COVID-19
ជាតិ
សង្គមជាតិ
លោក នួន ផា​រ័ត្ន​៖«​គ្រូបង្រៀន ឪពុកម្តាយ និង​អាជ្ញាធរ ត្រូវ​រួមគ្នា​យកចិត្តទុកដាក់​លើ​សុវត្ថិភាព​សិស្ស​»
03, Sep 2020 , 3:34 pm        
រូបភាព
 លោក នួន ផារ័ត្ន អភិបាលរងសាលារាជធានីភ្នំពេញ ពិនិត្យ សម្ភារ សម្លាប់មេរោគនៅវិទ្យាល័យបាក់ទូក
លោក នួន ផារ័ត្ន អភិបាលរងសាលារាជធានីភ្នំពេញ ពិនិត្យ សម្ភារ សម្លាប់មេរោគនៅវិទ្យាល័យបាក់ទូក
​អភិបាលរង​សាលា​រាជធានី​ភ្នំពេញ លោក នួន ផា​រ័ត្ន បាន​ចុះទៅ​ពិនិត្យមើល​ការត្រៀម​លក្ខណៈ​របស់​វិទ្យាល័យ​បាក់​ទូក ក្នុង​ការបើក​ដំណើរការ​ថ្នាក់រៀន​ឡើងវិញ​។ ក្រសួង​អប់រំ យុវជន និង​កីឡា បានប្រកាស​អនុញ្ញាតឱ្យ​គ្រឹះស្ថាន​អប់រំ​បើកទ្វារ​ទទួល​សិស្សានុសិស្ស​ក្នុងដំណាក់កាល​ទី​២ ចាប់ពី​ថ្ងៃ​ចន្ទ​ទី​៧​ខែកញ្ញា​សប្តាហ៍​ក្រោយនេះ​ទៅ​។​

 
​វិទ្យាល័យ​បាក់​ទូក គឺជា​គោលដៅ​មួយ​របស់​អាជ្ញាធរ​សាលា​រាជធានី​ដែល​ត្រូវ​ពិនិត្យមើល​ការត្រៀម​លក្ខណៈ​ទទួល​សិស្សានុសិស្ស​ឡើងវិញ បន្ទាប់ពី​វិទ្យាល័យ​ត្រូវបាន​បិទទ្វារ​អស់​ជាច្រើន​ខែ​ជំងឺ​កូ​វីដ​-១៩​។​
 
​ក្រោម​វត្តមាន​របស់លោក នួន ផា​រ័ត្ន អភិបាលរង​សាលា​រាជធានី គណៈ​គ្រង​វិទ្យាល័យ និង​លោកគ្រូ អ្នកគ្រូ​បាន​ចូលរួម​សម្អាត​បន្ទប់រៀន បន្ទប់ទឹក ដោយ​ការបាញ់​ថ្នាំ​សម្លាប់​មេរោគ ព្រមទាំង​ពិនិត្យ​ឧបករណ៍​សម្លាប់​មេរោគ (​ក្លោងទ្វារ​បាញ់​ទឹក​សម្លាប់​មេរោគ​) ដែល​ត្រូវ​ប្រើប្រាស់​នៅ​ថ្ងៃ​បើក​សាលារៀន​ផង​។ 


 លោក នួន ផារ័ត្ន អភិបាលរង សាលារាជធានីភ្នំពេញ កំពុង ថ្លែងទៅកាន់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ក្នុង ទីធ្លាវិទ្យាល័យបាក់ទូកព្រឹកថ្ងៃទី ៣ ខែ កញ្ញា នេះ 

​នាយក​វិទ្យាល័យ​បាក់​ទូក លោក តូច កន្តាល់ បាន​អះអាង​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា គណៈ​គ្រប់គ្រង​គ្រឹះស្ថានសិក្សា​របស់លោក នឹង​អនុវត្តតាម​វិធាន​អនាម័យ​ដែល​ណែនាំ​ដោយ​ក្រសួងសុខាភិបាល និង​ក្រសួង​អប់រំ ពោលគឺ​ការរក្សា​គម្លាត​សុវត្ថិភាព ការពាក់​ម៉ាស់​ជាប្រចាំ និង​ការលាង​សម្អាត​ដៃ​ញឹកញាប់​។​
 
