កីឡាអន្តរជាតិ
អន្តរជាតិ
Arsenal គ្រោងអនុញ្ញាតឲ្យអ្នកគាំទ្រចូលកីឡដ្ឋានវិញ ទោះនៅមាន COVID-19 ក្ដី
× Arsenal គ្រោងអនុញ្ញាតឲ្យមានអ្នកគាំទ្រចូលទស្សនាផ្ទាល់នៅកីឡដ្ឋាន Emirates របស់ខ្លួននៅខែក្រោយនេះវិញ។ ក្លិបនៅ Premier League ប្រកាសដូច្នេះនៅថ្ងៃទី២ កញ្ញា ប៉ុន្តែនឹងអនុញ្ញាតឲ្យមានអ្នកគាំទ្រក្នុងចំនួនតិចតួចប៉ុណ្ណោះដើម្បីការពារ COVID-19 ។
ការមិនអនុញ្ញាតឲ្យអ្នកគាំទ្រចូលទស្សនាក្នុងកីឡដ្ឋាន ធ្វើឡើងចាប់តាំងពីក្រុមក្នុងក្របខណ្ឌកំពូលអង់គ្លេសវិលត្រឡប់ចូលវិញក្នុងខែមិថុនាម្លេះ ក្រោយពីផ្អាកដោយសារជំងឺ COVID-19 កាលពីខែមិនាមក។
យ៉ាងណាក៏ដោយ កាលពីសប្តាហ៍មុននាការប្រកួតមិត្តភាពកំដៅសាច់ដុំមុនបើករដូវកាលថ្មីរវាង Chelsea និង Brighton & Hove Albion អ្នកគាំទ្រចំនួន ២៥០០ នាក់ចូលកីឡដ្ឋាន Amex ដើម្បីទស្សនាការប្រកួតបន្ទាប់ពីរដ្ឋាភិបាលបានប្រកាសពីការសាកល្បងសម្រាប់ការវិលត្រឡប់របស់អ្នកគាំទ្រអំឡុងជំងឺរាតត្បាតសកល។
ដោយសារការសាកល្បងខាងលើនេះ ទើបក្លិបរហស្សនាមកាំភ្លើងធំមានបំណងចង់ឲ្យអ្នកគាំទ្រខ្លួនមួយចំនួនអាចចូលកីឡដ្ឋាននាការប្រកួតក្នុងរដូវកាលថ្មីនេះផងដែរ។ ក្លិប Arsenal សង្ឃឹមថានឹងអាចស្វាគមន៍អ្នកគាំទ្រជាថ្មីនៅកីឡដ្ឋាន Emirates ក្នុងជំនួបជាមួយ Sheffield United ក្នុងក្របខណ្ឌ Premier League ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី៣ ខែតុលា។
ក្លិបដែលមានមូលដ្ឋានក្នុងក្រុងឡុងដ៏បន្ថែមថា៖« នៅពេលដែលអ្នកគាំទ្រត្រឡប់ទៅកីឡដ្ឋាន Emirates វិញ វិធានការក្នុងការការពារនឹងត្រូវបន្ថែមទ្វេដង។ ទាំងនេះជាវិធានការការពារពិសេសរបស់យើង ដើម្បីគិតគូរពីសុខភាព សុវត្ថិភាព និងសន្តិសុខរបស់អ្នកចូលរួមគ្រប់គ្នា» ។
Arsenal ដែលជាម្ចាស់ពាន Community Shield ឆ្នាំ២០២០ ក្រោយយកឈ្នះ Liverpool ដោយប៉េណាល់ទី នឹងចាប់ផ្តើមការប្រកួតបើកឆាករដូវកាលថ្មី ២០២០-២១ ដោយត្រូវតទល់ជាមួយ Fulham នៅថ្ងៃទី ១២ ខែកញ្ញា ចុងសប្តាហ៍ក្រោយ៕
© រក្សាសិទ្ធិដោយ thmeythmey.com