កីឡាអន្តរជាតិ
អន្តរជាតិ
CEO របស់ Ajax ផ្តាំ Man Utd និង​អ្នកគាំទ្រ​ឲ្យ​មើលថែ Van de Beek ផង​
03, Sep 2020 , 10:59 pm        
រូបភាព
Donny van de Beek បាន​ផ្លាស់​ពី Ajax Amsterdam ទៅ Manchester United ផ្លូវការ​ហើយ​ក្នុងតម្លៃ​៣៩​លាន​ផោន (៥២​លាន​ដុល្លារ​អាមេរិក​)​។ ខ្សែបម្រើ​រូបនេះ​បង្ហើប​ថា Edwin van der Sar ជា​អ្នក​លើកទឹកចិត្ត​ខ្លួន​ឲ្យ​ផ្លាស់​ទៅ Old Trafford​។ Van der Sar បាន​ផ្តែផ្តាំ Man Utd ឲ្យ​មើលថែ Van de Beek ឲ្យ​បានល្អ​ផង​។​





​ក្រុម​បិសាច​ក្រហម​បានផ្តល់​កិច្ចសន្យា​ឲ្យ Van de Beek រយៈពេល​៥​ឆ្នាំ ក្នុង​កិច្ចព្រមព្រៀង​ផ្ទេរ​ពី Ajax ក្នុងតម្លៃ ៤៦ លាន​ដុល្លារ និង​លក្ខខណ្ឌ​ផ្សេងៗ​ចំនួន ៦ លាន​ដុល្លារ​ទៀត​។ ជុំវិញ​ការចរចា​ផ្ទេរ​នេះ លោក Van der Sar ដែល​សព្វថ្ងៃ​មាន​តំណែង​ជានា​យក​ប្រតិបត្តិ​ក្លិប Ajax បានក្លាយ​ជា​តួរ​អង្គ​ដ៏​សំខាន់​។​
 
​អតីត​អ្នកចាំទី​ឆ្នើម​របស់ Man Utd វ័យ​៤៩​ឆ្នាំ រូបនេះ បាន​ជួយ​សម្រួល​ដល់​កិច្ចចរចា​ផ្លាស់ប្តូរ​របស់​កីឡាករ​វ័យ ២៣ ឆ្នាំ ទៅកាន់​ទឹកដី Old Trafford និង​បាន​ជំរុញ​ឲ្យ​ក្រុម​ដែលមាន​លោក Ole Gunnar Solskjaer ជា​អ្នកចាត់ការ «​មើលថែរក្សា Van de Beek ឲ្យ​បានល្អ​» ផង​។​
 

 
​មិ​ន្ត​ត្រឹមតែ​ប៉ុណ្ណោះ Van der Sar ដែល​ជោគជ័យ​បំផុត​ជាមួយ​ក្រុម​យក្ស​អង់គ្លេស ថែមទាំង​សរសេរ​លិខិត​ផ្ញើ​ទៅកាន់​អ្នកគាំទ្រ​របស់ Man Utd ផង​ថា​៖«​នៅពេលនេះ​មាន​កីឡាករ​របស់ខ្ញុំ​ម្នាក់ បាន​ទៅ​ចូលរួម​ជាមួយ​អ្នក​នៅ​រដូវ​កាល​នេះ​។ … សូមជួយ​មើលថែរក្សា Van de Beek ឲ្យ​បានល្អ ហើយ​ជួយ​គាត់​ឲ្យ​សម្រេច​ក្តី​សុបិន​ផង​។ ពី​ខ្ញុំ Van der Sar​។​»
Van de Beek សមា​ជិ​ក្រុម​ជម្រើសជាតិ​ហូ​ឡង់ ត្រូវបាន​ជឿជាក់ថា នឹង​ចូល​លេង​ក្នុងការ​ប្រកួត​បើកឆាក​ក្របខណ្ឌ Premier League រដូវ​កាល​ថ្មី​ជាមួយ Paul Pogba និង Bruno Fernandes នៅពេល Man United ប៉ះ Crystal Palace នៅ​ថ្ងៃទី​១៩ ខែកញ្ញា​។ Man Utd ក៏មាន​ភារកិច្ច​សំខាន់​មួយទៀត​នៅ​រដូវ​កាល​២០២០-២១ នេះ​ផងដែរ ដោយ​ទទួលបាន​កៅអី​ក្នុង​ក្របខណ្ឌ​កំពូល​អឺរ៉ុប UEFA Champions League៕

Tag:
 Donny van de Beek
  Manchester United
  Edwin van der Sar
  Ajax
© រក្សាសិទ្ធិដោយ thmeythmey.com