COVID-19
អន្តរជាតិ
យុទ្ធនាការ​បោះឆ្នោត​លោក បៃ​ឌិន រៃអង្គាសប្រាក់​បាន​៣៦៤​លាន​ដុល្លារ​ក្នុង​ខែសីហា
03, Sep 2020 , 9:59 pm        
រូបភាព
លោក ចូ បៃឌិន បេក្ខជនប្រធានាធិបតីអាមេរិកមកពីបក្សប្រជាធិបតេយ្យ (AFP)
លោក ចូ បៃឌិន បេក្ខជនប្រធានាធិបតីអាមេរិកមកពីបក្សប្រជាធិបតេយ្យ (AFP)
ដោយ:
​បេក្ខជន​ប្រធានាធិបតី​អាមេរិក​មកពី​បក្ស​ប្រជាធិបតេយ្យ លោក ចូ បៃ​ឌិន រៃអង្គាសប្រាក់​បាន​រហូត​ដល់ ៣៦៤​លាន​ដុល្លារ​ក្នុង​ខែសីហា ទោះបីជា​មួយផ្នែកធំ​ត្រូវបាន​ធ្វើឡើង​តាមរយៈ​ប្រព័ន្ធ​អន​ឡាញ ព្រោះតែ​ជំងឺ​រាតត្បាត​សកល COVID-19 ។ តួលេខ​នេះ បាន​បំបែក​កំណត់ត្រា​ក្នុងចំណោម​ការធ្វើ​យុទ្ធនាការ​រៃអង្គាសប្រាក់​ប្រចាំខែ​សម្រាប់​ការបោះឆ្នោត​។

 
 
​ក្រុម​យុទ្ធនាការ​បោះឆ្នោត​របស់​លោក បៃ​ឌិន បានបញ្ជាក់​នៅ​ថ្ងៃទី ១ ខែកញ្ញា​ថា អតីត​អនុ​ប្រធានាធិបតី​អាមេរិក​រូបនេះ រៃអង្គាសប្រាក់​បាន​រហូត​ដល់ ៣៦៤,៥ លាន​ដុល្លារ ហើយ​ក្នុងនោះ លុយ​២០៥​លាន​ដុល្លារ ត្រូវបាន​ចូល​ឧបត្ថម្ភ​តាមរយៈ​អន​ឡាញ​ពី​សំណាក់​អ្នក​ចូល​វិភាគទាន​តូចៗ​។ ជាមួយ​តួលេខ​នេះ លោក បៃ​ឌិន បាន​បំបែក​កំណត់ត្រា​របស់​អតីត​ប្រធានាធិបតី បា​រ៉ា​ក់ អូ​បា​ម៉ា ។​
 
​ក្នុង​ខែកញ្ញា ឆ្នាំ​២០០៨ លោក អូ​បា​ម៉ា បាន​បង្កើត​កំណត់ត្រា​រៃអង្គាសប្រាក់​សម្រាប់​យុទ្ធនា​ការរក​សំឡេងឆ្នោត ដោយ​អាច​ប្រមូល​រហូតដល់​២០០​លាន​ដុល្លារ​។ នេះ​បើតាម​របាយការណ៍​រប​ស់កា​សែត​អាមេរិក New York Times ។ 
 
​ក្នុង​សេចក្តីថ្លែងការណ៍​អរគុណ​ដល់​អ្នកគាំទ្ររ​ប​ស់លោក អ្នកនយោបាយ​វ័យ​៧៧​ឆ្នាំ​រូបនេះ បាន​និយាយថា តួលេខ​នេះ ធ្វើ​ឲ្យ​លោក​ភ្ញាក់ផ្អើល​ជាខ្លាំង​។ តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP លោក បៃ​ឌិន លើកឡើង​ដូច្នេះ​ថា​៖«​លុយ​ជាង ២០៥​លាន​ដុល្លារ ឬ​ប្រមាណ ៥៧​ភាគរយ​នៃ​លុយ​ដែល​យើង​រៃអង្គាស​បាន គឺ​បានមកពី​ការឧបត្ថម្ភ​តាម​អន​ឡាញ ដោយ​ប្រជាជន​នាំគ្នា​ចូល​លុយ​ម្នាក់ ៥​ដុល្លារ ១០​ដុល្លារ និង ២០​ដុល្លារ ជាដើម​»​។​
 
​ទន្ទឹមគ្នានេះ លោក បៃ​ឌិន បាន​ទទូច​ឲ្យ​អ្នកគាំទ្រ​របស់លោក​បន្ត​ចូល​វិភាគទាន​លុយ​តទៅទៀត ដើម្បី​ធានាថា ពួកគេ​មានឱកាស​យកឈ្នះ​ការបោះឆ្នោត​នាពេលខាងមុខ​ប្រឆាំងនឹង​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ។ ម្យ៉ាងវិញទៀត លោក​អះអាងថា ម៉ាស៊ីន​រកលុយ​របស់​លោក​ត្រាំ គឺ​គាំទ្រ​ដោយ​អ្នក​ខាងក្រៅ និង​លុយខ្មៅ​។ 
 
​ក្នុង​ខែកក្កដា លោក ដូ​ណា​ល់ ត្រាំ និង​គណៈកម្មាធិការ​ជាតិ​បក្ស​សាធារណរដ្ឋ រៃអង្គាស​បាន​ប្រាក់ ១៦៥​លាន​ដុល្លារ ។ តួលេខ​នេះ គឺ​ច្រើនជាង​លុយ​ដែល​រៃអង្គាស​បាន​ដោយ​បក្ស​ប្រជាធិបតេយ្យ​របស់លោក បៃ​ឌិន ដែល​រកបាន ១៤០​លាន​ដុល្លារ ក្នុង​ខែ​តែមួយ​។​
 
​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​១២ ខែសីហា លោក បៃ​ឌិន បានសម្រេច​ជ្រើសរើស​អតីត​គូប្រជែង​ក្នុង​បក្ស​អ្នកស្រី កា​ម៉ា​ឡា ហារី​ស (Kamala Harris) ឲ្យ​ធ្វើជា​បេក្ខភាព​អនុ​ប្រធានាធិបតី​សម្រាប់​ការបោះឆ្នោត​ខែវិច្ឆិកា​ខាងមុខ​។ ក្រោយ​ការជ្រើសរើស​នេះ ប្រាក់ឧបត្ថម្ភ​សម្រាប់​ការបោះឆ្នោត​លោក រៃអង្គាស​បាន​រហូតដល់ ២៦​លាន​ដុល្លារ​ក្នុងពេល​ត្រឹម​២៤​ម៉ោង​ប៉ុណ្ណោះ​៕ 
 
 

Tag:
 សហរដ្ឋអាមេរិក​
  ចូ បៃ​ឌិន​
  ការបោះឆ្នោត​អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com