អន្តរជាតិ
ក្រសួងការបរទេស ដាក់​ការ​រឹតបន្តឹង​បន្ថែមទៀត​លើ​អ្នកការទូត​ចិន​នៅ​អាមេរិក​
03, Sep 2020 , 11:58 pm        
រូបភាព
រដ្ឋមន្ត្រីការបរទេសអាមេរិក ម៉ៃ ប៉ុមប៉េអូ។រូបភាព៖ AFP
រដ្ឋមន្ត្រីការបរទេសអាមេរិក ម៉ៃ ប៉ុមប៉េអូ។រូបភាព៖ AFP
ដោយ:
​នៅ​ថ្ងៃទី​២ កញ្ញា រដ្ឋមន្ត្រីការបរទេស​អាមេរិក បានប្រកាស​ពី​វិធានការ​រឹតបន្តឹង​ថ្មី​បន្ថែមទៀត​ទៅលើ​អ្នកការទូត​ចិន​ក្នុង​ទឹកដី​អាមេរិក​។ ក្រោម​ការ​រឹតត្បិត​នេះ អ្នកការទូត​ចិន​ត្រូវមាន​ការយល់ព្រម​ពី​ក្រសួងការបរទេស​អាមេរិក​មុននឹង​ទៅ​ទស្សនកិច្ច​នៅ​សាកលវិទ្យាល័យ​ណាមួយ ឬ​រៀបចំ​កម្មវិធី​វប្បធម៌​ដែលមាន​មនុស្ស​ចូលរួម​៥០​នាក់​ឡើងទៅ​នៅក្រៅ​បរិវេណ​ស្ថានទូត​។​

 
​វិធានការ​រឹតត្បិត​អ្នកការទូត​ចិន ត្រូវបាន​វ៉ាស៊ីនតោន ចាត់ទុកជា​ការឆ្លើយតប​ទៅនឹង​ការ​រឹតបន្តឹង​របស់​ប៉េកាំង ទៅលើ​អ្នកការទូត​ខ្លួន​នៅ​ប្រទេស​ចិន​។ នេះ​ក៏ដូចជា​យុទ្ធនា​ការប្រឆាំង​ការបង្កើន​ឥទ្ធិពល​របស់​ចិន និង​សកម្មភាព​ស៊ើប​ការសម្ងាត់​ផងដែរ​។​
 
​ក្នុង​សន្និសីទ​សារព័ត៌មាន​ថ្ងៃទី​២ ខែកញ្ញា លោក ម៉ៃ ប៉ុ​ម​ប៉េ​អូ ប្រមុខ​ការបរទេស​អា​មេ​រិ​ក បាន​អះអាងថា អាមេរិក​គ្រាន់តែ​ចង់បាន​ភាព​ទៅវិញទៅមក​ប៉ុណ្ណោះ​។ លោក​ថា សេរីភាព​របស់​អ្នកការទូត​អាមេរិក នៅ​ចិន គឺជា​ការឆ្លុះ​បង្ហាញ​ពី​សេរីភាព​របស់​អ្នកការទូត​ចិន​នៅ​អាមេរិក ហើយ​អាមេរិក​កំពុង​សំដៅទៅ​ទិសដៅ​នេះ​។ នេះ​យោងតាម​ទីភ្នាក់ងារសារព័ត៌មាន Reuters​។​
 
​ស្ថានទូត​ចិន នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​វិញ បានចេញ​ប្រតិកម្ម​ដោយ​អះអាងថា ការសម្រេចចិត្ត​នេះ​ជាការ​រំលោភ​យ៉ាងធ្ងន់ធ្ងរ​លើ​អនុសញ្ញា​ក្រុង​វី​យែ​ន​ស្តីពី​ទំនាក់ទំនង​ការទូត​។ ស្ថានទូត​ចិន​បន្ថែមថា អាមេរិក​ត្រូវ​កែ​កំហុស លុបចោល​ការសម្រេចចិត្ត​នេះ ផ្តល់​ការគាំទ្រ និង​សម្រួល​ដល់​អ្នកការទូត​ចិន ក្នុងការ​បំពេញ​សកម្មភាព​ពាក់ព័ន្ធ​។​
 
