ជាតិ
សង្គមជាតិ
អាជ្ញាធរ​ខណ្ឌ​៧​មករា អះអាងថា លោកស្រី សេង ចាន់ថន រងរបួស​ដោយសារ​ប្រជា​ការពារ​ជ្រុលដៃ​រុញ​
05, Sep 2020 , 2:41 pm        
រូបភាព
អ្នកស្រី សេង ចាន់ថន ដួលពេលត្រូវប្រជាការពារច្រាន (រូបពីទំព័រហ្វេសប៊ុក មូលនិធិវីរភាពខ្មែរ Courage Fund Cambodia)
អ្នកស្រី សេង ចាន់ថន ដួលពេលត្រូវប្រជាការពារច្រាន (រូបពីទំព័រហ្វេសប៊ុក មូលនិធិវីរភាពខ្មែរ Courage Fund Cambodia)
ដោយ:
​លោកស្រី សេង ចាន់ថន ដែល​ចូលរួម​ទាមទារ​ឲ្យ​ដោះលែង​ស្វាមី​ជា​មន្ត្រី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​ប្រជា​ការពារ​ម្នាក់ គឺ​លោក ចោម ប្រ​សិ​ដ្ឋ ធ្វើ​ឲ្យ​រងរបួស ក្នុង​ហេតុការណ៍​ប្រទូសរ៉ាយ​គ្នា​រវាង​ក្រុម​ប្រជា​ការពារ​ខណ្ឌ​៧​មករា ជាមួយ​ក្រុម​ស្ត្រី​អ្នក​តវ៉ា​ទាំងនោះ​។ ការបង្ក​របួស​នេះ​ធ្វើ​ឲ្យ​មានការ​រិះគន់​ខ្លាំង​ពី​មហាជន ទៅលើ​ចំណាត់ការ​របស់​អាជ្ញាធ​រ​។​

 
 
​កាលពី​ថ្ងៃ​សុក្រ ទី​៤ ខែកញ្ញា ឆ្នាំ​២០២០ មាន​ស្ត្រី​មួយក្រុម មាន​គ្នា​ប្រមាណ​១៥​នាក់ បាននាំគ្នា​ដើរ​តវ៉ា​នៅលើ​ផ្លូវ​មុន​រ៉េត ដើម្បី​ទាមទារ​ឲ្យ​តុលាការ​ដោះលែង​ស្វាមី​របស់​ពួកគេ ជា​មន្ត្រី​អតីត​គណៈបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវបាន​អាជ្ញាធរ​ចាប់ខ្លួន​និង​កំពុង​ជាប់ឃុំ​។ ការតវ៉ា​នោះ បង្ក​ឲ្យ​មានការ​រុញច្រាន​គ្នា​រវាង​ក្រុមអ្នកតវ៉ា​ជាមួយ​ក្រុម​ប្រជា​ការពារ​ខណ្ឌ​៧​មករា រហូត​បណ្តាល​ឲ្យ​លោកស្រី សេង ចាន់ថន រងរបួស ហើយ​ត្រូវបាន​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។​
 
​ការបង្ក​របួសស្នាម​ពី​សំណាក់​ប្រជា​ការពារ​ឈ្មោះ ឆោម ពិសិដ្ឋ ក្នុងអំឡុង​ប្រតិបត្តិ​ការទប់ស្កាត់​ការតវ៉ា​នេះ បាន​រង​ការរិះគន់​ខ្លាំង​ពី​សំណាក់​សាធារណជន ដែល​បានឃើញ​សកម្មភាព​តាមរយៈ​វីដេអូ លើ​បណ្តាញ​សង្គម​។ មួយថ្ងៃ​ក្រោយ​កើតហេតុ ពោលគឺ​នៅ​ថ្ងៃទី​៥ កញ្ញា​នេះ រដ្ឋបាល​ខណ្ឌ​៧​មករា បាន​សេចក្តីប្រកាស​ព័ត៌មាន ដើម្បី​បកស្រាយ​ពាក់ព័ន្ធ​បញ្ហា​នេះ​។ 
 
