ជាតិ
សាមណេរ ម៉ៅ ឌី​ណា សិក្សា​ជំនាញ​គ្រប់គ្រង​ប្រព័ន្ធ​ផ្សព្វផ្សាយ ព្រោះ​យល់ថា​ជា​គ្រឹះ​នៃ​អាជីព​អនាគត​
05, Sep 2020 , 9:59 pm        
រូបភាព
​ដោយ​៖ ហ៊ីម អ៊ឹម​រ៉​ន​
​សាមណេរ​មួយ​ព្រះអង្គ នាម ម៉ៅ ឌី​ណា កំពុង​សិក្សា​ឆ្នាំ​ទី​១ ជំនាញ​គ្រប់គ្រង​ប្រព័ន្ធ​ផ្សព្វផ្សាយ នៅ​ដេ​ប៉ា​តឺ​ម៉​ង់​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​សារគមនាគមន៍ (DMC)​។ ព្រះអង្គ​អង្គ​នេះ គឺជា​ព្រះសង្ឃ​ដំបូង​គេ​ដែល​សិក្សា​នៅ​សាលា​សារព័ត៌មាន​មួយ​នេះ​។ សម្រាប់​សា​មណ​និស្សិត​ព្រះជន្ម ២២​ព្រះវស្សា​អង្គ​នេះ ក៏​ហាក់​សម្រេច​ព្រះទ័យ​ផ្ទុយ​ពី​ព្រះសង្ឃ​ដទៃទៀត​ដែរ ក្នុងការ​សិក្សា​ផ្នែក​ប្រព័ន្ធ​ផ្សាយ​នេះ ខណៈ​ព្រះសង្ឃ​ភាគច្រើន គឺ​សិក្សា​បន្ត​ផ្នែក​ព្រះធម៌​វិន័យ អក្សរសាស្ត្រ​ខ្មែរ ចិត្ត​វិទ្យា ឬ​ទស្សន​វិទ្យា​ជាដើម​។ សាម​ណ​និស្សិត ម៉ៅ ឌី ណា មាន​សង្ឃដីកា​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ព្រះអង្គ​សម្រេច​ព្រះទ័យ​សិក្សា​ផ្នែក​សារព័ត៌​មាននៅ DMC ក៏​ព្រោះតែ​នៅទីនេះ មាន​ផ្តល់​អាហារូបករណ៍ និង​មាន​កម្មវិធីសិក្សា​ជា​ភាសា​អង់គ្លេស​ផង​។ ភាសា​អង់គ្លេស និង​ចំណេះដឹង​ទូលាយ​នៃ​អ្នកសិក្សា​ជំនាញ​ប្រព័ន្ធ​ផ្សព្វផ្សាយ នឹង​ក្លាយជា​គ្រឹះ​សម្រាប់​ការបន្ត​សិក្សា​ទៅមុខ និង​អាជីព​អនាគត​របស់​ព្រះអង្គ​។

 
​សាមណេរ ម៉ៅ ឌី​ណា ជា​សា​មណ​និស្សិត​ដំបូងបង្អស់ ដែល​កំពុង​សិក្សា​ឆ្នាំ​ទី​១ ជំនាញ​គ្រប់គ្រង​ប្រព័ន្ធ​ផ្សព្វផ្សាយ នៅ​ដេ​ប៉ា​តឺ​ម៉​ង់​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​សារគមនាគមន៍ (DMC)​។ កម្មវិធីសិក្សា​ជា​ភាសា​អង់គ្លេស និង​មាន​ផ្តល់​អាហារូបករណ៍​ផង គឺជា​ហេតុផល​ចម្បង​ដែល​នាំ​ឲ្យ​សាមណេរ​ដែល​បួស​រៀន​នៅ​វត្ត​មួយ ក្នុង​ខេត្តកំពង់ចាម​តាំងតែ​ព្រះជន្ម ៩​ព្រះវស្សា​មក​នោះ សម្រេច​ព្រះទ័យ​ប្រឡង​ចូល​សិក្សា​ជំនាញ​គ្រប់គ្រង​ប្រព័ន្ធ​ផ្សព្វផ្សាយ នៅ DMC​។ 
 
​សាមណេរ ម៉ៅ ឌី​ណា មាន​សង្ឃដីកា​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ដូច្នេះ ដោយ​បន្ត​សង្ឃដីកា​រថា ភាសា​អង់គ្លេស នឹង​ជា​យាន​ដ៏​សំខាន់​សម្រាប់​ព្រះអង្គ ចាប់យក​ឱកាស​អាហារូបករណ៍​នៅ​បរទេស​បន្តទៀត​។ «​អាត្មា​គិត​ស្វែងរក​កន្លែង​សិក្សា​មួយ ដែល​អាច​ផ្តល់​ឲ្យ​នូវ​គុណភាព និង​ឱកាស​កាន់តែ​ទូលំទូលាយ ហើយ​អាត្មា​ឃើញថា DMC សម​ជាងគេ ព្រោះ​កម្មវិធីសិក្សា ធ្វើ​ឡើងជា​ភាសា​អង់គ្លេស ហើយ​ក៏មាន​ផ្ដល់​អាហារ​រូបករណ៍​ទៀត​»​។​
 
