ជាតិ
សង្គមជាតិ
ចម្លាក់ប្រអប់ព្រះហស្ថឆ្វេងព្រះពុទ្ធរូប ត្រូវបានប្រទះឃើញនៅប្រាសាទបាយ័ន ចម្លាក់ប្រអប់ព្រះហស្ថព្រះពុទ្ធរូបខាងឆ្វេងដែលធ្វើពីថ្មភក់ ដែលមានទំហំបណ្តោយ០.៩៥ម៉ែត្រ ទទឹង០.៤២ម៉ែត្រ និងកម្រាស់០.២៤ម៉ែត្រ
× ភ្នំពេញ៖ ចម្លាក់ប្រអប់ព្រះហស្ថឆ្វេងព្រះពុទ្ធរូបដែលមន្ត្រីចុះបញ្ជីបេតិកភណ្ឌរូបីនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការបានប្រទះឃើញនៅប្រាសាទបាយ័ននោះត្រូវបានយកទៅរក្សាទុកនៅក្នុងមជ្ឈមណ្ឌលអាជ្ញាធរជាតិអប្សរា ដើម្បីចុះបញ្ជី និងរក្សាទុករង់ចាំការជួសជុលនៅថ្ងៃអនាគត។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ជាក់ថា ចម្លាក់ប្រអប់ព្រះហស្ថព្រះពុទ្ធរូបខាងឆ្វេងដែលធ្វើពីថ្មភក់ ដែលមានទំហំបណ្តោយ០.៩៥ម៉ែត្រ ទទឹង០.៤២ម៉ែត្រ និងកម្រាស់០.២៤ម៉ែត្រ ក្រោមសភាពមិនទាន់ឆ្លាក់រួចរាល់នៅឡើយទេ ដោយមានស្នាមមុខពន្លាក និងមិនទាន់ខាត់រលីងនៅឡើយទេ។
បើតាមក្រសួងវប្បធម៌ ចម្លាក់នោះត្រូវបានក្រុមការងារចុះបញ្ជីបេតិកភណ្ឌរូបីនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការ ប្រទះឃើញនៅក្នុងព្រៃខាងត្បូងចម្ងាយប្រហែល៣០០ម៉ែត្រពីប្រាសាទបាយ័ន។
លោក ឈូក សុម៉ាឡា មន្ត្រីចុះបញ្ជីបេតិកភណ្ឌរូបីនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការដែលបានចុះទៅដល់ទីតាំងនោះបានបញ្ជាក់ថា ចម្លាក់ដែលមានត្រឹមកដៃនិងម្រាមទាំង៥ ដែលលាផ្ងារបាតដៃទៅលើនេះ គឺស្ថិតនៅក្នុងសម័យកណ្តាល ទំនងជាព្រហស្ថព្រះពុទ្ធបដិមាក្នុងកាយវិការភូមិស្បស៌មុទ្រា ឬហៅថាកាយវិការមារវិជ័យ ឬផ្ចាញ់មារ។ ទម្រង់កាយវិការនោះ ព្រះពុទ្ធទ្រង់គង់ភ្នែន ដោយយកព្រះហស្ថខាងស្តាំដាក់ផ្កាប់លើភ្លៅសំយ៉ុងម្រាមដៃចង្អុលទៅធរណី។ រីឯព្រះហស្ថឆ្វេងដាក់នៅលើចន្លោះភ្លៅ ហើយលាផ្ងារបាតព្រះហស្ថទៅលើ។
លោក ឈូក សុម៉ាឡា បានសន្និដ្ឋានរូបចម្លាក់នោះជាកាយវិការភូមិស្បស៌មុទ្រា ដោយយោងទៅលើហេតុផល ដែលមានព្រះពុទ្ធបដិមាធំៗចំនួន២អង្គដែលស្ថិតនៅជុំវិញប្រាសាទបាយ័ន រួមមាន ព្រះអង្គឥន្ទ្រទេព និងព្រះអង្គងោក គឺសុទ្ធសឹងតែសង់ឡើងក្នុងទំហំធំ និងពីថ្មភក់ច្រើនដុំ ហើយស្ថិតនៅក្នុងកាយវិការភូមិស្បស៌មុទ្រាដូចគ្នា។
ចម្លាក់ប្រអប់ព្រះហស្ថព្រះពុទ្ធរូបខាងឆ្វេងដែលធ្វើពីថ្មភក់ ដែលមានទំហំបណ្តោយ០.៩៥ម៉ែត្រ ទទឹង០.៤២ម៉ែត្រ និងកម្រាស់០.២៤ម៉ែត្រ
ចំណែកនៅបរិវេណដែលរកឃើញចម្លាក់នោះ គឺទំនងជា សំណង់ខឿនព្រះពុទ្ធសាសនា ត្បិតឃើញមានថ្មសីមាមួយចំនួនផងដែរ។ យ៉ាងណាមិញ តាមការស្រាវជ្រាវ និងរូបថតពីលើអាកាសដែលថតដោយបច្ចេកវិទ្យា LiDAR Scans ក៏បានរកឃើញស្លាកស្នាមទីតាំងមនុស្សរស់នៅជាច្រើននៅក្នុងបរិវេណក្រុងអង្គរធំ ហើយសំណង់ទាំងនោះក៏រួមមាន ខឿនពុទ្ធសានាជាច្រើនកន្លែង ដែលសង់ពីថ្មភក់ និងថ្មបាយក្រៀមនៅបរិវេណនោះ។
ចម្លាក់ប្រអប់ព្រះហស្ថព្រះពុទ្ធរូបនេះ ត្រូវបានក្រុមការងារចុះបញ្ជីបេតិកភណ្ឌរូបីនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការ បានសហការជាមួយស្ថាបន័មានសមត្ថកិច្ចនគរបាលការពារបេតិកភណ្ឌប្រចាំតំបន់អង្គរ ព្រមទាំងមន្ត្រីអភិរក្សប្រាសាទ បានធ្វើកំណត់ហេតុប្រគល់ទទួលនិងដឹកចម្លាក់ព្រះពុទ្ធរូបនោះយកទៅរក្សាទុកនៅមជ្ឈមណ្ឌលអជ្ញាធរជាតិអប្សរាដើម្បីចុះបញ្ជី និងរក្សាទុករង់ចាំការជួសជុលនៅថ្ងៃអនាគត៕
Tag:
ចម្លាក់
ប្រាសាទបាយ័ន
© រក្សាសិទ្ធិដោយ thmeythmey.com