សង្គមអន្តរជាតិ​
អន្តរជាតិ
ផ្អាក​ថត​រឿង​មនុស្ស​ប្រចៀវ Batman ដោយសារ​តួឯក​ឆ្លង COVID-19
05, Sep 2020 , 11:39 am        
រូបភាព
ដោយ: ធីតា
​ដំណើរ​ការថត​រឿង​មនុស្ស​ប្រចៀវ Batman នៅ​ចក្រភព​អង់គ្លេស ត្រូវបាន​ផ្អាក​បណ្តោះអាសន្ន ដោយសារតែ​តួឯក​គឺ​លោក Robert Pattinson មាន​លទ្ធផល​វិជ្ជមាន COVID-19​។ នេះ​បើតាម​ការផ្សាយ​របស់ AFP ដែល​ដកស្រង់​សេចក្តីប្រកាស​ព័ត៌មាន​របស់​ផលិតកម្ម Warner Bros​។​

 
«​សមាជិក​ម្នាក់​ក្នុង​ក្រុម​ថត​រឿង Batman មាន​លទ្ធផល​តេស្ត​វិជ្ជមាន COVID-19 ហើយ​ត្រូវ​បានដាក់​នៅ​ដាច់ដោយឡែក​»​។ ដូច្នេះ​ដំណើរ​ការថត​ត្រូវបាន​ផ្អាក​ជា​បណ្តោះអាសន្ន​»​។ ផលិតកម្ម Warner Bros បានបញ្ជាក់​យ៉ាង​ដូច្នេះ ដោយ​មិនបាន​បញ្ជាក់​ពី​អត្តសញ្ញាណ​បុគ្គល​ដែល​ឆ្លង​។​
 
 
 
​ទោះបីជា​យ៉ាងណាក៏ដោយ ទស្សនា​វ​ដ្តី Vanity Fair ទទួលបាន​ការអះអាង​ពី​ប្រភព​ដ៏​ជិតស្និទ្ធ​មួយ ដោយ​បញ្ជាក់ថា អ្នក​ដែល​ឆ្លង​គឺជា​តារាភាពយន្ត​អង់គ្លេស Robert Pattinson តួអង្គ​ក្នុង​រឿង​តែម្តង​។ 
 
​រឿង «The Batman» គ្រោង​ចាក់​ប​ញ្ជាំ​ង​នៅ​ខែមិថុនា ឆ្នាំ​២០២១ ប៉ុន្តែ​ដំណើរ​ការថត ត្រូវបាន​រាំងស្ទះ​រួចទៅហើយ ដោយ​ការ​រាលដាល COVID-19​។ ក្រុមការងារ​ទើបតែ​ចាប់ផ្តើម​ថត​ឡើងវិញ​ស្រាប់តែ​ជួប​ករណី Robert Pattinson ឆ្លង COVID-19 តែម្តង​។​
 
​លោក Matt Reeves ដែលជា​អ្នកដឹកនាំ​រឿង ធ្លាប់បាន​អះអាង​កន្លងមក​ថា សាច់រឿង​របស់លោក យក​លំនាំ​តាម​រឿង Chinatown និង Taxi Driver​។ បច្ចុប្បន្ននេះ គេ​មិនទាន់​ដឹងថា ក្រុមការងារ​នេះ នឹង​អាច​ចាប់ផ្តើម​ឡើងវិញ​ម្តងទៀត​នៅពេលណា​នោះឡើយ​៕
 

Tag:
 Batman
© រក្សាសិទ្ធិដោយ thmeythmey.com