សង្គមអន្តរជាតិ​
អន្តរជាតិ
EU ព្រមាន​ដាក់ទណ្ឌកម្ម​ប្រឆាំង​រុស្ស៊ី​ករណី​បំពុល​មេដឹកនាំ​ប្រឆាំង Navalny
04, Sep 2020 , 4:04 pm        
រូបភាព
(កណ្ដាល) មេដឹកនាំប្រឆាំងរុស្ស៊ី លោក Alexei Navalny (AFP)
(កណ្ដាល) មេដឹកនាំប្រឆាំងរុស្ស៊ី លោក Alexei Navalny (AFP)
ដោយ:
​សហភាព​អឺរ៉ុប (EU) បាន​ព្រមាន​ដាក់ទណ្ឌកម្ម​ប្រឆាំង​ប្រទេស​រុស្ស៊ី ក្រោយ​អាល្លឺម៉ង់ រកឃើញថា មេដឹកនាំ​ប្រឆាំង​រុស្ស៊ី លោក Alexei Navalny ត្រូវ​បំពុល​ថ្នាំពុល​ប្រភេទ Novichok ដែល​អភិវឌ្ឍ​ក្នុងសម័យ​សូ​វៀត​។ យ៉ាងណាមិញ ទីក្រុង​មូ​ស្គូ បដិសេធ​ការចោទប្រកាន់​នេះ​។ ជាមួយគ្នានេះ អង្គការ​ណា​តូ ក៏បាន​កោះហៅ​ការប្រជុំ​បន្ទាន់​មួយ​ដើម្បី​ពិភាក្សា​បញ្ហា​នេះ​ផងដែរ​។

 
 
​មេដឹកនាំ​នៃ​ក្រុម​ប្រទេស​លោកខាងលិច បានទាមទារ​ចម្លើយ​ពី​រដ្ឋាភិបាល​រុស្ស៊ី ក្រោយ​ទីក្រុង​បែរ​ឡាំង​បានបញ្ជាក់​កាលពី​ថ្ងៃទី​២ ខែសីហា​ថា ខ្លួន​មាន​ភស្តុតាង​បញ្ជាក់​ច្បាស់​ថា លោក Navalny ត្រូវបាន​បំពុល​ដោយ​ថ្នាំពុល​ប្រភេទ Novichok ។ 
 
​ថ្នាំពុល​ត្រកូល Novichok គឺជា​ថ្នាំពុល​កម្រិត​ថ្នាក់​យោធា ដែល​ត្រូវបាន​អភិវឌ្ឍ​ដោយ​រដ្ឋាភិបាល​សហភាព​សូ​វៀត​ក្នុង​ចន្លោះ​ទសវត្សរ៍​ឆ្នាំ​១៩៧០ និង​ឆ្នាំ​១៩៨០ ហើយ​អាច​ប្រើ​ក្នុង​ទម្រង់​ជា​ម្សៅ រាវ ឬ​ចំហាយ​។ ហើយ​វា​ក៏​ជា​ថ្នាំពុល​ប្រភេទ​ដូចគ្នា​ដែល​ត្រូវបាន​ប្រើ​លើ​អតីត​ចារកម្ម​រុស្ស៊ី​ធ្វើការ​ឲ្យ​អង់គ្លេស Sergei Skripal​។​
 
​ទាក់ទិន​នឹង​ការរកឃើញ​របស់​អាល្លឺម៉ង់​នេះ ស្នងការ​គោលនយោបាយ​ការបរទេស​ប្រចាំ​សហភាព​អឺរ៉ុប លោក Josep Borrell បានស្នើ​ឲ្យ​រដ្ឋាភិបាល​ក្រុង​មូ​ស្គូ​សហការ​ជាមួយ​ការស៊ើបអង្កេត​អន្តរជាតិ​ក្នុង​សំណុំរឿង​បំពុល​លោក Navalny ហើយ​លោក​សង្កត់ធ្ងន់ថា ទណ្ឌកម្ម​គឺ​ដាក់​នៅលើ​តុ​ជានិច្ច​។ 
 
​ក្នុង​សេចក្តីថ្លែងការណ៍​នៅ​ថ្ងៃទី​៣ ខែសីហា លោក Borrell អះអាងថា សហភាព​អឺរ៉ុប ថ្កោលទោស​ចំពោះ​ទង្វើ​នេះ ហើយ​អះអាងថា ការប្រើប្រាស់​អាវុធ​គីមី គឺ​ពុំ​អាច​ទទួលយក​បានឡើយ​ក្រោម​រាល់​កាលៈទេសៈ​ទាំងអស់ ព្រមទាំង​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ច្បាប់​អន្តរជាតិ និង​បទដ្ឋាន​សិទ្ធិមនុស្ស​អន្តរជាតិ​។ 
 
​តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP លោក Borrell សង្កត់ធ្ងន់ថា រដ្ឋាភិបាល​រុស្ស៊ី​ត្រូវតែ​ស៊ើបអង្កេត​បទឧក្រិដ្ឋ​នេះ​ដោយ​ម៉ឺងម៉ាត់​និង​តម្លាភាព​ពេញលេញ ហើយ​នាំយក​អ្នកប្រព្រឹត្ត​ខុស​មក​ទទួលទោស​។ 
 
​ទន្ទឹមគ្នានេះ អង្គការ​សន្ធិសញ្ញា​អា​ត្ល​ង់​ទិ​ក​ខាងជើង ឬ​ហៅ​កាត់​ថា ណា​តូ ក៏បាន​ប្រកាស​រៀបចំ​កិច្ចប្រជុំ​ពិសេស​មួយ​នៅ​ថ្ងៃទី​៤ ខែសីហា ដើម្បី​ពិភាក្សា​ករណី​បំពុល​លើ​មេដឹកនាំ​ប្រឆាំង​រុស្ស៊ី​លោក Navalny ដែលមាន​ការចូលរួម​ទាំង​ប្រទេស​ជា​សមាជិក EU និង ណា​តូ ។ 
 
​ខាង​រដ្ឋាភិបាល​រុស្ស៊ី បាន​បដិសេធថា​មាន​ភស្តុតាង​បញ្ជាក់ថា លោក Navalny ត្រូវ​ថ្នាំពុល​ប្រភេទ Novichok ដោយ​អ្នកនាំពាក្យ​វិមាន​ក្រេ​ម​ឡាំង លោក Dmitry Peskov នៅ​ថ្ងៃទី ៣ ខែសីហា អះអាងថា រដ្ឋាភិបាល​ក្រុង​បែរ​ឡាំង ពុំបាន​ផ្ដល់​ភស្តុតាង​អ្វី​មក​ឲ្យ​រុស្ស៊ី​ឡើយ​។ ត្រង់ចំណុច​នេះ លោក​និយាយថា វា​គ្មាន​ហេតុផល​ណា​មក​ចោទប្រកាន់​ប្រទេស​រុស្ស៊ី​ឡើយ​ពាក់ព័ន្ធ​រឿង​បំពុល​នេះឡើយ ហើយ​លោក​ទទូច​ឲ្យ​ក្រុម​ប្រទេស​លោកខាងលិច​កុំ​ទាន់​ចេញ​សេចក្តីសន្និដ្ឋាន​ឆាប់រហ័ស​ពេក​។ 
 
​សូមបញ្ជាក់ថា លោក Navalny អាយុ​៤៤​ឆ្នាំ បាន​ធ្លាក់ខ្លួន​ឈឺ ក្រោយ​ឡើង​ជិះ​យន្តហោះ​មួយ​ក្នុង​តំបន់ Siberia ក្នុងប្រទេស​រុស្ស៊ី កាលពី​ខែ​មុន​។ អ្នកគាំទ្រ​លោក​សង្ស័យថា ទឹកតែ​ដែល​លោក​ផឹក​នៅមុន​ពេល​ឡើង​យន្តហោះ​មាន​ថ្នាំពុល​។ 
 
​លោក Navalny គឺជា​សកម្មជន​ប្រឆាំង​អំពើពុករលួយ ដែល​ធ្លាប់បាន​ដឹកនាំ​បាតុកម្ម​ទ្រង់ទ្រាយ​ធំ​ប្រឆាំង​រដ្ឋាភិបាល​លោក​ប្រធានាធិបតី វ្ល៉ា​ឌី​មៀ ពូ​ទីន​។ លោក​ថែមទាំង​ហៅ​បក្ស​កាន់អំណាច​រុស្ស៊ី​បច្ចុប្បន្ន​ថា​ជា​ចោរ​ដែល​កំពុង​ជញ្ជក់​ឈាម​រុស្ស៊ី​។ មេដឹកនាំ​បក្សប្រឆាំង​រូបនេះ ក៏​ត្រូវបាន​ហាមឃាត់​ពី​ការ​ឈរឈ្មោះ​ប្រឆាំង​លោក ពូ​ទីន ក្នុងការ​បោះឆ្នោត​ផងដែរ​៕

Tag:
 រុស្ស៊ី​
  សហភាព​អឺរ៉ុប​
  EU
  Alexei Navalny
© រក្សាសិទ្ធិដោយ thmeythmey.com