COVID-19
ជាតិ
សាលារៀន​រដ្ឋ​ជាង​៦០០​នៅ​ខេត្តសៀមរាប​បាន​ត្រៀមខ្លួន​សម្រាប់​ការចូល​រៀន​ឡើងវិញ​
05, Sep 2020 , 10:59 am        
រូបភាព
វិទ្យាល័យ១០មករា ១៩៧៩ សម័យប្រឡងបាក់ឌុប ឆ្នាំ២០១៩
វិទ្យាល័យ១០មករា ១៩៧៩ សម័យប្រឡងបាក់ឌុប ឆ្នាំ២០១៩
​សៀមរាប​៖ អនុវត្តន៍​តាម​គោលការណ៍​ណែនាំ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ដែល​អនុញ្ញាតឱ្យ​បើក​គ្រឹះស្ថាន​អប់រំ​ឡើងវិញ​នា​ថ្ងៃទី​៧ កញ្ញា នេះ មន្ទីរអប់រំ​ខេត្តសៀមរាប​បាននិងកំពុង​រៀបចំ​ឱ្យ​តាម​សាលា​ទាំងអស់ ធ្វើ​អនាម័យ និង​កែទម្រង់​តាម​ថ្នាក់រៀន ដើម្បី​ស្របតាម​ការណែនាំ​របស់​ក្រសួង​។ គ្រឹះស្ថាន​អប់រំ​ជាង​៦០០​ក្នុង​ខេត្តសៀមរាប បាន​ត្រៀមលក្ខណៈ​រួចរាល់​សម្រាប់​ការចូល​រៀន​ឡើងវិញ​នេះ​។​

 
​ប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា ខេត្តសៀមរាប លោក លី ប៊ុន​ណា បានឱ្យដឹងថា បន្ទាប់ពី​មាន​គោលការណ៍​ណែនាំ​របស់​ក្រសួង​ឱ្យ​បើក​សាលា​ឡើងវិញ មន្ទីរ​បាន​ចាត់​ឱ្យ​សាលា​ក្នុង​ខេត្ត​ទាំងអស់​សម្អាត​អនាម័យ​តាម​សាលារៀន ហើយ​ពេល​សាលារៀន​រដ្ឋ​ទាំងនោះ​បាននិងកំពុង​រៀ​ប​ចំ​តាម​គោលការណ៍​សុវត្ថិភាព ដើម្បី​ការការពារ​ជំងឺ​កូ​វីដ​១៩​។ លោក​ប្រធាន​មន្ទីរ​ពន្យល់ថា គ្រឹះស្ថាន​អប់រំ​ដែល​ត្រៀម​បើក​ដំណើរការ​ឡើងវិញ​នៅ​ថ្ងៃទី​៧ កញ្ញា រួមមាន​មតេយ្យ​សិក្សា​ដាច់ដោយឡែក​ចំនួន ១៩​សាលា គ្រឹះស្ថាន​បឋមសិក្សា​មាន ៥០៧ និង​មធ្យមសិក្សា​ចំនួន  ១២៣​សាលា ដែល​សរុប​មាន​ចំនួន ៦៤៩​សាលា​។ 
 
«​ប្រសិនបើ​សាលា​មាន​សិស្ស​ច្រើន យើង​រៀបចំ​ឱ្យ​រៀន​តែមួយ​ថ្នាក់​តែ​១៥​ទៅ​២០​នាក់​ប៉ុណ្ណោះ  តែ​ដើម្បី​ដោះស្រាយបាន យើង​ត្រូវ​រៀបចំ​ជា​វេន​ខុសៗ​គ្នា កន្លែង​ខ្លះ​រៀប​២​វេន ខ្លះ​៣​វេន គឺថា​មួយ​សប្ដាហ៍​រៀន​តែ​៨​ម៉ោង​ទេ ក្រៅពីនោះ​អាច​រៀន​ឆ្លាស់គ្នា​...»​។ លោក លី ប៊ុន​ណា បន្ថែមថា ការបើក​សាលារៀន​ឡើងវិញ​ក្នុងដំណាក់កាល​នេះ គឺ​ផ្តោត​សំខាន់​លើ​គ្រឹះស្ថាន​មធ្យមសិក្សា គឺ​សិក្សា​១៨​ម៉ោង​ក្នុង​មួយ​សប្ដាហ៍ ដោយឡែក​ថ្នាក់​មតេយ្យ​និង​មធ្យម គឺ​ក្នុង​មួយ​សប្ដាហ៍​ចូលរៀន​ក្នុង​សាលា​តែម្ដង​ពីរដង​ប៉ុណ្ណោះ ក្រៅពីនោះ​ពួកគេ​នឹង​ទទួល​កិច្ច​ការយក​ទៅធ្វើ​នៅផ្ទះ​។​
 
​ចំណែក​សាលា​ឯកជន​វិញ ដោយ​ក្រសួង​អប់រំ​មាន​គោលការណ៍​ណែនាំ​ដាច់ដោយឡែក​មួយទៀត មន្ទីរអប់រំ​ខេត្តសៀមរាប នៅ​ព្រឹក​ថ្ងៃទី​៤ កញ្ញា​នេះ បាន​ប្រជុំ​ដែល​ចូលរួម​ដោយ​តំណាង​សាលា​ឯកជន ពី​ដំណើរការ​ត្រួតពិនិត្យ​លក្ខណៈ​ស្ដង់ដា មុននឹង​ក្រសួង​ចេញ​សេចក្ដីសម្រេច​ឱ្យ​បើក​បង្រៀន​ឡើងវិញ​។ លោក លី ប៊ុន​ណា ពន្យល់ថា ហេតុផល​ដែល​ក្រសួង​រៀបចំ​ដូច្នេះ ព្រោះ​យល់ថា មាន​សាលា​ឯកជន​មួយចំនួន​មាន​ទីតាំង​ជា​លក្ខណៈ​ផ្ទះល្វែង ទើប​ចាំបាច់​ត្រូវ​ពិនិត្យ​ស្ដង់ដា ដោយ​បារម្ភ​ពី​ជំងឺ​កូ​វីដ​១៩​។ លោក​ប្រធាន​មន្ទីរ​បញ្ជាក់ថា សាលា​ឯកជន​នឹង​អាច​បើក​ដំណើរការ​ភ្លាមៗ ប្រសិនបើ​ការចុះពិនិត្យ​តាម​លក្ខណៈ​ស្ដង់ដា និង​ទទួលបាន​ការសម្រេច​ពី​ក្រសួង​៕
 
 
 
 

Tag:
 អប់រំ​
  កូ​វីដ​១៩
© រក្សាសិទ្ធិដោយ thmeythmey.com