Messi សម្រេចចិត្ត​បន្ត​នៅ Barca ព្រោះ​មិន​ចង់​ឡើង​តុលាការ​តទល់​ក្លិប​ដែល​ខ្លួន​ស្រឡាញ់
កីឡាអន្តរជាតិ
អន្តរជាតិ
Messi សម្រេចចិត្ត​បន្ត​នៅ Barca ព្រោះ​មិន​ចង់​ឡើង​តុលាការ​តទល់​ក្លិប​ដែល​ខ្លួន​ស្រឡាញ់
05, Sep 2020 , 10:22 am        
រូបភាព
Lionel Messi នឹងមិន​ចាកចេញ​ពី​ក្លិប Barcelona ឡើយ បន្ទាប់ពី​សម្រេចចិត្ត​បន្ត​លេង​ឲ្យ​ក្លិប​ដែល​ខ្លួន​ស្រឡាញ់​មួយ​នេះ​រហូត​ចប់​កិច្ចសន្យា​នៅ​រដូវ​ក្រោយ​។ ក្នុង​កិច្ច​សម្ភាស​ជាមួយ Goal កីឡាករ​សញ្ជាតិ​អា​ហ្ស​ង់​ទីន​រូបនេះ​ប្រាប់​មូល​ហេតុថា ខ្លួន​មិន​ចង់​ឡើង​តុលាការ​ដើម្បី​តទល់​នឹង Barca រឿង​កុងត្រា​ឡើយ ទើប​ប្ដូរ​ចិត្ត​លែង​ទៅណា​វិញ​។​

 
Lionel Messi ចំណាយពេល​២០​ឆ្នាំ​នៅ Barca មុននឹង​ប្រកាស​បំណង​ចាកចេញ​ដែល​ធ្វើ​ឲ្យ​រញ្ជួយ​ពិភព​កីឡា​នៅ​ចុង​ខែសីហា​កន្លងទៅ​។ កាលនោះ Messi អះអាងថា ខ្លួន​អាច​ចាក​ចេញពី​ក្លិប​សំណព្វចិត្ត​មួយ​នេះ​បាន​ដោយ​គ្មាន​តម្លៃ​ខ្លួន​ដោយ​សម្អាង​លើ​ចំណុច​មួយ​ក្នុង​កិច្ចព្រមព្រៀង​ដែល​អនុញ្ញាត​ឲ្យ Messi ចាកចេញ​បាន​ខែមិថុនា ដែលជា​ធម្មតា​ជា​ពេល​បញ្ចប់​លី​គ​នៅ​អេ​ស្ប៉ា​ញ​។​
 
​យ៉ាងណាមិញ ក្លិប​អ្នកមាន​បុណ្យ បាន​បដិសេធ​ចំណុច​នេះ ដោយយោង​ហេតុផល​ថា ខែមិថុនា​កន្លងផុតទៅ​ហើយ បើទោះបី​ជាលី​គ​អេ​ស្ប៉ា​ញ​ក៏ត្រូវ​ពន្យារពេល​ប្រកួត​ដោយសារ COVID-19 ក៏ដោយ​។ ដោយសារ​ការពន្យារពេល​នេះ ទើប Messi ជឿថា ខ្លួន​នៅតែ​អាច​ចេញពី Barca បាន​ដោយ​គ្មាន​តម្លៃ​ខ្លួន​ដដែល​។ ប៉ុន្តែ​ក្លិប​មិន​យល់ស្រប​ដោយ ហើយ​ថែម​បញ្ជាក់​ពី​ការបង់ថ្លៃ​ផ្ដាច់​កុងត្រា​ចំនួន​៨២៣​លាន​ដុល្លារ​សម្រាប់​ក្រុម​ណា​ដែល​ចង់បាន Messi ពេលនេះ​។​
 
«​ខ្ញុំ​គិត និង​ច្បាស់​ខ្លួនឯង​ថា ខ្ញុំ​មាន​សេរីភាព​ក្នុងការ​ចាកចេញ​។ ប្រធាន​ក្លិប (Josep Maria Bartomeu) តែងតែ​និយាយថា នៅ​ចុងរដូវ​កាល ខ្ញុំ​អាច​សម្រេចចិត្តថា ទៅ​ឬក៏​នៅ​។​» Messi បញ្ជាក់​បែបនេះ​កិច្ច​សម្ភាស​ជាមួយ Goal នៅ​ថ្ងៃទី​៤ ខែកញ្ញា ហើយ​បន្តថា តែ​ក្លិប​បែរជា​ប្រកាន់​ថា លោក​មិនបាន​សុំ​ចេញ​នៅមុន​ថ្ងៃទី​១០ ខែមិថុនា​។ 
 
​ដោយសារ​រឿងនេះ ទើប Messi ប្ដូរ​ចិត្ត​ឡើងវិញ ព្រោះ​ប្រធាន​ក្លិប​ប្រាប់​ហើយ​ថា បើ​ចង់​ចេញ​ត្រូវ​បង់​៧០០​លាន​អឺរ៉ូ (​ស្មើនឹង​៦២៤​លាន​ផោន ឬ​៨២៣​លាន​ដុល្លារ​) ។ ជម្រើស​ចុងក្រោយ​នៃ​រឿងនេះ គឺ​ឡើង​តុលាការ​ដើម្បី​ដោះស្រាយ​បញ្ហា​កុងត្រា​នេះ ប៉ុន្តែ Messi មិន​ជ្រើសរើស​ផ្លូវ​នេះឡើយ​។​
 
«​វា​មាន​ផ្លូវ​ផ្សេងទៀត គឺ​ឡើង​តុលាការ​។ ខ្ញុំ​មិនអាច​ឡើង​តុលាការ​តទល់​នឹង Barca ឡើយ ព្រោះ​ជា​ក្លិប​ដែល​ខ្ញុំ​ស្រឡាញ់ ហើយ​លះបង់​គ្រប់យ៉ាង​តាំងពី​ខ្ញុំ​មកដល់​។ នេះ​ជា​ក្លិប​នៃ​ជីវិត​របស់ខ្ញុំ​។​» Messi បន្ថែម​បែបនេះ​។​
 
​ក្នុង​កិច្ច​សម្ភាស​ដដែល Messi ក៏បាន​បង្ហើប​ពី​ស្ថានភាព​ក្នុងពេល​ប៉ុន្មាន​សប្ដាហ៍​មកនេះ ពិសេស​ក្នុង​គ្រួសារ​ផ្ទាល់​។ កីឡាករ​វ័យ​៣៣​ឆ្នាំ​រូបនេះ​ប្រាប់ Goal ថា Antonella ដែលជា​ប្រពន្ធ បាន​ឈរ​ជាមួយ​លោក​រាល់​ពេលវេលា ខណៈដែល Thiago ដែលជា​កូនច្បង បាន​យំ និង​ប្រា​ប់លោក​កុំ​ចេញពី Barca ផងដែរ​>
 
 
 
 

Tag:
 Barcelona
  Lionel Messi
© រក្សាសិទ្ធិដោយ thmeythmey.com