ជាតិ
​ទេសចរ​១,៤​លាន​នាក់​បាន​ចាក់​បញ្ចូល​លុយ​១០០​លាន​ដុល្លារ ជួយ​សេដ្ឋកិច្ចជាតិ អំឡុងពេល​ឈប់​សង​៥​ថ្ងៃ​
03, Sep 2020 , 5:59 pm        
រូបភាព
 ​ភ្នំពេញ​៖ ភ្ញៀវទេសចរ ជាង​១,៤ លាន​នាក់ បាន​ដើរ​កម្សាន្ត នៅក្នុង​អំឡុងពេល​ឈប់សម្រាក​៥​ថ្ងៃ ដែល​បាន​ចាក់​បញ្ចូល​លុយ​ជាង​១០០​លាន​ដុល្លារ ក្នុង​សេដ្ឋកិច្ចជាតិ នៅ​អំឡុងពេល​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​-១៩​នេះ​។ នេះ​បើតាម​លោក ទិ​ត ចន្ថា រដ្ឋលេខាធិការ​ប្រចាំការ នៃ​ក្រសួងទេសចរណ៍​។​

 
​លោក ទិ​ត ចន្ថា បាន​បញ្ជាក់ថា គិត​ជា​មធ្យម​ភ្ញៀវទេសចរ​១​នាក់ អាច​ចំណាយ​ក្រោម ឬ​ស្មើ​១០០​ដុល្លារ លើ​ការធ្វើដំណើរ ហូបចុក ស្នាក់នៅ ក្នុងអំឡុងពេល​សម្រាក​កម្សាន្ត​នេះ​។ សម្រាប់​លោក ទិ​ត ចន្ថា ថវិកា​១០០​លាន​ដុល្លារ ដែល​បានមកពី​ភ្ញៀវទេសចរ​នេះ គឺជា​ការជំរុញ​ចរន្ដ​សេដ្ឋកិច្ច​ផ្ទៃក្នុង​មួយ​ដ៏​ល្អ ក្នុង​កាលៈទេសៈ​ដែល​វិស័យ​ទេសចរណ៍​កម្ពុជា​កំពុង​ធ្លាក់ចុះ ដោយសារ​វិបត្តិ​កូ​វីដ​-១៩​នេះ​។​
 
​ថ្លែង​នៅក្នុង​សន្និសីទកាសែត ស្ដីពី «​ស្ថានភាព​វិស័យ​ទេសចរណ៍ ក្នុងអំឡុងពេល​នៃ​ការរីក​រាល​ជំងឺ​កូ​វីដ​១៩» នៅ​គណៈរដ្ឋមន្ត្រី នា​ព្រឹក​ថ្ងៃទី​៣ កញ្ញា រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍​រូបនេះ បានបញ្ជាក់​ដូច្នេះ​ថា​៖«​សរុបទៅ មាន​ភ្ញៀវ​ទេស​ប្រមាណ​១​លាន​កន្លះ ហើយ​បាន​ជំរុញ​ចរន្ត​សេដ្ឋកិច្ច​ផ្ទៃក្នុង​ដែល​យើង​បាន​ប៉ាន់ប្រមាណ​ជំហាន​ដំបូង​១០០​លាន​ដុល្លារ​សហរដ្ឋអាមេរិក ក្នុង​រយៈពេល​៩​ថ្ងៃ​(​រាប់ទាំង​ឈប់​សៅរ៍ និង​អាទិត្យ​)​កន្លងមកនេះ នៃ​ការឈប់​ជំនួស​នេះ​។ អ៊ីចឹង​១០០​លាន​ដុល្លារ​នេះ វា​ជា​ជំរុញ​សេដ្ឋកិច្ច​ផ្ទៃក្នុង​មួយ ក្នុងដំណាក់កាល​កូ​វីដ​-១៩»​។​
 
​ក្នុង​រយៈពេល​៩​ថ្ងៃ នៃ​ការឈប់​សម្រាក​នេះ តំបន់​ទេសចរណ៍​ជាច្រើន បាន​ជួប​បញ្ហា​កង្វះ​ការផ្គត់ផ្គង់​សេវាកម្ម​ទេសចរ​ដល់​ភ្ញៀវ ដូចជា​ភោជនីយដ្ឋាន អាហា​រដ្ឋា​ន និង​កន្លែង​ស្នាក់នៅ​ជាដើម ។ មូលហេតុ​ដែល​ជួប​បញ្ហា​ខ្វះខាត​សេវាកម្ម​ទេសចរណ៍ ដោយសារ​កន្លែង​អាជីវកម្ម​ទាំងនោះ ភាគច្រើន​រង​ផលប៉ះពាល់​ដោយសារ​បញ្ហា​វិបត្តិ​កូ​វីដ​-១៩ ដែលនាំឱ្យ​ម្ចាស់​អាជីវកម្ម បង្ខំចិត្ត​ផ្អាក​ដំណើរការ​អាជីវកម្ម​ខ្លួន​។ នេះ​បើតាម​លោក ទិ​ត ចន្ថា​។​
 
