អន្តរជាតិ
នយោបាយអន្តរជាតិ
លោក ត្រាំ លើកទឹកចិត្តឲ្យអ្នកគាំទ្របោះឆ្នោតឲ្យបាន២ដង ទោះជារឿងខុសច្បាប់ក្ដី លោក ដូណាល់ ត្រាំ និយាយជាមួយអ្នកគាំទ្រនៅរដ្ឋ North Carolina កាលពីថ្ងៃទី ២ ខែកញ្ញា (AFP)
× ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានទទូចឲ្យអ្នកគាំទ្រលោកក្នុងរដ្ឋ North Carolina ដែលជាសមរភូមិនយោបាយដ៏សំខាន់ ព្យាយាមបោះឆ្នោតឲ្យបាន២លើកក្នុងការបោះឆ្នោតប្រធានាធិបតីនៅថ្ងៃទី ៣ ខែវិច្ឆិកា ខាងមុខ។ លោក ប្រាប់ពួកគេឲ្យបោះឆ្នោតម្ដងតាមរយៈការផ្ញើតាមប្រៃសណីយ៍ និងម្ដងទៀតដោយផ្ទាល់ដល់មណ្ឌលបោះឆ្នោត។
លោក ដូណាល់ ត្រាំ បានបន្តលើកឡើងដោយគ្មានភស្តុតាងថា ការបោះឆ្នោតតាមរយៈផ្ញើសន្លឹកឆ្នោតតាមប្រៃសណីយ៍ នឹងបង្កើនលទ្ធភាពនៃការលួចបន្លំ និងបង្អាក់ដល់ការបោះឆ្នោតនាខែវិច្ឆិកា ទោះបីជាអ្នកជំនាញ អះអាងថា វាជាកម្រនឹងកើតមានបំផុតក្នុងសហរដ្ឋអាមេរិក។
ក្នុងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍មួយ នៅថ្ងៃ២ ខែកញ្ញា ក្នុងទីក្រុង Wilmington រដ្ឋ North Carolina លោកប្រធានាធិបតី លើកទឹកចិត្តឲ្យប្រជាជនក្នុងរដ្ឋនេះបោះឆ្នោត២ដង ដោយម្ដងតាមរយៈផ្ញើសន្លឹកឆ្នោតតាមប្រៃសណីយ៍ និងម្ដងទៀតបោះដោយផ្ទាល់នៅមណ្ឌលបោះឆ្នោត។
ត្រង់ចំណុចនេះ លោកអះអាងថា ការធ្វើបែបនេះគឺដើម្បីធ្វើតេស្តលើប្រព័ន្ធបោះឆ្នោតនេះ។ «ប្រសិនបើប្រព័ន្ធនេះល្អដូចដែលពួកគេនិយាយមែននោះ ដូច្នេះច្បាស់ណាស់ ពួកគេនឹងមិនអាចបោះឆ្នោតដោយផ្ទាល់នៅមណ្ឌលបាននោះទេ»។ លោក ដូណាល់ ត្រាំ និយាយបែបនេះ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ។
នៅអាមេរិក ការបោះឆ្នោតលើសពីមួយលើក គឺជារឿងខុសច្បាប់ ហើយក្នុងរដ្ឋអាមេរិកខ្លះ រួមទាំង រដ្ឋ North Carolina ផងនោះ ការលើកទឹកចិត្តឲ្យអ្នកផ្សេងធ្វើបែបនេះ ក៏ជាទោសផងដែរ ។ យ៉ាងណាមិញ ក្រុមយុទ្ធនាការបោះឆ្នោតរបស់លោកត្រាំ និងសេតវិមានអាមេរិក បានអះអាងថា លោកប្រធានាធិបតីគ្មានន័យប្រាប់ឲ្យប្រជាជនបោះឆ្នោត២ដងនោះទេ។
ប្រាប់ទូរទស្សន៍អាមេរិក Fox News នៅថ្ងៃទី ៣ ខែកញ្ញា អ្នកនាំពាក្យសេតវិមានអាមេរិក អ្នកស្រី Kayleigh McEnany បញ្ជាក់ថា លោកប្រធានាធិបតីមិនលើកទឹកចិត្តឲ្យអ្នកគាំទ្រលោកធ្វើរឿងមិនល្អបែបនេះឡើយ។ ត្រង់ចំណុចនេះ អ្នកស្រីបកស្រាយដូច្នេះថា៖«អ្វីដែលលោកបាននិយាយគឺចង់ធានាថា សន្លឹកឆ្នោតរបស់អ្នក គឺរាប់បញ្ចូលក្នុងតារាង ហើយបើសិនជាអត់ទេនោះ ដូច្នេះ [អ្នក] បោះឆ្នោត [ដោយផ្ទាល់នៅមណ្ឌល]»។
សូមបញ្ជាក់ថា ជំងឺរាតត្បាតសកល COVID-19 ទំនងជាធ្វើឲ្យមានការកើនឡើងការបោះឆ្នោតតាមរយៈការផ្ញើសន្លឹកឆ្នោតតាមប្រៃសណីយ៍សម្រាប់ការបោះឆ្នោតឆ្នាំនេះ។ គោលដៅគឺដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺ។ គិតមកត្រឹមថ្ងៃទី៤ ខែសីហា ករណីឆ្លង COVID-19 សរុបឡើងដល់៦,១៦លានករណី ក្នុងនោះស្លាប់ ១៨,៧ម៉ឺននាក់៕
Tag:
សហរដ្ឋអាមេរិក
ដូណាល់ ត្រាំ
ការបោះឆ្នោតអាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com