ជាតិ
​ក្រោយ​រៀន​ចប់​ជំនាញ​កសិកម្ម យុវជន សុធា​រិ​ទ្ធិ បង្កើត​ផ្សា​រទិញ​បន្លែ​ធម្មជាតិ​ពី​កសិករ​តាម​បណ្តា​ខេត្ត​
03, Sep 2020 , 7:59 am        
រូបភាព
ដោយ:
​លោក នូ សុធា​រិ​ទ្ធិ បាន​បង្កើត​ផ្សារ​ធម្មជាតិ ទទួល​ទិញ​កសិផល​ខ្មែរ​ពី​កសិករ​នៅ​ខេត្ត​ផ្សេងៗ ទូទាំងប្រទេស ដើម្បី​ជួយ​រក​ទីផ្សារ​ដល់​កសិករ​។ ផលិតផល​ធម្មជាតិ​ដែល​លោក​ទទួល​ទិញ​មានដូចជា​បន្លែ ត្រី សាច់ ផ្លែឈើ និង​គ្រឿង​ផ្អាប់ ដូចជា ប្រហុក ផ្អក និង​ផលិតផល​ជាច្រើន​ទៀត​។​

 
​យុវជន​វ័យ ៣០​ឆ្នាំ​រូបនេះ មាន​ស្រុកកំណើត​នៅ​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ បានបញ្ចប់​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម ជំនាញ​កសិកម្ម​នា​ឆ្នាំ ២០១២ និង​បាន​ចាប់​បើកហាង​ចំការ​ខ្មែរ​នៅ​ឆ្នាំ ២០១៧​។ លោក​បាន​លើកឡើងថា​៖ «​ដោយសារ​ការស្រលាញ់ និង​ជា​សិស្ស​បានបញ្ចប់​ការសិក្សា​ផ្នែក​កសិកម្ម បានធ្វើការ​ច្រើន​ជាមួយ​កសិករ ហើយ​នៅពេល​ចុះ​ជួប​ផ្ទាល់​ជាមួយ​ពួកគាត់ៗ ដាំ​ហើយ​អត់​មាន​ទីផ្សារ ខ្ញុំ​គិតក្នុងចិត្ត​ថា​ថ្ងៃ​ណាមួយ​ខ្ញុំ​នឹង​បើក​ផ្សារ​ដើម្បី​ជួយ​ពួកគាត់ ប៉ុន្តែ​ជួយ​តាម​លទ្ធភាព​ដែល​ជួយ​បាន​»​។ 
 
​ស្ថិតក្នុង​ហាង​លក់​បន្លែ​ធម្មជាតិ​ចំការ​ខ្មែរ ដែលមាន​ទីតាំងនៅ​សង្កាត់​ទំនប់ទឹក ខណ្ឌចំការមន រាជធានី​ភ្នំពេញ បុរស​សម្បុរ​ស្រអែម​ជា​អ្នកគ្រប់គ្រង​ហាង​ផ្ទាល់​បាន​និយាយថា ទោះបី​ខ្លួន​កើត​នៅ​ភ្នំពេញ​ពិតមែន ប៉ុន្តែ​នៅ​ជាយក្រុង​នោះទេ​ហើយ​គ្រួសារ​ក៏​ជា​អ្នក​កសិករ​ដែរ ដូច្នេះ​ការសម្រេច​ចាប់យក​ជំនាញ​កសិកម្ម​មិនមែនជា​រឿង​ចម្លែក​នោះទេ​។ 


 
​យ៉ាងណាមិញ​លោក​បានបង្ហាញ​ពី​មូល​ហេតុដែល​ជ្រើស​រៀន​ជំនាញ​កសិកម្ម  ដោយសារ​ចិត្ត​ស្រលាញ់​កសិកម្ម និង​មើលឃើញ​វិស័យ​កសិកម្ម​ជា​ផ្នែក​មួយ​ដ៏​សំខាន់​សម្រាប់​ជួយ​កសិករ​ឲ្យ​មាន​ប្រាក់ចំណូល និង​ជា​ទីផ្សារការងារ​ដ៏​ធំ​សម្រាប់​និស្សិត​។ ម្យ៉ាងទៀត​អាកាសធាតុ និង​សណ្ឋាន​ដី​កម្ពុ​ជាមាន​អំណោយផល​លើ​វិស័យ​កសិកម្ម និង​ការរៀន​ជំនាញ​នេះ​ជា​ចំណែក​មួយ​ក្នុងការ​អភិវឌ្ឍ​ប្រទេស​ឲ្យ​រីកចម្រើន និង​ជឿនលឿន តាមរយៈ​ការផ្ដល់​បច្ចេកទេស និង​ចូលរួម​ដោះស្រាយ​បញ្ហា​ទីផ្សារ​។​


 
​អតីត​និស្សិត​កសិកម្ម​រូបនេះ​បាន​បន្តថា បំណង​ដែល​លោក​ចង់​ជួយ​កសិករ​បាន​ច្រើន​ហើយ តាមរយៈ​សកម្ម​ភាពចុះ​ផ្ដល់​បច្ចេកទេស​ដាំ​ដុះ​ដោយផ្ទាល់​ដល់​ពួកគាត់ និង​ជួយ​រក​ទីផ្សារ​ឲ្យ​ពួកគាត់​ដោយ​ទទួល​ទិញ​កសិផល​ពី​កសិករ​ទាំងនោះ​ជាប្រចាំ​។ 
 
​លោក​បាន​បញ្ជាក់ទៀតថា ចំការ​ខ្មែរ​បានធ្វើ​កុងត្រា​ជាមួយ​កសិករ ដើម្បី​ឲ្យ​ពួកគាត់​ដាំ​ដុះ​បន្លែ ផ្លែឈើ ដែល​មិន​ប្រើប្រាស់​សារធាតុ​គីមី និង​ឲ្យ​ពួកគាត់​ផលិត​ក្នុង​បរិមាណ ៣-៤​គីឡូ​ក្នុង​បន្លែ​មួយ​មុខ​សម្រាប់​កសិករ​ម្នាក់​។ ក្នុងនោះ​កសិករ​ដែល​បាន​ចុះ​កុងត្រា​ត្រូវ​ផ្ដល់​បន្លែ​ដល់​ហាង​ចំការ​ខ្មែរ​ជា​រៀងរាល់ថ្ងៃ​។ ហើយ​កសិផល​របស់​ក​សិ​ករ ត្រូវតែ​ជា​កសិផល​ធម្មជាតិ ដោយមាន​ការពិនិត្យ​ត្រឹមត្រូវ​ពី​អ្នកជំនាញ​កសិកម្ម មុននឹង​យកមក​លក់​នៅ​ភ្នំពេញ​៕
 

 

Tag:
 កសិកម្ម បន្លែ​
© រក្សាសិទ្ធិដោយ thmeythmey.com