ជាតិ
អ្នកជំនាញ​៖ ការយល់ដឹង​ពី​ច្បាប់ «​កិច្ចការពារ​អ្នកប្រើប្រាស់​» មាន​កម្រិត​នៅឡើយ​
03, Sep 2020 , 9:29 pm        
រូបភាព
លោក_ប្រាក់_សេរីវឌ្ឍន៍_ប្រធានវិទ្យាស្ថានស្រាវជ្រាវ_និងអភិវ
លោក_ប្រាក់_សេរីវឌ្ឍន៍_ប្រធានវិទ្យាស្ថានស្រាវជ្រាវ_និងអភិវ
​ភ្នំពេញ​៖  ច្បាប់​ស្ដីពី «​កិច្ចការពារ​អ្នកប្រើប្រាស់​» (Law on Consumer Protection) បង្កើតឡើង​ក្នុង​គោលបំណង​ធានាឱ្យមាន​កិច្ចការពារ​អ្នកប្រើប្រាស់​និង​ចូលរួម​លើកកម្ពស់​ការប្រកួតប្រជែង​ដោយ​សុចរិត​។ «​ច្បាប់​កិច្ចការពារ​អ្នកប្រើប្រាស់​» ត្រូវបាន​ប្រកាស​ឱ្យប្រើ​ប្រាស់ រយៈពេល​ជិត​១​ឆ្នាំ​មកហើយ ប៉ុន្តែ​ការយល់ដឹង​របស់​ពល​រដ្ឋ​ហាក់​មាន​កម្រិត​តិចតួច​នៅឡើយ​។ នេះ​បើតាម​លោក ប្រាក់ សេរី​វឌ្ឍន៍ ប្រធាន​វិទ្យាស្ថាន​ស្រាវជ្រាវ និង​អភិវឌ្ឍន៍ជនបទ​កម្ពុ​ជា ។​

 
​ក្នុង​ពិធី​សិក្ខាសាលា​ស្ដីពី​«​កម្រិតយល់ដឹង​របស់​អ្នកប្រើប្រាស់​ក្នុង​តំបន់​អាស៊ាន​នៅ​ប្រទេស​កម្ពុជា​» នៅ​ថ្ងៃទី​២ ខែកញ្ញា លោក ប៉ាន់ សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​លើកឡើងថា​កិច្ចការពារ​អ្នកប្រើប្រាស់​នៅ​កម្ពុជា មាន​ភាព​ក្មេងខ្ចី​នៅឡើយ ហើយ​ក្នុងចំណោម​ប្រទេស​ក្នុង​តំបន់​អាស៊ាន កម្ពុជា​ជា​ប្រទេស​ចុងក្រោយ​ដែល​ទទួលបាន​ការអនុម័ត​ឱ្យប្រើ​ប្រាស់​ច្បាប់​នេះ​។​
 
​បើតាម​លោក ប្រាក់ សេរី​វឌ្ឍន៍ ប្រធាន​វិទ្យាស្ថាន​ស្រាវជ្រាវ និង​អភិវឌ្ឍន៍ជនបទ​កម្ពុ​ជា ការស្ទង់មតិ​របស់​អ្នកប្រើប្រាស់ ធ្វើឡើង​តាម​កម្រិតស្ដង់ដារ​អាស៊ាន ដែលមាន​កម្រ​ង់​សំនួរ និង​បានជ្រើសរើស​សំណាក​ដោយ​នីតិភាព ។ 
 
​លោក ប្រាក់ សេរី​វឌ្ឍន៍ បាន​បន្តថា សំណាក​ដែល​បានជ្រើសរើស មាន​ចំនួន​២០០ ក្នុង​៤​រាជធានី​-​ខេត្ត​គឺ ភ្នំពេញ កំពង់ចាម បាត់ដំបង និង​ខេត្តសៀមរាប ដែល​បាន​គ្របដណ្ដប់​លើ​ភូមិភាគ​សំខាន់ៗ​នៅ​កម្ពុជា ។ 
 