​តែ​យ៉ាងណា​រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍​រូបនេះ ស្នើ​ម្ចាស់​អាជីវកម្ម​ក្នុង​វិស័យ​ទេសចរណ៍​ទាំងនោះ ចាប់ផ្ដើម​ដំណើរការ​រកស៊ី​ខ្លួន​ឡើងវិញ ស្របពេល​ភ្ញៀវទេសចរ​នៅតែមាន​ឱកាស​ដើរ​កម្សាន្ត​តាម​តំបន់​ទេសចរណ៍ ។ ចំណែក​ក្រសួង ក៏​កំពុង​ជួយ​សម្របសម្រួល​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​អ្នកផ្ដល់​សេវាកម្ម​ទេសចរណ៍​ផងដែរ​។​
 
​អាជីវកម្ម​បម្រើឱ្យ​វិស័យ​ទេសចរណ៍ ៣០​ភាគរយ បាន​បើក​ដំណើរការ​ឡើងវិញ ក្នុងចំណោម​៩០​ភាគរយ ដែល​ត្រូវ​បិទទ្វារ ដោយសារ​កូ​វីដ​-១៩​។ ក្នុងនោះ កម្មករ និយោជិត ប្រមាណ​ជាង​១០​ម៉ឺន​នាក់ ក៏បាន​ចូល​បម្រើ​ការងារ​វិញ​ដែរ​។​នេះ​បើតាម​លោក ទិ​ត ចន្ថា​។​
 
​បើតាម​ការប៉ាន់ស្មាន​ប​ឋ​ម​របស់​រដ្ឋមន្ត្រី​ទេសចរណ៍​កន្លងមក កម្ពុជា​នឹង​បាត់បង់​ចំណូល​ពី​វិស័យ​ទេសចរណ៍​ប្រមាណ ៣,០០០​លាន​ដុល្លារ នៅក្នុង​ឆ្នាំ​២០២០​។ នេះ​បើតាម​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ក្នុង​កិច្ចប្រជុំ​រវាង​ក្រសួងទេសចរណ៍ និង​គណៈកម្មការ​ទី​៧​នៃ​រដ្ឋសភា នៅ​ព្រឹក​ថ្ងៃទី​១៣​សីហា​។​
 
 
​លោក ថោង ខុន បាន​បញ្ជាក់ថា ការបាត់បង់​ចំណូល​ពី​វិស័យ​ទេសចរណ៍​នេះ គឺ​ដោយសារតែ​ដំណើរ​កម្សាន្ត​របស់​ភ្ញៀវទេសចរ​ធ្លាក់ចុះ​ដ៏​ច្រើន​លើសលុប ពិសេស​ភ្ញៀវទេសចរ​អន្តរជាតិ​។  បើតាម​រដ្ឋមន្ត្រី​ទេសចរណ៍ នៅ​ឆ្នាំ​២០២០​នេះ ភ្ញៀវទេសចរ​អន្តរជាតិ​អាច​ធា្ល​ក់​ចុះ​ដល់​រង្វង់​៨០​ភាគរយ និង​ភ្ញៀវទេសចរ​ក្នុងស្រុក​ធ្លាក់ចុះ ក្នុង​វ​ង្វ​ង់​៥០​ភាគរយ​។​
 
​សម្រាប់​ឆ្នាំ​២០២០​នេះ កម្ពុជា​រំពឹង​ទទួល​ចំណូល​បាន​ជាង​៥​ពាន់​លាន​ដុ​លា្ល​រ ពី​ភ្ញៀវទេសចរ​ជាង​៧​លាន​នាក់ និង​ប្រមាណ​១០​ពាន់​លាន​ដុល្លារ​សម្រាប់​ឆ្នាំ​២០៣០ ពី​ភ្ញៀវទេសចរ​អន្តរជាតិ​១៥​លាន​នាក់​។ ប៉ុន្តែ​ក្តី​រំពឹង​នេះ បាន​ត្រឹម​ខកចិត្ត​ទៅវិញ ដោយសារ​បញ្ហា​វិបត្តិ​កូ​វីដ​-១៩ ដែល​បាន​រាតត្បាត​ទូទាំង​សកលលោក​៕

Tag:
 សេដ្ឋកិច្ច​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com