មិនមែនជាយុទ្ធសាស្រ្តជំនួញថ្លៃថ្នូរឡើយ។ 
 
សុធីរ៖ បើយុទ្ធសាស្រ្តជំនួញនេះមិនថ្លៃថ្នូរ  មិនល្អ ចុះហេតុអ្វីបានជាអតិថិជននាំគ្នាគាំទ្រ? 
 
សំណាង៖ អានេះ វាសួរផ្ចាញ់អញហ្មង! សំណួរអ្ហែងធ្វើឲ្យអញពិបាកឆ្លើយ។ តែអញគ្រាន់តែចង់ប្រាប់ថា អតិថិជនល្អមិនគួរនាំគ្នាគាំទ្រអ្នកលក់អនឡាញបង្ហាញកេរខ្មាសឡើយ៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com