COVID-19
ជាតិ
អន្តរជាតិ
ក្រុងប៉េកាំង ទទួលជើងហោះហើរពី៨ប្រទេសឡើងវិញ ដោយកម្ពុជាដំណើរការមុនគេ
03, Sep 2020 , 5:06 pm        
រូបភាព
យន្តហោះអាកាសចរណ៍ China Southern ហោះហើរនៅព្រលានយន្តហោះទីក្រុងប៉េកាំង។ រូបភាព Xinhua
យន្តហោះអាកាសចរណ៍ China Southern ហោះហើរនៅព្រលានយន្តហោះទីក្រុងប៉េកាំង។ រូបភាព Xinhua
​រដ្ឋធានី​ប៉េកាំង បានចាប់ផ្ដើម​ទទួលយក​ជើងហោះហើរ​ពី​ប្រទេស​ចំនួន​៨​ឡើងវិញ​ចាប់ពី​ថ្ងៃទី​៣ ខែកញ្ញា​តទៅ ដែលជា​នេះ​ជា​សញ្ញា​បង្ហាញថា ទីក្រុង​ដ៏​ធំ​មួយ​នេះ​ចាប់ផ្ដើម​ដំណើរការ​ជា​ប្រក្រតី​ឡើងវិញ​។ ជើងហោះហើរ​ពី​កម្ពុជា ថៃ និង​ប្រទេស​ប៉ែក​ខាងលិច​៥​ទៀត ត្រូវបាន​អនុញ្ញាត​ឲ្យ​ធ្វើដំណើរ​ទៅ​ប៉េកាំង ព្រោះ​ប្រទេស​ទាំងនេះ​មាន​ហានិភ័យ​ជំងឺ COVID-19 ទាប​។

 
​ជើងហោះហើរ​ពី​កម្ពុជា​ទៅកាន់​ប៉េកាំង​នៅ​ថ្ងៃទី​៣ ខែកញ្ញា ជា​ជើងហោះហើរ​ទីមួយ​ដែល​ចុះចត​នៅ​ព្រលានយន្តហោះ​រដ្ឋធានី​ចិន គិត​តាំងពី​ខែមីនា​មក​។ ជាង​៦​ខែ​មកនេះ ប៉េកាំង ហាមឃាត់​ការធ្វើដំណើរ​តាមផ្លូវ​អាកាស​ពី​បរទេស​ដើម្បី​ទប់ស្កាត់​ការនាំ​ចូល​ជំងឺ COVID-19 ។ ក្រៅពី​កម្ពុជា ជើងហោះហើរ​ពី​ថៃ ក្រិ​ក ដា​ណឺ​ម៉ាក អូទ្រីស និង​កាណ​ដា ក៏​ទទួលបាន​ការអនុញ្ញាត​ផងដែរ​។​
 
​បើតាម​រដ្ឋបាល​អាកាសចរណ៍​ស៊ីវិល​ចិន ប្រទេស​ទាំងនេះ ទទួលបាន​ភ្លើង​ខៀវ​ពី​រដ្ឋាភិបាល​ចិន​ក្នុង​ចាប់ផ្ដើម​ការធ្វើដំណើរ​ជើង​អាកាស​ទៅកាន់​ប៉េកាំង ក្រោយ​ត្រូវបាន​វាយតម្លៃថា​មាន​ហានិភ័យ COVID-19 ទាប​។ នេះ​បើតាម​ការផ្សាយ​របស់​ទូ​រទស្ស​ន៍​ចិន CGTN នៅ​ថ្ងៃទី​៣ ខែកញ្ញា​។ យ៉ាងណាមិញ លក្ខខណ្ឌ​សុខភាព​តឹងរ៉ឹង នឹងត្រូវ​អនុវត្ត​ដដែល​។​
 
​អ្នកដំណើរ​ទាំងអស់​ដែល​ធ្វើដំណើរ​ទៅកាន់​ប៉េកាំង​តាម​ជើងយន្តហោះ​ក្រៅ​ស្រុក​ទាំងអស់ ត្រូវបាន​មាន​លិខិតបញ្ជាក់​អវិជ្ជមាន​ជំងឺ COVID-19 បី​ថ្ងៃមុន​ឡើង​យន្តហោះ ខណៈ​លើក​មុន​គឺ​៥​ថ្ងៃ​។ ទៅដល់​ចិន អ្នកដំណើរ​ទាំងអស់ ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​១៤​ថ្ងៃ នៅ​ទីតាំង​ក្រៅ​ប៉េកាំង​។ ពួកគេ ក៏ត្រូវ​ធ្វើតេស្ត​ម្ដងទៀត​មុន​ចាក​ចេញពី​ទីតាំង​នោះ ហើយ​ត្រូវ​រាយការណ៍​ពី​កម្ដៅ​របស់ខ្លួន​ចំនួន​៧​ថ្ងៃ​បន្ទាប់​។ 
 
​ក្នុង​សន្និសីទ​សារព័ត៌មាន​ថ្ងៃទី​៣ ខែកញ្ញា លោក Xu Hejian អ្នកនាំពាក្យ​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង បញ្ជាក់ថា ទីក្រុង នឹងមិន​ទទួល​អ្នកដំណើរ​លើសពី​មួយ​ពាន់​នាក់​ឡើយ ហើយ​មានតែ​ប្រជាជន​ចិន ប្រជាជន​ប្រទេស​ខាងលើ​ប៉ុណ្ណោះ ដែល​អនុញ្ញាត​ឲ្យ​ឡើង​យន្តហោះ​៕ 
 
 

Tag:
 ចិន​
  កម្ពុជា​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com