ខ្មែរ​ក្រហម
ជាតិ
ទួលស្លែង បានរង្វាន់ JIKJI នៃស្មារតីចងចាំពិភពលោកឆ្នាំ២០២០របស់យូណេស្កូ
04, Sep 2020 , 12:11 pm        
រូបភាព
ដោយ: រួបរួម
អង្គការយូណេស្កូ ដែលមានមូលដ្ឋាននៅក្រុងប៉ារីស កាលពីថ្ងៃទី១៧ ខែសីហា បានសម្រេចផ្តល់រង្វាន់ JIKJI នៃស្មារតីចងចាំពិភពលោកឆ្នាំ២០២០ ដល់សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង។ បើតាមក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ការសម្រេចផ្តល់រង្វាន់នេះ ធ្វើឡើងយ៉ាងម៉ត់ចត់បំផុតពីគណៈកម្មការវាយតម្លៃដែលជ្រើសរើសចេញពីគណៈកម្មាធិការទីប្រឹក្សាអន្តរជាតិនៃស្មារតីចងចាំពិភពលោករបស់អង្គការយូណេស្កូ។



រង្វាន់ UNESCO/Jikji Memory of the World Prize ត្រូវបានបង្កើតឡើងដើម្បីរំលឹកដល់ខួបនៃការចុះបញ្ជីសៀវភៅ Buljo Jikji Sinche Yojeol ឯកសារបោះចេញពីពុម្ពអក្សរលោហៈផ្គុំគ្នាដែលចាស់ជាងគេលើពិភពលោក នាអំឡុងពេលនៃកិច្ចប្រជុំរបស់អង្គការយូណេស្កូ កាលពីខែមេសា ឆ្នាំ២០០៤។

គោលបំណងនៃការបង្កើតកម្មវិធីនេះឡើង គឺដើម្បីចូលរួមលើកស្ទួយ និងលើកទឹកចិត្តដល់បុគ្គល ឬស្ថាប័នដែលខិតខំគាំពារ និងថែរក្សាមរតកឯកសារដោយផ្តោតលើទិសដៅអប់រំបណ្តុះបណ្តាល ការផ្សព្វផ្សាយ និងការចែករំលែកចំណេះដឹងដល់ប្រជាពលរដ្ឋគ្រប់ជាតិសាសន៍ និងគ្រប់វ័យ ហើយត្រូវបានផ្តល់រៀងរាល់២ឆ្នាំម្តង ចាប់ពីឆ្នាំ២០០៥មក។

សារមន្ទីរទួលស្លែង ជាស្ថាប័នទី៨ ដែលទទួលបានរង្វាន់នេះ តាមរយៈការងារថែរក្សាអភិរក្សឯកសារ បណ្ណសាររូបថត និងការរៀបចំប្រព័ន្ធទិន្នន័យរួមមួយដែលផ្តល់ភាពងាយស្រួលដល់សារធារណជនក្នុងការស្វែងរកឯកសារ។



តាមគេហទំព័រយូណេស្កូ ស្ថាប័នដែលឈ្នះរង្វាន់នេះកន្លងមករួមមាន SAVAMA DCI (២០១៨), Iberarchivos Programme for the Development of Ibero-Ameran Archives (២០១៦), Apoyo al Desarrollo de Archivos y Bibliotecas (២០១៣), National Archives of Australia (២០១១), National Archives of Malaysia (២០០៩), Phonogrammarchiv, Austrian Academy of Sciences (២០០៧), National Library of the Czech Republic (២០០៥)៕


Tag:
 ទួលស្លែង
© រក្សាសិទ្ធិដោយ thmeythmey.com