ជាតិ
វិធី​ងាយៗ​ក្នុងការ​បណ្ដុះ​ផ្សិត​អំបោះ
05, Sep 2020 , 10:59 pm        
រូបភាព
ផ្សិតអំបោះ (រូបភាពក្រសួងកសិកម្ម)
ផ្សិតអំបោះ (រូបភាពក្រសួងកសិកម្ម)
ដោយ:
​ផ្សិត​ជា​ប្រភេទ​រុក្ខជាតិ​មាន​អាហារូបត្ថម្ភ​ខ្ពស់ សម្បូរ​សារធាតុចិញ្ចឹម និង​ជា​ប្រភេទ​ដំណាំ​ទទួលបាន​ផល ព្រមទាំង​ជួយ​បង្កើន​ប្រាក់ចំណូល​ក្នុង​គ្រួសារ​។ លើសពីនេះ​វា​មាន​ផ្ទុក​វីតាមីន B វីតាមីន C នី​កូ​ទី​ណេ​ត និង​សារ​ធាតុដែក ម៉​ង់​កា​ណែ​ស ស័ង្កសី និង​ម៉ាញ៉េ​ស្យូ​ម​។ ដើម្បី​សម្រួល​ដល់​កសិករ មាន​បច្ចេកទេស​ដាំ​ដុះ​ផ្សិត​បាន​ត្រឹមត្រូវ និង​ឆាប់​ទទួលផល ក្រសួងកសិកម្ម​បាន​ចងក្រង​ឯកសារ​ពី​បច្ចេកទេស​ដាំ​ដុះ​ផ្សិត​អំបោះ​។​

 
​ជ្រើសរើស​កន្លែង​សង់រោង​៖​ជាទូទៅ​ផ្សិត​ដុះ​នៅ​កន្លែង​ដែលមាន​កំទិច​ឈើ​ដែល​ពុកផុយ គួបផ្សំ​លក្ខខណ្ឌ​អាកាសធាតុ គឺមាន​សំណើម និង​កំដៅ ដែល​សមស្រប​ទៅតាម​ប្រភេទ​ផ្សិត​នីមួយៗ​។ ទីតាំង​សម្រាប់​បណ្ដុះ​ផ្សិត​អំបោះ និង​ផ្សិត​ខ្យង ត្រូវមាន​លក្ខណៈ ដី​ទួល មាន​ប្រភពទឹក បរិយាកាស​ល្អ និង​ផ្ទៃដី​រោង​ទូលាយ​។​
 
​ការសាងសង់​រោង​បណ្ដុះ​ផ្សិត​៖ ទំហំ​រោង ត្រូវ​ប្រែប្រួល​ទៅតាម​តម្រូវការ ចង​ថង់​ដុំ​ល្បាយ​ផ្សិត​ដែល​បានរៀបចំ​។ ក្នុង​បរិមាណ​ផ្សិត​ចំនួន ៥​ពាន់​ថង់ ការ​សង់រោង​ផ្សិត​ត្រូវមាន​ទំហំ ៥​ម៉ែត្រ​បួន​ជ្រុង និង​កម្ពស់​ជញ្ជាំង​ប្រវែង ២​ម៉ែត្រ​កន្លះ​ទៅ ៣​ម៉ែត្រ​។ ដោយឡែក​ដំបូល​រោង​គេ​អាច​ប្រក់​ស្លឹកត្នោត  ចំណែក​ជញ្ជាំង​គេ​អាច​បាំង​ស្លឹក​ស្បូវ ឬ​បាំង​កំណាត់​ក៏បាន​។ សម្រាប់​វត្ថុធាតុដើម​សម្រាប់​ដាំ​ផ្សិត​អំបោះ​មាន អាចម៍រណា​ដើម​កៅស៊ូ ឬ​ប្រភេទ​ដើម​ស្វាយ ដំឡូងឈើ ចំបើង ស្នូលពោត អង្កាម និង​គ្រាប់​កប្បាស​ជាដើម​។​
 
