អន្តរជាតិ
បារាំង និងសហភាពអឺរ៉ុបចេញមុខរិះគន់អាមេរិក ចំពោះការដាក់ទណ្ឌកម្មលើមន្ត្រី ICC រដ្ឋមន្រ្តីការបរទេសបារាំង Jean-Yves Le Drian (ឆ្វេង) និងលោក Josep Borrell ប្រមុខការទូតអឺរ៉ុបនាពេលកន្លងមក។ រូបភាព AFP
× បារាំង និងសហភាពអឺរ៉ុប នៅថ្ងៃទី៣ ខែកញ្ញា បានចេញមុខរិះគន់អាមេរិកចំពោះការដាក់ទណ្ឌកម្មសេដ្ឋកិច្ចទៅលើអគ្គរដ្ឋអាជ្ញានៃតុលាការព្រហ្មទណ្ឌអន្តរជាតិ(ICC)។ បារាំង បាននិយាយថា អាមេរិកបានធ្វើការវាយប្រហារយ៉ាងធ្ងន់ធ្ងរទៅលើស្ថាប័នយុត្តិធម៌ពិភពលោក ខណៈអឺរ៉ុប នឹងបន្តគាំទ្រស្ថាប័នយុត្តិធម៌នេះទៀត។
លោកម៉ៃ ប៉ុមប៉េអូ រដ្ឋមន្ត្រីការបរទេសអាមេរិក កាលពីថ្ងៃទី២ ខែកញ្ញាបានសម្រេចដាក់ទណ្ឌកម្មសេដ្ឋកិច្ចទៅលើលោកស្រី Fatou Bensoudaអគ្គរដ្ឋអាជ្ញារនៃតុលាការ និងមន្ត្រីជាន់ខ្ពស់មួយរូបទៀត។ ទណ្ឌកម្មនេះធ្វើឡើង ក្រោយតុលាការសម្រេចអនុញ្ញាតឲ្យបើកការស៊ើបអង្កេតលើបទល្មើសសង្គ្រាមប្រព្រឹត្តដោយទាហានអាមេរិក នៅអាហ្វហ្កានីស្ថាន។
បារាំង មិនគាំទ្រអាមេរិកលើរឿងនេះឡើយ។ ប្រមុខការបរទេសបារាំង លោក Jean-Yves Le Drian បានរិះគន់អាមេរិកថា វិធានការប្រកាសនៅថ្ងៃទី២ កញ្ញា ស្មើទៅនឹងការវាយប្រហារលើតុលាការ និងហត្ថលេខីនៃលក្ខន្តិកៈក្រុងរ៉ូម។ លោកបន្ថែមថា វាក៏បង្កើតជាឧបសគ្គចំពោះគោលការណ៍ពហុនិយម និងឯករាជ្យភាពរបស់តុលាការដែរ។
ចំណែកសហភាពអឺរ៉ុបវិញ អ្នកនាំពាក្យរបស់លោកJosep Borrell ប្រមុខការទូតអឺរ៉ុប បានបង្ហាញការគាំទ្រដល់តុលាការ ដោយលើកឡើងថា តុលាការព្រហ្មទណ្ឌអន្តរជាតិកំពុងរងបញ្ហាប្រឈមពីខាងក្រៅឥតឈប់ឈរ។ បើតាមទីភ្នាក់ងារព័ត៌មាន AFP មន្ត្រីនាំពាក្យដដែលបន្តថា សហភាពអឺរ៉ុប នឹងប្រឆាំងការប៉ុនប៉ងទាំងឡាយណាដែលធ្វើឲ្យប៉ះពាល់ដល់ប្រព័ន្ធយុត្តិធម៍អន្តរជាតិ ដោយរារាំងការងារស្នូលរបស់ស្ថាប័នតុលាការ។
មិនត្រឹមតែរដ្ឋឡើយដែលប្រឆាំងទណ្ឌកម្មអាមេរិក សូម្បីតែអង្គការសិទ្ធិមនុស្ស Human Rights Watch ក៏ចេញមុខរិះគន់ទីក្រុងវ៉ាស៊ីនតោនដែរ។ អង្គការមួយនេះបានលើកឡើងថាការ សកម្មភាពរបស់រដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ បង្ហាញពីការមិនខ្វាយខ្វល់ចំពោះជនរងគ្រោះនៃបទល្មើសដ៏អាក្រក់បំផុតក្នុងពិភពលោក។
មិនមែនជារឿងចម្លែកដែលអាមេរិកចាត់វិធានការបែបនេះ។ កាលពីឆ្នាំ២០០២ សភាអាមេរិកថែមទាំងបានអនុម័តច្បាប់ Hague Invasion Act ដែអនុញ្ញាតឲ្យប្រធានាធិបតីប្រើកម្លាំងយោធា ដើម្បីដោះលែងកងទ័ពអាមេរិកក្នុងករណីត្រូវបាន ICC ឃុំឃាំងទៀតផង។ កាន់តែភ្ញាក់ផ្អើល ច្បាប់នេះ ក៏អនុញ្ញាតឲ្យទាហានអាមេរិកវាយចូលទីក្រុងឡាអេ ប្រទេសហូឡង់ដែលជាទីស្នាក់ការរបស់តុលាការទៅទៀត។
ការខ្វែងគំនិតគ្នាពេលនេះ ជាចំណែកតូចមួយនៃការគោលនយោបាយបញ្ច្រាសគ្នារវាងអឺរ៉ុប និងអាមេរិក ក្រោយការដាក់ចេញគោលនយោបាយជាតិនិយមរបស់លោកត្រាំ ដែលគិតពីប្រយោជន៍អាមេរិកជាមុន នៅពេលសហភាពអឺរ៉ុបមានទំនោរដឹកនាំបែបពហុនិយម។ សំណុំរឿងជាច្រើនដូចជាពាណិជ្ជកម្ម កម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ ការប្រែប្រួលអាកាសធាតុ និងតួនាទីក្នុងការដឹកនាំរបស់អង្គការណាតូ សុទ្ធតែជារឿងអាមេរិក និងអឺរ៉ុបដើរផ្ទុយគ្នា៕
© រក្សាសិទ្ធិដោយ thmeythmey.com