​លើសពីនោះ រដ្ឋមន្ត្រីការបរទេស​អាមេរិក ក៏​លើក​ផងដែរ​ពី​ការ​គំរាម​របស់​បក្ស​កុម្មុយនីស្ត​ចិន ទៅលើ​សាកលវិទ្យាល័យ​អាមេរិក និង​ឲ្យ​គណ​គ្របគ្រង​សាកលវិទ្យាល័យ​ផ្តល់ដំណឹង​ពី​ការ​គំរាម​នោះ​។ លោក ប៉ុ​ម​ប៉េ​អូ អះអាងថា ការ​គំរាម​អាចមាន​ក្នុង​ទម្រង់​ជាការ​ផ្តល់ប្រាក់​មិន​ស្របច្បាប់​សម្រាប់​ការស្រាវជ្រាវ ការ​លួច​កម្មសិទ្ធិបញ្ញា ការ​បំភ័យ​និស្សិត​បរទេស និង​ការទាក់ទាញ​មនុស្ស​មាន​សមត្ថភាព​ដោយ​មិន​បើកចំហ​ជាដើម​។​
 
​ចាប់​តាំងតែ​ពី​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​២ ស្ថិតក្នុង​ស្ថានភាព​អាក្រក់​ខ្លាំង និង​ជាពិសេស​ក្រោយពេល​បិទ​ស្ថាន​កុងស៊ុល​គ្នា​ទៅវិញទៅមក អាមេរិក​បានដាក់​ការ​រឹតបន្តឹង​ដល់​អ្នកការទូត​ចិន ដូចជា​តម្រូវ​ឲ្យ​ប្រាប់​ពី​ជំនួប​រវាង​មន្ត្រី​តាម​រដ្ឋ និង​មូលដ្ឋាន​នីមួយៗ ក៏ដូចជា​នៅ​ស្ថាប័ន​សិក្សា និង​ស្រាវជ្រាវ​ផងដែរ​។ 
 
​វិទ្យាស្ថាន​ខុង​ជឺ ក៏​ជា​មុខសញ្ញា​របស់​អាមេរិក​ដែរ​។ កាលពី​ថ្ងៃទី​១ កញ្ញា​កន្លងទៅ លោក ប៉ុ​ម​ប៉េ​អូ បានបង្ហាញ​សេចក្តី​សង្ឃឹមថា វិទ្យាស្ថាន​ខុង​ជឺ​នៅតាម​សាកលវិទ្យាល័យ​អាមេរិក នឹងត្រូវ​បិទ​ត្រឹម​ចុងឆ្នាំ​២០២០​។ វិទ្យាស្ថាន​នេះ ត្រូវបាន​ប្រមុខ​ការបរទេស​អាមេរិក ចោទប្រកាន់ថា​បាន​ធ​ជ្រើសរើស​គិញ​ឲ្យ​ចិន និង​ជា​អ្នក​រួមគំនិត​ក្នុង​សកម្មភាព​របស់​ចិន​នៅ​អាមេរិក​។​
 
​ក្រៅពីនេះ ក្រសួងការបរទេស​អា​មេ​រិ​ក ក៏​តម្រូវ​ឲ្យ​គ្រឹះស្ថាន​សារព័ត៌មាន​ចិន ចុះបញ្ជី​ជា​បេសកកម្ម​បរទេស​។ ចំណែក​កាលពី​ខែមីនា ក្រសួងការបរទេស​អា​មេ​រិ​ក បានប្រកាស​ឲ្យ​កាត់បន្ថយ​ចំនួន​អ្នកសារព័ត៌មាន​ដែល​អាច​បម្រើការ​នៅ​គ្រឹះស្ថាន​សារព័ត៌មាន​ចិន​ធំៗ ពី​១៦០​នាក់មក​សល់​ត្រឹម​១០០​នាក់​ទៀតផង​៕

Tag:
 ចិន​
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com