អតីតមន្ត្រី​CNRP ១២​នាក់​ហើយ ដែល​បាន​​សិទ្ធិ​ធ្វើ​នយោបាយ​វិញ
ជាតិ
​​​ន​យោ​បាយ​ជាតិ​
អតីតមន្ត្រី​CNRP ១២​នាក់​ហើយ ដែល​បាន​​សិទ្ធិ​ធ្វើ​នយោបាយ​វិញ
04, Sep 2020 , 3:28 pm        
រូបភាព
​ភ្នំពេញ​៖ គិត​ត្រឹម​ថ្ងៃទី​៤ កញ្ញា​នេះ មន្ត្រីជាន់ខ្ពស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​១២​រូប​ហើយ ដែល​បាន​​សិទ្ធិ​ធ្វើ​នយោបាយ​វិញ ក្រោយពី​គណបក្ស​ត្រូវបាន​តុលាការ​រំលាយ ជាង​២​ឆ្នាំ​។ លោក សុន ឆ័យ និង​មន្ត្រី​២​រូប​ទៀត ទើបតែ​ទទួលបាន​សិទ្ធិ​នយោបាយ​វិញ កាលពី​ថ្ងៃទី​៣ កញ្ញា តាម​ព្រះរាជក្រឹត្យ​របស់ ព្រះមហាក្សត្រ​។​

 
​មន្ត្រីជាន់ខ្ពស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ លោក គង់ គាំ និង​កូនប្រុស​ច្បង​ខ្លួន គឺ​លោក គង់ បូរ៉ា គឺជា​មនុស្ស​ដំបូង​គេ ដែល​ស្នើសុំ​នីតិ​សម្បទា​នយោបាយ​វិញ កាលពី​ខែមករា ឆ្នាំ​២០១៩ ក្នុងចំណោម​មនុស្ស​១១៨​នាក់ ដែល​ត្រូវបាន​ហាម​ឃាត់​ធ្វើ​សកម្មភាព​នយោបាយ​៥​ឆ្នាំ​។ ការចាកចេញ​ពី​បក្សប្រឆាំង​របស់​អ្នក​ទាំងពីរ​នេះ អម​ជាមួយ​ការរិះគន់​លើ​លោក សម រង្ស៊ី មេដឹកនាំ​ខ្លួន​ផងដែរ​។ ក្រោយ​ទទួលបាន​សិទ្ធិ​ធ្វើ​នយោបាយ​វិញ លោក គង់ គាំ ក៏​ទៅ​ចូលរួម​សកម្មភាព​នយោបាយ​ជាមួយ​កូនប្រុស​ពៅ​ខ្លួន គឺ​លោក គង់ មូ​នី​កា ប្រធាន​គណបក្ស​ឆន្ទៈ​ខ្មែរ​។ បច្ចុប្បន្ន​លោក គង់ គាំ មាន​តួនាទី​ជា​ប្រធានកិត្តិយស​គណបក្ស​មួយ​នេះ​។ ចំណែក​លោក គង់ បូរ៉ា ក៏​ទៅ​ចូលរួម​ជីវភាព​នយោបាយ​ជា​គណបក្ស​ប្រជាជន​កម្ពុជា​ដែរ​។​
 
​ក្រោយ​ឃើញ​ឪពុក​កូន​ទាំងពីរ ធ្វើ​សកម្មភាព​នយោបាយ​វិញ​នេះ មន្ត្រី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ផ្សេងទៀត ក៏​យក​គំរូ​តាម​។ អ្នក​សុំ​សិទ្ធិ​ជា​បន្តបន្ទាប់​នោះ​រួមមាន លោក ស៊ីម សុវណ្ណនី ហៅ ស៊ីម វ៉ាន់​នី ,​លោក រៀល ខេ​ម​រិ​ន្ទ្រ ,​លោក អ៊ូ ច័ន្ទ​រ័ត្ន ,​លោក កង គឹម​ហាក់ ,​លោក ជីវ កត្តា ,​លោក ច័ន្ទ សិលា និង​លោកស្រី ទេព សុ​ទ្ធី ជាដើម​។ ពួកគេ​ទាំងនេះ សុទ្ធតែ​អះអាងថា ខ្លួន​នៅតែ​ស្រលាញ់​ជីវភាព​នយោបាយ ដោយ​ចង់​ចូលរួម​ដោះស្រាយ​បញ្ហា​សង្គម​។​
 
​បន្ទាប់ពី​មាន​សិទ្ធិ​ធ្វើ​នយោបាយ​ហើយ លោក រៀល ខេ​ម​រិ​ន្ទ្រ , លោក កង គឹម​ហាក់ ,​លោក ជីវ កត្តា បាន​ងាក​ទៅ​បង្កើត​គណបក្ស​ថ្មី​រៀងៗខ្លួន​។ លោក រៀល ខេ​ម រិ​ន្ទ្រ បានសម្រេច​គណបក្ស​ខ្មែរ​អភិរក្សនិយម កាលពី​ខែកញ្ញា ឆ្នាំ​២០១៩​។ ស្ថាបនិក​បក្ស លោក រៀល ខេ​ម​រិ​ន្ទ្រ អះអាងថា ការបង្កើត​បក្ស​ថ្មី​នេះ មិនមែន​ដើម្បី​ដើរតួរ​ជំនួស​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​នោះទេ ពោលគឺ​លោក​ចង់​ប្រើប្រាស់​នយោបាយ​បែប​ទន់ភ្លន់ ដើម្បី​ចូលរួម​ដោះស្រាយ​បញ្ហា​ជាតិ ដែល​លោក​យល់ឃើញថា វា​ប្រសើរ​ជាង​ការរិះគន់​វាយប្រហារ​នយោបាយ​គ្នា​ទៅវិញទៅមក​។ 
 
