ជាតិ
សង្គមជាតិ
​ក្រសួងពាណិជ្ជកម្ម​ឲ្យ​ក្រុមហ៊ុន​ប្រមូល​ម្សៅ​ទឹកដោះគោ Nutrilatt ហើយ​បញ្ឈប់​ការនាំ​ចូល និង​ចែកចាយ​
03, Sep 2020 , 10:29 pm        
រូបភាព
សកម្មភាព​មន្ត្រិសាខាក.​ប.​ប. ខេត្ត​ត្បូងឃ្មុំ ​ចុះត្រួតពិនិត្យ​​លើ​ហាង​លក់​ផលិត​ផល​ម្សៅទឹក​ដោះគោ​នា​ថ្ងៃទី៣ ខែ​កញ្ញា រូបភាពពីក.ប.​ប.​
សកម្មភាព​មន្ត្រិសាខាក.​ប.​ប. ខេត្ត​ត្បូងឃ្មុំ ​ចុះត្រួតពិនិត្យ​​លើ​ហាង​លក់​ផលិត​ផល​ម្សៅទឹក​ដោះគោ​នា​ថ្ងៃទី៣ ខែ​កញ្ញា រូបភាពពីក.ប.​ប.​
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ក្រសួងពាណិជ្ជកម្ម​ប្រកាស​ឲ្យ​ក្រុមហ៊ុន​បញ្ឈប់​ការនាំ​ចូល និង​ចែកចាយ​ម្សៅ​ទឹកដោះគោ​ម៉ាក Nutrilatt ដែលមាន​លេខ​កូដ​៤៨៧,៤៨៨,៥៣៦,៥៣៧,៥៣៨ និង​៥៣៩ ចរាចរ​ទៅ​ទីផ្សារ ហើយ​តម្រូវ​ឲ្យ​ក្រុមហ៊ុន​ប្រមូល​ផលិតផល​នោះមក​វិញ​ពី​ទីផ្សារ និង​អ្នកប្រើប្រាស់​ជាបន្ទាន់​។​

 
​ការ​ឈានដល់​ការប្រកាស​មិន​ឲ្យ​ក្រុមហ៊ុន​នាំចូល ចែកចាយ និង​ប្រមូល​មកវិញ​នូវ​ម្សៅ​ទឹកដោះគោ​ម៉ាក Nutrilatt នេះ ដោយ​កន្លងមក​ក្រសួងពាណិជ្ជកម្ម​បានទទួល​ពាក្យបណ្តឹង​ពី​មាតាបិតា​ដែល​បាន​ប្រើប្រាស់​ម្សៅ​ទឹកដោះគោ​នេះ បណ្តាល​ឲ្យ​កូន​របស់​ពួកគេ​មាន​អាការ​ស្លេកស្លាំង​។ 
 
​អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់​កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ​នៃ​ក្រសួងពាណិជ្ជកម្ម​(​ក​.​ប​.​ប​.) បានបង្ហាញ​លទ្ធផល​ការធ្វើ​តេស្ត​នៃ​ម្សៅ​ទឹកដោះគោ Nutrilatt ដែលមាន​លេខ​កូដ ៤៨៧,៤៨៨,៥៣៦,៥៣៧,៥៣៨ និង​៥៣៩ ថា​ម្សៅ​ប្រភេទ​ដែល​ឲ្យ​ទារក​អាយុ​០​ទៅ​៦​ខែ និង​៦​ទៅ​១២​ខែ ប្រើប្រាស់ គឺមាន​កម្រិត​ជាតិ​ដែក និង​ជាតិ​ស័ង្កសី​ទាប ដែល​ខុសពី​បរិមាណ​ដែល​បានបញ្ជាក់​នៅក្នុង​ស្លាក​សញ្ញា​ផលិតផល​ថា​មាន​ជាតិ​ដែក​ជិត​៦​មី​លី​ក្រាម ហើយ​ជាតិ​ស័ង្កសី​មាន​ជិត មី​លី​ក្រាម​។ ជាក់ស្តែង​មាន​ជាតិ​ដែក​តែត្រឹម​០.២៥​មី​លី​ក្រាម និង​ជាតិ​ស័ង្កសី​តែ​២.២៧ និង​២.៤​តែប៉ុណ្ណោះ​។ 
 
​ដោយ​ឃើញ​ពី​បញ្ហា​នេះ ក្រសួងពាណិជ្ជកម្ម​នឹង​ប្រមូល​ផលិតផល​ទាំង​អស់ពី​ទីផ្សារ​ដើម្បី​ប្រគល់ជូន​អគ្គនាយកដ្ឋាន ក​.​ប​.​ប​.​ដើម្បី​បន្ត​និ​តី​វិធី និង​ដើម្បី​បន្ត​បញ្ជាក់​ពី​គុណភាព និង​លក្ខខណ្ឌ​តម្រូវ​នានា​ចំពោះ​ផលិតផល​នេះ​ក្នុង​រយៈពេល​៣​ខែ​។​
 
​ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ទារក និង​កុមារ ក្រសួងពាណិជ្ជកម្ម​តម្រូវ​ឲ្យ​ម្ចាស់​ផ្សារ​ទំនើប ឱសថស្ថាន និង​ហាង​លក់ទំនិញ​ទូទាំងប្រទេស​ផ្អាក​ការតាំង​លក់​នូវ​ផលិតផល​នេះ និង​ត្រូវ​ប្រគល់ជូន​អគ្គនាយកដ្ឋាន ក​.​ប​.​ប​.​។ 
 
