ការប្រកួតបាល់ទាត់ក្របខណ្ឌមិត្តហ្វូនខេមបូឌានលីគនៅថ្ងៃសៅរ៍ ទី៥ កញ្ញា ឆ្នាំ២០២០ នេះ មានការប្រកួតចំនួន៣គូ ក្នុងនោះសមាគមន៍បាល់ទាត់កងយោធពលខេមរភូមិន្ទ(ទ័ព)ស្វាគមន៍ណាហ្គាវើល ក្រោយអង្គរថាយហ្គឺរ ប៉ះ នគរបាលជាតិ(ប៉ូលិស) និងគីរីវង់សុខសែនជ័យទទួលយុវជនសាលាបាល់ទាត់ជាតិបាទីអាយុក្រោម១៨ឆ្នាំ។
ទ័ព ប៉ះ ណាហ្គាវើល វេលាម៉ោង៦ល្ងាចនៅកីឡដ្ឋានស្តាតចាស់
នេះជាជំនួបដ៏តានតឹង និងទាក់ទាញបំផុតសម្រាប់ទស្សនិកជននៅថ្ងៃសៅរ៍នេះ ដោយសារក្រុមទាំងពីរសុទ្ធសឹងមានសមត្ថភាពខ្លាំង ដែលស្ថិតក្នុងតំបន់ Top 6។ ពួកគេទាំងពីរត្រូវឈ្នះជាចាំបាច់រៀងៗខ្លួននៅថ្ងៃនេះ ដើម្បីបន្តឱកាសក្នុងការប្រជែងដណ្តើមជើងឯកប្រចាំពានរង្វាន់ក្របខណ្ឌមិត្តហ្វូនខេមបូឌានលីគឆ្នាំ២០២០។
បើយើងមើលពីចំណាត់ថ្នាក់បច្ចុប្បន្នក្រុមទាំងពីរខុសគ្នាតែ១ពិន្ទុនោះទេ ក្នុងនោះទ័ពស្ថិតនៅលេខរៀងទី៤មាន២៣ពិន្ទុ ខណៈណាហ្គាវើលស្ថិតនៅលេខរៀងទី៦មាន២២ពិន្ទុ។ ប៉ុន្តែបើមើលពីប្រវត្តិជួបគ្នានៅជើងទី១ ណាហ្គាវើលបានលត់ទ័ពក្នុងលទ្ធផល ៤-១ គួរឲ្យភ្ញាក់ផ្អើល។
តែដើម្បីត្រៀមសងសឹកនៅជើងទីពីរនេះ កាលពីពេលថ្មីៗ ទ័ព បាននាំចូលកីឡាករប្រេស៊ីលពីររូបរួមមាន Jose Magson និងCristiano Santos Sergipano និងបានតែងតាំងលោក ហោ សុខហេង ជាគ្រូបង្វឹកដឹកនាំជំនួសលោក ទេព ឡុងរចនា ដែលបានដំឡើងតួនាទីជាអ្នកចាត់ការទូទៅ។ ចំណែកណាហ្គវើលបាននាំចូលកីឡាករ សារី ម៉ាត់ណូរ៉ូទីន ក្រោយចែកផ្លូវជាមួយខ្សែប្រយុទ្ធ Bisan George។
អង្គរថាយហ្គឺរ ប៉ះ នគរបាលជាតិ វេលាម៉ោង៣:៣០នាទីរសៀលនៅកីឡដ្ឋាន S. R. U
នេះជាជំនួបប្រជែងដណ្តើមកៅអីដើម្បីគេចពីការកាត់ចេញពីក្របខណ្ឌលីគកំពូល ដ្បិតក្រុមទាំងពីរសុទ្ធតែអស់ឱកាសឡើងទៅប្រជែងដណ្តើមជើងឯកនៅរដូវកាលនេះ។ កាលជួបគ្នាជើងទី១ អង្គរថាយហ្គឺរបានយកឈ្នះប៉ូលិសក្នុងលទ្ធផល ៤-២។ ដូច្នេះនេះឱកាសសងសឹកសម្រាប់ ប៉ូលិស ដែលទើបនាំចូលកីឡាករ ម៉ាត់ យ៉ាមីន, សេង កុសែន និងកីឡាករបរទេសមួយរូបទៀត។
អង្គរថាយហ្គឺរ ដែលបានរបូតកៅអីទៅប្រជែងដណ្តើមជើងឯកទាំងសោកស្តាយ ស្ថិតនៅលេខរៀងទី៧មាន២១ពិន្ទុ រីឯប៉ូលិសស្ថិតនៅលេខរៀងទី១១មាន៧ពិន្ទុ។ ប៉ុន្តែនៅជើងទីពីរនេះ ក្រុមមានមូលដ្ឋាននៅខេត្តសៀមរាបបានបាត់សមាជិកបរទេសចំនួនពីររូបរួមមានខ្សែប្រយុទ្ធ Dzarma Bata ទៅចូលរួមជាមួយបឹងកេត និងកីឡាករ Cristiano Santos Sergipano ទៅចូលរួមជាមួយទ័ព។
គីរីវង់សុខសែនជ័យ ប៉ះ យុវជនអាយុក្រោម១៨ឆ្នាំបាទី វេលាម៉ោង៣:៣០នាទីរសៀលនៅកីឡដ្ឋានគីរីវង់សុខសែនជ័យ
នាជំនួបជើងទី១នៅកីឡដ្ឋានមជ្ឈមណ្ឌលសាលាបាល់ទាត់ជាតិបាទី ក្រុមគីរីវង់សុខសែនជ័យបានយកឈ្នះយុវជនអាយុក្រោម១៨ឆ្នាំបាទីក្នុងលទ្ធផល ៣-១។ បច្ចុប្បន្នគីរីវង់ស្ថិតនៅលេខរៀងទី៨មាន១១ពិន្ទុ ខណៈយុវជនបាទីស្ថិតនៅបាតតារាងមាន២ពិន្ទុ ក្រោយ១២ប្រកួតចាញ់១០ ស្មើ២។ នេះជាឱកាសសងសឹក និងស្វែងរកជ័យជម្នះលើកដំបូងសម្រាប់យុវជនបាទី៕