​មិន​ខុសពី​លោក រៀល ខេ​ម​រិ​ន្ទ្រ ទេ លោក កង គឹម​ហាក់ និង​លោក ជីវ កត្តា ក៏​ទៅ​បង្កើត​បក្សរួមគ្នាមួយ​ឈ្មោះថា គណបក្ស​ខ្មែរ​ស្រលាញ់​ជាតិ ដែរ​។ លោក កង គឹម​ហាក់ ធ្លាប់បាន​បញ្ជាក់ថា គោលបំណង​ដែល​បង្កើត​បក្ស​ខ្មែរ​ស្រលាញ់​ជាតិ​នេះ ក្នុង​គោលដៅ​ស្មារតី​សង្គ្រោះ​ជាតិ បង្កើត​វប្បធម៌​នយោបាយ​ថ្មី បង្រួបបង្រួម​អ្នកស្នេហាជាតិ និង​អ្នកប្រជាធិបតេយ្យ ផ្សះផ្សាជាតិ និង​តស៊ូ​មតិ​តាម​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ​។​
 
​ចំណែក​លោក អ៊ូ ច័ន្ទ​រ័ត្ន កំពុង​ពិចារណា​លើ​ការបង្កើត​គណបក្ស​ថ្មី ខណៈ​លោក សុន ឆ័យ , លោក វ៉ា សាម៉ុន និង​លោក តាវ គឹមឈុន ទើបតែ​ទទួលបាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ តាម​ព្រះរាជក្រឹត្យ​របស់ ព្រះមហាក្សត្រ កាលពី​ថ្ងៃទី​៣ កញ្ញា​។​
 
​បច្ចុប្បន្ន​មន្ត្រី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ១០៥​នាក់ កំពុង​ជួប​បម្រាម​នយោបាយ ក្រោយពី​មនុស្ស​១២​នាក់​សម្រេចចិត្ត​សុំ​សិទ្ធិ​ធ្វើ​សកម្មភាព​វិញ​។ តែ​ការស្នើសុំ​សិទ្ធិ​នយោបាយ​វិញ​នេះ ហាក់ដូចជា​ផ្ទុយ​នឹង​ការអំពាវនាវ​របស់លោក សម រង្ស៊ី មេដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​។ លោក សម រង្ស៊ី ដែល​មិន​ចង់ឱ្យ​មន្ត្រី​ខ្លួន​សុំ​នីតិសម្បទា​នយោបាយ​នេះ ធ្លាប់​សង្កត់ធ្ងន់ថា អ្នក​ដែល​សុំ​សិទ្ធិ​នយោបាយ​វិញ គឺជា​អ្នក​ក្បត់បក្ស និង​អ្នកគាំទ្រ​ខ្លួន​។​
 
​តុលាការ​កំពូល បានសម្រេច​រំលា​យគណ​បក្ស​សង្គ្រោះ​ជាតិ កាលពី​ថ្ងៃទី​១៦ វិច្ឆិកា ឆ្នាំ​២០១៧ ។ ថ្នាក់ដឹកនាំ​នយោបាយ​របស់​គណបក្ស​ប្រឆាំង ចំនួន​១១៨(​ក្នុងនោះ​ស្លាប់​១​នាក់​)​នាក់ ក៏​ត្រូវបាន​តុលាការ សម្រេច​ផ្អាក​សកម្មភាព​នយោបាយរ​យៈ​ពេល​៥​ឆ្នាំ តាម​សំណើ​របស់​ក្រសួងមហាផ្ទៃ​។​
 
​ជាង​២​ឆ្នាំមុន ក្រសួងមហាផ្ទៃ បាន​យក​ករណី​របស់លោក កឹម សុខា ដែល​ត្រូវបាន​សង្ស័យថា​ប្រព្រឹត្ត​អំពើ​ក្បត់ជាតិ ទៅ​ផ្សារភ្ជាប់​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំងមូល ដើម្បី​ធ្វើជា​ភស្តុតាង​ដាក់​ទៅ​តុលាការ​។ ក្រសួងមហាផ្ទៃ យល់ថា គណបក្ស​សង្គ្រោះ​ជាតិ ក៏​អាច​ជាប់ទាក់ទង​នឹង​អំពើ​ក្បត់ជាតិ ដូច​លោក កឹម សុខា ដែរ ទើបបានជា​សុំ​ឲ្យ​តុលាការ​កំពូល​រំលាយចោល ហើយ​ថែមទាំង​សុំ​ឲ្យ​ដកសិទ្ធិ​ពី​ថ្នាក់ដឹកនាំ​គណបក្សប្រឆាំង​ដ៏​ធំ​មួយ​នេះ ។ បច្ចុប្បន្ននេះ លោក កឹម សុខា កំពុងស្ថិត​នៅក្នុង​ដំណើការ​រឿងក្តី «​គប់គិត​ជាមួយ​បរទេស​»៕

Tag:
 CNRP
  នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com