​ក្នុង​កិច្ចប្រតិបត្តិការ​ប្រមូល​ផលិតផល​នេះ ក្រសួងពាណិជ្ជកម្ម​បាន​ចាត់​ឲ្យ​អគ្គនាយកដ្ឋាន​ក​.​ប​.​ប​.​ចុះ​ត្រួតពិនិត្យ​នៅតាម​បណ្តា​ផ្សារ​ទំនើប ឱសថស្ថាន និង​ហាង​លក់ទំនិញ​នានា ដើម្បី​ដកហូត​នូវ​ផលិតផល​នោះមក​វិញ​។ 
 
​ក្រសួងពាណិជ្ជកម្ម​អំពា​វ​នាវ​ឲ្យ​មាតាបិតា​បញ្ឈប់​នូវ​ការប្រើប្រាស់​ផលិតផល​នេះ​ជាបន្ទាន់​។ ក្នុងករណី​មាតាបិតា​ដែល​បាន​ប្រើ​ផលិតផល​នេះ​បណ្តាល​ឲ្យ​កូន​មាន​សុខភាព​មិនល្អ ពួកគេ​អាចមក​ដាក់ពាក្យ​បណ្តឹង​នៅ​អគ្គនាយកដ្ឋាន​ក​.​ប​.​ប​. ផ្លូវ​លេខ​១៨ ភូមិ​ក្តី​តា​កុយ សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ឬ​ខ​ល​តាម​លេខ​ទូរ​សព្ទ​០៩២ ៨៣០ ៨៥៦​។ 
 
​ទាក់ទង​នឹង​ការដកហូត និង​បញ្ឈប់​ឲ្យ​ក្រុមហ៊ុន​នាំចូល និង​ចែកចាយ​ផលិតផល​ម្សៅ​ទឹកដោះគោ​ម៉ាក Nutrilatt ខាង​ក្រុមហ៊ុន​មិនអាច​ផ្តល់ព័ត៌មាន​អំពី​បញ្ហា​នេះឡើយ ។ «​ក្រុមហ៊ុន​ខ្ញុំ​សុំ​មិន​បកស្រាយ​លើ​បញ្ហា​នេះ​ទេ​»​។ នេះ​ជាការ​រៀបរាប់​របស់​តំណាង​ក្រុមហ៊ុន​ម្សៅ​ទឹកដោះគោ​ម៉ាក Nutrilatt ដែល​បាន​បញ្ជាក់ប្រាប់​អ្នកសារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​។ 
 
​លោក ស៊ា​ង ថៃ អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម​បានបញ្ជាក់​ថា ក្រសួង​នឹង​អនុញ្ញាត​ឲ្យ​មាតាបិតា​ដាក់ពាក្យ​បណ្តឹង​មក​អគ្គនាយកដ្ឋាន ក​.​ប​.​ប​.​ត្រឹម​ថ្ងៃទី​៥ ខែកញ្ញា ដើម្បី​បញ្ជូន​ពាក្យបណ្តឹង និង​ឯកសារ​ទៅ​ក្រុមហ៊ុន​នោះ​ត្រួតពិនិត្យ​។ 
 
​លោក​បាន​រៀបរាប់​ដូច្នេះ​ថា​៖«​កិច្ចប្រជុំ​កាលពី​ថ្ងៃទី​១ កញ្ញា ២០២០ សម្របសម្រួល និង​ដឹកនាំ​អង្គប្រជុំ​ដោយ​ក្រសួងពាណិជ្ជកម្ម មានការ​ចូលរួម​ពី​សំណាក់​ក្រុមហ៊ុន (​មួយក្រុម រួមទាំង​មេធាវី​ផង​) និង​ក្រុម​មាតាបិតា បាន​ឯកភាព​ឲ្យ​ក្រុម​មាតាបិតា​ដាក់ពាក្យ​បណ្ដឹង ទៅ​អគ្គនាយកដ្ឋាន កប​ប ឲ្យ​បាន​ត្រឹម​ថ្ងៃទី​៥ ខែកញ្ញា ២០២០​។ ក្រសួង​នឹង​បន្ត​ដោះស្រាយ​បញ្ហា​នេះ​តទៅទៀត រហូត​ចប់សព្វគ្រប់​»​។​
 
​អ្នកនាំពាក្យ​រូបនេះ បាន​បញ្ជាក់ថា ក្រសួងពាណិជ្ជកម្ម​នឹង​ស្នើ​កិច្ចសហការ​ជាមួយ​ក្រសួងសុខាភិបាល អគ្គនាយកដ្ឋាន​គយ រដ្ឋាករ ម្ចាស់​ផ្សារ​ទំនើប និង​ឱសថស្ថាន​ដើម្បី​ទប់ស្កាត់​ការនាំ​ចូល ការលក់​ចែកចាយ​ម្សៅ​ទឹកដោះគោ​ដែលមាន​បញ្ហា​ដូច​មាន​លេខ​កូដ​បញ្ជាក់​៕ 
 
 

Tag:
 ម្សៅ​ទឹកដោះគោ​
 ​កុមារ​
 ​សុខភាព
© រក្សាសិទ្ធិដោយ thmeythmey.com