«​លទ្ធផល​បង្ហាញថា នៅ​កម្ពុជា យើង​វាយតម្លៃ​ជារួម​បាន​ពិន្ទុ ៦៨,៨១ អីចឹង​ពិន្ទុ​ហ្នឹង អ្នកប្រើប្រាស់​នៅ​កម្ពុជា​មានការ​យល់ដឹង​តិចតួច​ពី​ប្រព័ន្ធ​ការពារ​អ្នកប្រើប្រាស់​»​។ នេះ​ជាការ​អះអាង​របស់លោក ប្រាក់ សេរី​វឌ្ឍន៍ អំពី​លទ្ធផល​នៃ​ការស្ទង់មតិ​នៅ​កម្ពុជា ដោយ​លោក​បាន​បញ្ជាក់ថា ការស្ទង់មតិ​នេះ​ផ្ដោតលើ​៣​ជំពូក​គឺ ការយល់ដឹង​អំពី​កិច្ចការពារ​អ្នកប្រើប្រាស់​, ចំណេះដឹង​អ្នកប្រើប្រាស់ និង​ឥរិយាបថ​ក្នុងការ​ជឿទុកចិត្ត​ទៅលើ​ប្រព័ន្ធ​នៃ​ការការពារ​អ្នកប្រើប្រាស់​។​


 
​ប្រធាន​នាយកដ្ឋាន​កិច្ចការពារ​អ្នកប្រើប្រាស់ លោក ផឹង វីរៈ បាន​បកស្រាយ​ពី​មូលហេតុ​នៃ​ការយល់ដឹង​របស់​អ្នកប្រើប្រាស់​តិចតួច ដោយសារតែ​ច្បាប់​នេះ​ទើបតែ​អនុម័ត និង​មាន​បញ្ហា​កូ​វីដ​-១៩ ផង​នោះ ទើប​ធ្វើឱ្យ​ការផ្សព្វផ្សាយ​មិនទាន់​ទូលំទូលាយ​។ 
 
​លោក ផឹង វីរៈ បាន​អះអាងថា នាយកដ្ឋាន​កិច្ចការពារ​អ្នកប្រើប្រាស់ កំពុង​យកចិត្ត​ទុក​លើ​បញ្ហា​នេះ ដោយបាន​ពង្រីក​ការផ្សព្វផ្សាយ តាម​ប្រព័ន្ធ​អ៊ិន​ធឺ​ណេ​ត ចែកចាយ​សៀវភៅ​ច្បាប់​ស្ដីពី​កិច្ចការពារ​អ្នកប្រើប្រាស់​ដល់​ពលរដ្ឋ និង​ធ្វើ​សិក្ខាសាលា​ផ្សព្វផ្សាយ​នៅតាម​បណ្ដា​រាជធានី​-​ខេត្ត​។ លោក​សង្ឃឹមថា តាមរយៈ​ការផ្សព្វផ្សាយ​នេះ នឹង​ធ្វើឱ្យ​ពលរដ្ឋ​មានការ​យល់ដឹង ច្បាប់​កិច្ចការពារ​អ្នកប្រើប្រាស់​កាន់តែច្រើន និង​ប្រើប្រាស់​សិទ្ធ​របស់ខ្លួន​បាន​ត្រឹមត្រូវ​។  
 
​គួរ​ល​ម្លឹ​កថា ច្បាប់​ស្ដីពី «​កិច្ចការពារ​អ្នកប្រើប្រាស់​» ត្រូវបាន​ដាក់ឱ្យ​ប្រើប្រាស់​ជា​ប្រញាប់ នៅ​ថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ​២០១៩ ដែលមាន​គោលបំណង​ធានាឱ្យមាន​កិច្ចការពារ​អ្នកប្រើប្រាស់ និង​ចូលរួម​លើកកម្ពស់​ការប្រកួតប្រជែង​ដោយ​សុចរិត ដោយមាន​១១​ជំពូក និង​៥១​មាត្រា​៕
 
 
 

Tag:
 ច្បាប់​
© រក្សាសិទ្ធិដោយ thmeythmey.com