​សម្រាប់​សម្ភារ​ប្រើប្រាស់​មាន​៖ ថង់​ប្លា​ស្ទិ​ក​, កដប​, ថង់​ប្លា​ស្ទិ​ក​គ្រប​មាត់​ដប​, ធុង​ចំហុយ​, ខ្សែ​សម្រាប់​ចង​,​ប៉ោត​ស្រោច​ទឹក​ដែលមាន​ចំពួយ​ផ្កាឈូក​,​តង់​កៅស៊ូ​,​កញ្ច្រែង​ជ័រ​។ 
 
​វិធី​លាយ​វត្ថុ​ធាតុ​៖ លាយ​អាចម៍រណារ រោយ​កំបោរ​ស ៥០០​ក្រាម​, ជីអ៊ុយរ៉េ ១០០​ក្រាម​, កន្ទក់​ល្អិត ១០​គីឡូក្រាម​។ បន្ទាប់ពី​លាយ​បញ្ចូល​គ្នា​ហើយ ត្រូវ​ស្រោច​ទឹក​ឲ្យ​សព្វ និង​មាន​សំណើម​ពី​៦០ ទៅ ៧០​ភាគរយ​។ ជា​ដំណាក់កាល​បន្ទាប់​ត្រូវ​ប្រមូល​ជា​គំនរ ទុក​រយៈពេល​៤​ថ្ងៃ ប៉ុន្តែ​ក្នុង​រយៈពេល​ទាំង ៤​ថ្ងៃ​ត្រូវ​ជ្រោយ​ច្របល់​វា​ឲ្យ​សព្វ​។ បន្ទាប់ពី​ផ្អាប់​ទុក ៤​ថ្ងៃ​ហើយ ត្រូវ​ច្រក​ល្បាយ​ទាំងនោះ​បញ្ចូល​ថង់​។​
 
​បន្ទាប់ពី​ច្រក​ល្បាយ​បញ្ចូល​ថង់​ហើយ មិនត្រូវ​ទុក​វា​ឲ្យ​លើសពី ៣​ថ្ងៃ​ឡើយ ត្រូវ​យកទៅ​ចំហុយ​។ យើង​ត្រូវ​តម្រៀប​ដាក់​ចំហុយ​ក្នុង​ធុង​ចំហុយ រយៈពេល ៣ ទៅ ៦​ម៉ោង​។  បន្ទាប់មក​ត្រូវ​ស្រង់​ដុំ​ផ្សិត ទុក​ឲ្យ​ត្រជាក់​មុននឹង​យកទៅ​បញ្ចូល​មេ​ផ្សិត​។ បន្ទាប់មក ត្រូវ​យកទៅ​បន្ទំ រយៈពេល​ជា​មធ្យម ៣០​ថ្ងៃ ទើប​សរសៃ​ផ្សិត​ដុះ​បាន​ពេញ​ថង់​។ 
 
​នៅពេល​សរសៃ​ផ្សិត​ដុះ​ពេញ​ថង់ ត្រូវយក​ដុំ​ល្បាយ​ទៅ​ដាក់​ក្នុង​រោង​បណ្ដុះ​ផ្សិត​។ ត្រូវ​តម្រៀប​ថង់​ដុំ​ផ្សិត​ល្បាយ​ទល់​គ្នា ហើយ​ត្រូវ​បើក​គម្រប​មាត់​ថង់​ចេញ និង​ត្រូវ​ស្រោច​ទឹក​មួយថ្ងៃ ២ ទៅ ៣​ដង​។ ជាទូទៅ​ផ្សិត​អំបោះ​មួយថង់​អាច​ទទួល​ទិន្នផល ០,៣០ គីឡូក្រាម​។ ក្រោយពេល​ប្រមូល​ទិន្នផល​ផ្សិត ត្រូវយក​ស្លាបព្រា​ខ្លី កោស​សម្អាត​គាល់​ផ្សិត​ដែល​នៅសល់​ចេញ​។ ជាទូទៅ​ការបណ្ដុះ​ផ្សិត​មួយ​វគ្គ​មាន​រយៈពេល ៣ ទៅ ៦ ខែ​៕

© រក្សាសិទ្ធិដោយ thmeythmey.com