​លោកនាយក​វិទ្យាល័យ​បាន​បន្ថែម​យ៉ាង​ដូច្នេះ​ថា​៖«​យើង​នឹងដាក់​ក្លោងទ្វារ​សម្លាប់​មេរោគ​ចំនួន​៣​កន្លែង​ផ្សេងគ្នា​ដែល​សិស្សានុសិស្ស និង​លោកគ្រូ​អ្នកគ្រូ​ត្រូវ​ឆ្លងកាត់​។ យើង​មិន​អនុញ្ញាត​ឱ្យមាន​បើក​អាហា​រដ្ឋា​ន​នៅក្នុង​វិទ្យាល័យ​ឡើយ រួមទាំង​ការលក់ដូរ​នៅ​ក្រៅរបង​សាលារៀន​។ សិស្សានុសិស្ស​ត្រូវ​វេច​ខ្ចប់​អាហារ​ពី​ផ្ទះ​មក​ខ្លួនឯង​។​»​។​


 
​សុវត្ថិភាព​របស់​សិស្សានុសិស្ស​ត្រូវការ​ការចូលរួម​ពី​មជ្ឈដ្ឋាន​៣​។ នេះ​គឺជា​ការកត់សម្គាល់​រប​ស់លោក នួន ផា​រ័ត្ន អភិបាលរង​សាលា​រាជធានី​ភ្នំពេញ ទៅដល់​គណៈ​គ្រប់គ្រង​វិទ្យាល័យ​បាក់​ទូក និង​សិស្សានុសិស្ស​។ លោក​អភិបាលរង​បាន​មានប្រសាសន៍ថា​៖«​ទីមួយ គឺ​គណៈ​គ្រប់គ្រង​សាលា និង​លោកគ្រូ​អ្នកគ្រូ​ត្រូវគោរព​តាម​វិធាន​អនាម័យ​របស់​ក្រសួងសុខាភិបាល និង​ស្តង់ដារ​របស់​ក្រសួង​អប់រំ​។ ទី​ពីរ ឪពុកម្តាយ ឬ​អាណាព្យាបាល​ត្រូវ​ត្រៀមលក្ខណៈ​ឱ្យ​បានល្អ​សម្រាប់​កូនៗ​របស់​ពួកគេ ដូចជា ទឹក​អាល់កុល ឬ​ជែ​លលា​ង និង​ម៉ាស់​ការពារ និង​ទី​បី គឺ​កិច្ចសហការ​របស់​អាជ្ញា​ធរ​ជាមួយ​គណៈ​គ្រប់គ្រង​គ្រឹះ​សា្ថ​ន​សិក្សា​ក្នុង​មូលដ្ឋាន​ដើម្បី​រៀបចំ​សណ្តាប់ធ្នាប់​ជុំវិញ​សាលារៀន​។​»​។​
 
​គួរ​បញ្ជាក់ថា ក្នុងដំណាក់កាល​នៃ​ការបើក​គ្រឹះស្ថានសិក្សា​ដំណាក់កាល​ទី​ពីរ​នេះ ដំណើរការ​នៃ​ការសិក្សា​នៅក្នុង​ថ្នាក់រៀន​ផ្ទាល់​នៅ​មិនទាន់​អាច​ប្រព្រឹត្តទៅបាន​ពេញលេញ​ដូច​ធម្មតា​នៅឡើយ​ដែរ​។ សិស្សានុសិស្ស ក៏ត្រូវ​បានដាក់​ឱ្យ​អង្គុយ​នៅ​ឃ្លាត​គ្នា ហើយ​ការជួបជុំ​នៅក្នុង​ទីធ្លា​ក៏​ត្រូវបាន​ហាមឃាត់​ដែរ​។​
 
​ក្នុងដំណាក់កាល​ទីមួយ ក្រសួង​អប់រំ​បានអនុញ្ញាត​ឱ្យតែ​គ្រឹះស្ថានសិក្សា​ឯកជន​អន្តរជាតិ​ដែល​អាច​បើក​សាលារៀន​របស់​ពួកគេ​បាន ដោយ​ត្រូវ​អនុវត្តតាម​វិធានការ​អនាម័យ និង​សុវត្ថិភាព​សុខាភិបាល​៕
 



© រក្សាសិទ្ធិដោយ thmeythmey.com