ភ្នំពេញ៖ រាជរដ្ឋាភិបាលកំពុងរៀបចំផែនការមេអភិវឌ្ឍទេសចរណ៍ក្នុងខេត្តចំនួនបី សម្រាប់អនុវត្តនៅក្នុងឆ្នាំ២០២០រហូតដល់២០៣៥។ ផែនការមេអភិវឌ្ឍទេសចរណ៍ក្នុងខេត្តចំនួន៣នោះ មានមណ្ឌលគិរី កែប និងសៀមរាប។ នេះបើយោងរបាយការណ៍របស់ក្រសួងទេសចរណ៍។
ក្នុងសន្និសីទសារព័ត៌មានស្តីពី៖«ស្ថានភាពវិស័យទេសចរណ៍ក្នុងកំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩» នៅទីស្តីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី៣កញ្ញា លោក ទិត ចន្ថា រដ្ឋលេខាធិការប្រចាំការរបស់ក្រសួងទេសចរណ៍ មានប្រសាសន៍ថា ការអនុវត្តផែនការមេអភិវឌ្ឍទេសចរណ៍នេះឡើង គឺដើម្បីឆ្លុះបញ្ចាំងពីអត្តសញ្ញាណ និងសក្កានុពលនៃតំបន់នីមួយៗនៅកម្ពុជា។
រដ្ឋលេខាធិការប្រចាំការរបស់ក្រសួងទេសចរណ៍រូបនេះ បន្តរៀបរាប់ពីគោលដៅនៃការបង្កើតផែនការមេសម្រាប់អភិវឌ្ឍទេសចរណ៍នៃខេត្តនីមួយៗទាំងបីខាងលើ ថា សម្រាប់ផែនការមេអភិវឌ្ឍទេសចរណ៍ខេត្តសៀមរាប គឺជាគោលដៅទេសចរណ៍ផ្នែកវប្បធម៌ និងបេតិកភណ្ឌដ៏ល្អសម្រាប់កម្ពុជា និងតំបន់ទាំងមូល តាមរយៈវត្តមាននៃប្រាសាទអង្គរវត្ត។
លោក ទិត ចន្ថា រដ្ឋលេខាធិការប្រចាំការក្រសួងទេសចរណ៍
បើតាមលោក ទិត ចន្ថា ចក្ខុវិស័យដែលរដ្ឋាភិបាលតាមរយៈក្រសួងទេសចរណ៍បង្កើតផែនការមេអភិវឌ្ឍទេសចរណ៍សម្រាប់ខេត្តសៀមរាប គឺដើម្បីចង់ដឹងថា តើការអភិវឌ្ឍដល់ឆ្នាំ២០៣៥នេះ ខេត្តសៀមរាប-អង្គរ នឹងទទួលបានភ្ញៀវទេសចរប្រភេទណាខ្លះ ហើយចំនួនប៉ុន្មាន? តើខេត្តសៀមរាបនេះ នឹងអភិវឌ្ឍដោយតម្រង់ទៅរកគោលដៅទេសចរណ៍មួយណា ទាំងការចាប់យកគោលដៅវប្បធម៌បេតិកភណ្ឌពិភពលោកផង និងទាំងការចាប់យកនូវផ្នែកពាក់ព័ន្ធផងដែរ?