​រដ្ឋបាល​ខណ្ឌ​៧​មករា​បាន​រៀបរាប់​ដូច្នេះ​ថា​៖«​នៅ​ក្នុងការ​រុញច្រាន​ប្រជា​ការពារ​ខណ្ឌ ឈ្មោះ ឆោម ប្រ​សិ​ដ្ឋ ខំប្រឹង​ទប់​មិន​ឲ្យ​អ្នក​តវ៉ា​ទៅមុខ ហើយ​ក៏បាន​ជ្រុលដៃ​រុញ​ទៅលើ​ស្ត្រី​ម្នាក់​ឈ្មោះ សេង ចាន់ថន បង្ក​ឲ្យ​ដួល​លើ​ថ្នល់ ហើយ​គាត់​បាន​ទៅ​មន្ទីរពេទ្យ ក្រោយ​ពិនិត្យ​រួច​ឃើញថា មាន​អា​ការៈធូរស្រាល គ្រូពេទ្យ​បាន​ឲ្យ​ត្រឡប់ទៅផ្ទះ​វិញ​»​។​
 
​រដ្ឋបាល​ខណ្ឌ​៧​មករា​បាន​បន្ថែមថា មូលហេតុ​ដែល​នាំ​ឲ្យ​មានការ​រុញច្រាន​គ្នា​នេះ​ក្រោយ​ក្រុម​ប្រជា​ការពារ​ខណ្ឌ​៧​មករា​ចុះ​ហាមឃាត់​ក្រុមអ្នកតវ៉ា ដែល​ធ្វើដំណើរ​ចេញពី​រង្វង់​មូល​នាង​គ​ង្ហី​ង​លើផ្លូវ​មុនី​រ៉េត​ក្នុង​គោលដៅ​ឆ្ពោះទៅមុខ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​តវ៉ា​ទាមទារ​ឲ្យ​ដោះលែង​ស្វាមី​របស់​ពួកគេ​។ 
 
​អាជ្ញាធរ​ខណ្ឌ​៧​មករា ដែល​ហៅ​ក្រុម​ស្ត្រី​អ្នក​តវ៉ា​ជា​អ្នក​តវ៉ា​ខុសច្បាប់​បាន​អះអាងថា ការចុះ​ហាមឃាត់​របស់​ប្រជា​ការពារ​ខណ្ឌ គឺ​ដើម្បី​រក្សា​សណ្តាប់ធ្នាប់​សាធារណៈ ជៀសវាង​ការកកស្ទះ​ចរាចរណ៍​និង​បង្ក​សម្លេង​រំខាន​ដល់​អ្នកដំណើរ និង​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​នោះ​។ ព្រោះ​នៅក្នុង​ការតវ៉ា​ក្រុម​ស្ត្រី​ទាំងនោះ​បាននាំគ្នា​គោះ​ឆ្នាំង​បង្ក​ជា​សំឡេង​រំខាន​។ នេះ​តាម​ការបញ្ជាក់​របស់រ​ដ្ឋ​បាល​ខណ្ឌ​៧​មករា​។​
 
​មិនមែនជា​លើក​ទី​១​ទេ ដែល​ក្រុម​ស្ត្រី​ទាំងនោះ នាំគ្នា​តវ៉ា ឲ្យ​តុលាការ​ដោះលែង​ស្វាមី​របស់​ពួកគេ ដោយ​កន្លងមក ពួកគេ ក៏បាន​ចេញ​តវ៉ា​ប៉ុន្មាន​ដង​រួចមកហើយ តែ​មិន​ទទួលបាន​លទ្ធផល​អ្វី​ឡើយ​។ មន្ត្រី​អតីត​គណបក្សប្រឆាំង ជា​ស្វាមី​របស់​ស្ត្រី​ទាំងនោះ មាន​ជិត​២០​នាក់ ដែល​កំពុង​ជាប់ឃុំ ក្រោម​បទ​ចោទ​ផ្សេងៗ ទាក់ទង​នឹងធ្វើ​សកម្មភាព​នយោបាយ​រប​ស់​ពួកគេ ខណៈ​គណបក្ស​របស់​ពួកគេ ត្រូវបាន​រំលាយ​ទៅហើយ​៕  
    
 

Tag:
 សេង ចាន់ថន​
  ឆោម ប្រ​សិ​ដ្ឋ
© រក្សាសិទ្ធិដោយ thmeythmey.com