​ការសិក្សា​ជំនាញ​គ្រប់គ្រង​ប្រព័ន្ធ​ផ្សព្វផ្សាយ គឺជា​ជំនាញ​លំបាក​សម្រាប់​និស្សិត ហើយក៏​រឹតតែ​ពិបាក​ទៀត​សម្រាប់​សាមណេរ ម៉ៅ ឌី​ណា​។ តាម​សង្ឃដីការ​របស់​ព្រះសង្ឃ​អង្គ​នេះ ការសិក្សា​តម្រូវ​ឲ្យ​និស្សិត ចុះ​អនុវត្ត​ជាក់ស្តែង​ជាច្រើន ដល់ទី​កន្លែង​ផ្ទាល់ ដើម្បី​ប្រមូល​ទិន្នន័យ​ផ្សេង​យកមកប្រើ​ប្រាស់​ក្នុងការ​ស្រាវជ្រាវ​របស់​ខ្លួន​។ រឿង​ដែល​លំបាក​ផ្សេងទៀត​សម្រាប់​សាមណេរ ម៉ៅ ឌី​ណា គឺ​ការសរសេរ និង​និយាយ​ជា​ភាសា​អង់គ្លេស​របស់​សាមណេរ​អង្គ​នេះ​ដែល​ទើប​ចាប់ផ្តើម​ហ្វឹក​ហាត់រៀន​ភាសា​អង់គ្លេស​នៅក្នុង​រយៈពេល​២​ឆ្នាំ​ចុងក្រោយ​។ បញ្ហា​ចម្បង​មួយទៀត គឺ​កង្វះ​ការគាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ ដោយសារ​ការចំណាយ​ប្រចាំថ្ងៃ​ច្រើន ដោយសារ​ព្រះសង្ឃ​ពុំ​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​មធ្យោបាយ​ធ្វើដំណើរ​ផ្ទាល់ខ្លួន​។ 


 
​ព្រះអង្គ ម៉ៅ ឌី​ណា មាន​សង្ឃដីការ​បន្ទាប់​ពី​ដកដង្ហើម​ធំ​យ៉ាង​ដូច្នេះ​៖«​ភាគច្រើន ព្រះសង្ឃ​ត្រូវ​ចំណាយ​ប្រហែលជា ២​ម៉ឺន​រៀល ជា​រៀងរាល់ថ្ងៃ​លើ​ការ​(​និមន្ត​) ជិះ​ម៉ូតូឌុប​។ បើ​គិត​ទាំង​ចង្ហាន់​អី​ទៀត អាច​ដល់ ១០ ដុល្លារ ឯណោះ​។ ករណីនេះ អ្នក​ដែលមាន​ឪពុកម្តាយ​ជួយឧបត្ថម្ភ វា​មិនមែនជា​បញ្ហា​ទេ ប៉ុន្តែ​សម្រាប់​អ្នក​ដែល​គ្មាន​ឪពុកម្តាយ ជួយ​គាំទ្រ​ដូច​អាត្មា​វិញ ថវិកា​សម្រាប់​ចំណាយ​ទាំងស្រុង គឺ​បានមកពី​ការ​បិណ្ឌ​បាត្រ និង​ការស្វែងរក​អាហារ​រូបករណ៍​ប៉ុណ្ណោះ​»​។​
 
​ព្រះសង្ឃ​អង្គ​នេះ រំពឹងថា នឹង​ក្លាយជា​និពន្ធ​នាយក​នៃ​ស្ថាប័ន​ព័ត៌មាន​មួយ ឬ​ជា​អ្នក​និយាយ​ជា​សាធារណៈ ឬ​អ្នកវិភាគ​នយោបាយ ដែល​ការងារ​ទាំងនេះ សាមណេរ ម៉ៅ ឌី​ណា យល់ថា​អាច​ផ្ដល់​ប្រយោជន៍​ដល់​សង្គម តាមរយៈ​ការចែករំលែក​ចំណេះ តាម​លក្ខណៈ​វិទ្យាសាស្ត្រ ដែល​ព្រះសង្ឃ​ភាគច្រើន មាន​ភាពខ្វះខាត​។ 
 
​ជា​ព្រះសង្ឃ​ដំបូងបង្អស់ ដែល​សិក្សា​នៅ DMC សមណ​និស្សិត​អង្គ​នេះ បាន​លើកទឹកចិត្ត​ដល់​និស្សិត​ទាំងអស់ ជាពិសេស​ព្រះសង្ឃ ឲ្យ​ជ្រើស​រើសយក​ការសិក្សា​មុខជំនាញ​មួយ​នេះ ហើយ​ព្រះអង្គ ក៏​បង្ហាញ​ព្រះទ័យ​ប្រោស​ប្រទាន​ការសម្របសម្រួល ដល់​យុវជន​ដែល​ចង់​ស្វែងយល់​បន្ថែម​ផង​។ ព្រះ​ហ​ស្ថ​ម្ខាង​កាន់​សៀវភៅ​ប្រវត្តិសាស្ត្រ​កម្ពុជា ដែលជា​ឯកសារ​ស្រាវជ្រាវ​សម្រាប់​ការសិក្សា​ប្រចាំថ្ងៃ ហើយ​ព្រះ​ហ​ស្ថ​ម្ខាង​ទៀត ង្ហា​ញ​កាយវិការ​ចុះឡើង ជាមួយ​ព្រះ​ភក្ត្រ​ញញឹម​ផង ព្រះអង្គ ម៉ៅ ឌី​ណា មាន​សង្ឃដីកា​បន្តថា​៖«​អាត្មា នឹង​ធ្វើជា​អ្នកសម្របសម្រួល​របស់​ពួកគេ​ផងដែរ ទាំង​គំនិត និង​ធនធាន​ជា​ឯកសារ​ជាដើម ប្រសិនបើ​ពួកគេ​ត្រូវការ​ជំនួយ​របស់​អាត្មា​»៕

Tag:
 ឌី​អឹម​ស៊ី​
 ព្រះសង្ឃ
© រក្សាសិទ្ធិដោយ thmeythmey.com