«ផ្នែកពាក់ព័ន្ធវិស័យទេសចរណ៍ខេត្តសៀមរាប-អង្គរ មានតំបន់អេកូទេសចរណ៍ដែលជាប់បឹងទន្លេសាប និងតំបន់បេតិភណ្ឌដែលមាននៅក្បែរៗគ្នា»។ នេះជាការលើកឡើងរបស់លោក ទិត ចន្ថា ដោយបញ្ជាក់ថាខេត្តដែលពាក់ព័ន្ធនឹងបេតិកភណ្ឌពិភពលោក ដែលអាចជាកម្លាំងគាំទ្រដល់ផ្នែកទេសចរណ៍ក្នុងខេត្តសៀមរាប មានខេត្តកំពង់ធំ ព្រះវិហារ បាត់ដំបង និងខេត្តនៅជុំវិញផ្សេងៗ។
ដោយឡែក ខេត្តមណ្ឌលគិរី បានកា្លយជាតំបន់មានសក្កានុពលខ្លាំងផ្នែកអេកូទេសចរណ៍ និងកសិទេសចរណ៍ដ៏សំខាន់ធំមួយនៃភូមិភាគឦសាន។ ពិសេសគឺមានអាកាសធាតុដែលអំណោយផលយ៉ាងល្អដែលជាផលិតផលទេសចរណ៍ទោសមួយ ដែលខេត្តផ្សេងៗមិនមានឡើយ។ នេះបើតាមការលើកឡើងរបស់លោក ទិត ចន្ថា ដោយបន្តថាសម្រាប់ផែនការមេអភិវឌ្ឍទេសចរណ៍នៅខេត្តនេះ គឺមានលក្ខណៈផ្តោតទៅលើអ្វីដែលសក្កានុពលមានស្រាប់នៅក្នុងតំបន់។
លោកបានបញ្ជាក់ថា ផលិតផលទេសចរណ៍ដែលជាភាពទោលផ្តោតលើអាកាសធាតុនៅក្នុងខេត្តមណ្ឌលគិរីនេះ គឺអាចទាក់ទាញភ្ញៀវទេសចរទៅកាន់ច្រើន ដោយតភ្ជាប់គ្នាទៅកាន់គោលដៅផ្សេងៗ ពីសៀមរាប ភ្នំពេញ ព្រះសីហនុ... ទៅកាន់តំបន់ឦសាននេះ។ បើតាមមន្ត្រីជាន់ខ្ពស់នៃក្រសួងទេសចរណ៍រូបនេះ គម្រោងកសាងព្រលានយន្តហោះថ្មីនៅក្នុងខេត្តនេះ គឺបានស្ថិតនៅក្នុងផែនការមេអភិវឌ្ឍទេសចរណ៍ខេត្តមណ្ឌលគិរីតែម្តង។
សម្រាប់ការអនុវត្តផែនការមេអភិវឌ្ឍទេសចរណ៍នៅខេត្តកែបរហូតដល់ឆ្នាំ២០៣៥ដែរនោះ គឺនឹងក្លាយគោលដៅទេសចរណ៍សម្រាកលំហែកម្រិតខ្ពស់។ លោកទិត ចន្ថា បានបញ្ជាក់ គោលដៅសម្រាកលំហែកម្រិតខ្ពស់នេះ គឺសំដៅទៅលើភ្ញៀវនឹងទទួលខ្យល់អាកាសល្អ មានឆ្នេរស្រស់ស្អាត មានអាហារសមុទ្រល្អ និងមានទេសភាពតំបន់ល្អជាដើម។ ប៉ុន្តែផែនការមេអភិវឌ្ឍទេសចរណ៍នៅខេត្តកែបនេះ គឺមិនឱ្យមានទេសចរណ៍បែបកម្សាន្ត និងសកម្មភាពកម្សាន្ត(កាស៊ីណូ, ការ៉ាអូខេ...)ដូចខេត្តព្រះសីហនុឡើយ។
រដ្ឋលេខាធិការប្រចាំការនៃក្រសួងទេសចរណ៍រូបនេះ បានអះអាងថាការរៀបចំផែនការមេអភិវឌ្ឍទេសចរណ៍នៅតាមខេត្តនីមួយៗ គឺជាបែកចែកកន្លែងភ្ញៀវទេសចរជាតំបន់ ហើយក៏ដូចជាការធ្វើឱ្យមានភាពគ្នាខ្លះនៃតំបន់គោលដៅទេសចរណ៍នីមួយៗ ដើម្បីទាក់ភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យទៅកាន់តំបន់គោលដៅទាំងអស់នោះបានកាន់ច្រើន និងស្នាក់នៅបានយូរ សម្រាប់ចំណាយទៅសេដ្ឋកិច្ចក្នុងចរន្តវិស័យទេសចរណ៍។ បើតាមលោក ទិត ចន្ថា ក្រៅពីខេត្តទាំង៣នេះ ក្រសួងក៏មានផែនការមេសម្រាប់អភិវឌ្ឍទេសចរណ៍នៅខេត្តផ្សេងទៀតផងដែរ៕