អន្តរជាតិ
អតីតរដ្ឋមន្ត្រី​វ័យក្មេង​ម៉ាឡេស៊ី នឹង​បង្កើត​បក្ស​ថ្មី​ដែល​ប្រមូលផ្ដុំ​យុវជន
05, Sep 2020 , 10:29 pm        
រូបភាព
អតីតរដ្ឋមន្ត្រីយុវជនម៉ាឡេស៊ី លោក Syed Saddiq Syed Abdul Rahman ក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារព័ត៌មាន Reuters កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០ ។ រូបភាពពី Reuters
អតីតរដ្ឋមន្ត្រីយុវជនម៉ាឡេស៊ី លោក Syed Saddiq Syed Abdul Rahman ក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារព័ត៌មាន Reuters កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០ ។ រូបភាពពី Reuters
ដោយ:
​ក្រោយ​ប្រកាស​មិន​ចូលរួម​ជាមួយ​មេ​ចាស់ គឺ​លោក​មហា​ធៀ មហាម៉ាត់ អតីតរដ្ឋមន្ត្រី​វ័យក្មេង​ម៉ាឡេស៊ី លោក Syed Saddiq Syed Abdul Rahman បានប្រកាសថា លោក​នឹង​បង្កើត​គណបក្ស​ថ្មី​មួយ​ដែល​ប្រមូលផ្ដុំ​ក្រុមយុវជន​។ លោក​សង្ឃឹមថា អាច​ផ្លាស់​បរិ​យាស​កាស​នយោបាយ​ដែលជា​យូរ​មកហើយ​គ្រប់គ្រង​ដោយ​មនុស្ស​ចាស់ និង​អំណាច​ទឹក​លុយ​។

 
 
​ក្នុង​បទសម្ភាសន៍​ជាមួយ​ទីភ្នាក់ងារ​ព័ត៌មាន Reuters នៅ​ថ្ងៃទី ៣ ខែសីហា លោក Syed Saddiq ដែលជា​អតីតរដ្ឋមន្ត្រី​យុវជន និង​កីឡា​ម៉ាឡេស៊ី​និយាយ​ដូច្នេះ​ថា​៖«​យើង​ចង់​រំដោះ​ម៉ាឡេស៊ី​ពី​វប្បធម៌​នយោបាយ​ដែល​ពឹងផ្អែក​លើទឹក​លុយ​និង​អំណាច ហើយ​ស្ដារ​វា​ជាថ្មី​ជាមួយ​មនុស្ស​វ័យក្មេង​ដែលមាន​គំនិត និង​បេះដូង​ស្មោះត្រង់ ដែល​អាចធ្វើ​ឲ្យ​ម៉ាឡេស៊ី​ឆ្ពោះទៅមុខ​បាន​»​។​
 
​អតីតរដ្ឋមន្ត្រី​យុវជន​ម៉ាឡេស៊ី​រូបនេះ លើកឡើងថា សម្រាប់​មហិច្ឆតា​រុះរើ​វប្បធម៌​នយោបាយ​របស់​ម៉ាឡេស៊ី​នេះ គឺ​លោក​យក​គំរូ​តាម​បក្ស En Marche ដែល​ផ្តោតលើ​យុវជន​របស់​ប្រធានាធិបតី​បារាំង អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង និង​បក្ស​អនាគត​ឆ្ពោះទៅមុខ​របស់​ប្រទេស​ថៃ​។ 
 
​អ្នកនយោបាយ​វ័យ​២៧​ឆ្នាំ​រូបនេះ បញ្ជាក់ថា បក្ស​ថ្មី​ដែល​ពុំទាន់​ដាក់ឈ្មោះ​នេះ នឹង​ព្យាយាម​ស្វែង​យក​តំណាង​ក្នុងចំណោម​យុវជន និង​ស្ត្រី ឲ្យ​មាន​សំឡេង​កាន់តែច្រើន​នៅក្នុង​សភា​ម៉ាឡេស៊ី ហើយ​ជាពិសេស ងាក​ចេញពី​ប្រព័ន្ធ​បក្ខពួកនិយម​។ ត្រង់នេះ លោក​បន្តថា បក្ស​របស់​លោកមា​នស​មា​ជិ​ក​សរុប​៣៣​នាក់​ហើយ ដែល​សុទ្ធតែជា​យុវជន​មកពី​ចម្រុះ​ជាតិ​សាសន៍​និង​វិស័យ​ផ្សេងគ្នា​។ 
 
​លោក Syed Saddiq បាន​លេច​មុខជា​បុគ្គល​សំខាន់​នៅ​ម៉ាឡេស៊ី​ជា​លើកដំបូង ក្រោយ​ចូល​ដៃ​ជាមួយ​អតីត​នាយករដ្ឋមន្ត្រី មហា​ធៀ ដើម្បី​ផ្ដួលរំលំ​រដ្ឋាភិបាល​ហ៊ុមព័ទ្ធ​ដោយ​អំពើពុករលួយ​របស់លោក​ណា​ជីប រ៉ា​ក់​ហ្សា​ក់ ក្នុង​ឆ្នាំ​២០១៨​។ លោក​បានក្លាយ​ខ្លួន​ជាស​មា​ជិ​ក​គណៈរដ្ឋមន្ត្រី​វ័យក្មេង​បង្អស់​របស់​ម៉ាឡេស៊ី ក្រោយ​ត្រូវបានតែងតាំង​ឲ្យ​ធ្វើជា​រដ្ឋមន្ត្រី​យុវជន​និង​កីឡា​ក្នុង​រដ្ឋបាល​លោក​មហា​ធៀ​។ 
 
​សូមបញ្ជាក់ថា ចាប់តាំងពី​ទទួលបាន​ឯករាជ្យ​មក នយោបាយ​ម៉ាឡេស៊ី ត្រូវបាន​គ្រប់គ្រង​ដោយ​គណបក្ស​អង្គការ​ជាតិ​ម៉ា​ឡេ​រួបរួម (UMNO) រហូតដល់​ឆ្នាំ​២០១៨​។ បក្ស​នេះ​ត្រូវបាន​ទម្លាក់​ចេញពី​សង្វៀន​នយោបាយ​ម៉ាឡេស៊ី​ដោយ​មួយផ្នែកធំ​ពី​ការប្រព្រឹត្ត​អំពើពុករលួយ​ពី​សំណាក់​អតីត​នាយករដ្ឋមន្ត្រី ណា​ជីប រ៉ា​ហ្សា​ក់​។ ម្យ៉ាងទៀត​អ្នកនយោបាយ​ជើងចាស់​២​នាក់ រួមមាន លោក មហា​ធៀ និង​លោក អាន់​វ៉ា អ៊ីប្រាហ៊ីម ជា​អ្នកនយោបាយ​មាន​ទឹកមាត់ប្រៃ​ក្នុង​ឆាកនយោបាយ​ប្រទេស​នេះ ចាប់តាំងពី​ទសវត្សរ៍​ឆ្នាំ​១៩៩០៕  
 
 

Tag:
 ម៉ាឡេស៊ី​
  Syed Saddiq Syed Abdul Rahman
  យុវជន
© រក្សាសិទ្ធិដោយ thmeythmey.com