ទេសចរ​រៀបរាប់​អារម្មណ៍​ពេល​ឡើង​ប្រាសាទព្រះវិហារ​តាម​«​ជណ្ដើរ​ឈើ​»
ជាតិ
ទេសចរ​រៀបរាប់​អារម្មណ៍​ពេល​ឡើង​ប្រាសាទព្រះវិហារ​តាម​«​ជណ្ដើរ​ឈើ​»
06, Sep 2020 , 9:59 am        
រូបភាព
​ព្រះវិហារ​៖ «​ជណ្ដើរ​ឈើ​»​នៅ​ប្រាសាទព្រះវិហារ មាន​ប្រវែង​១៤៥៦​ម៉ែត្រ ឬ​ចំនួន​២ ២៤២ កាំ​ត្រូវបាន​សង់​នៅ​អំឡុង​ឆ្នាំ​២០០៩​។ ជណ្តើរ​នេះ ត្រូវបាន​សង់​អម​«​ជណ្ដើរ​បុរាណ​» ដែល​ស្ថិតនៅ​ផ្នែក​ខាងកើត ភ្ជាប់​ពី​ជើងភ្នំ​ដងរែក ឡើងទៅ​គោ​បូ​រៈ​ទី​៥ នៃ​ប្រាសាទព្រះវិហារ​។ អ្នកទេសចរ ដែល​បានធ្វើ​ដំណើរ​ថ្មើរជើង​តាម​ជណ្ដើរ​នេះ  ត្រូវចំ​ណោ​យ​ពេល​ប្រមាណ​២​ម៉ោង ដើម្បី​ឡើងទៅ​ដល់​ប្រាសាទព្រះវិហារ​។ ដ្បិត​នឿយហត់ និង​ចំណាយពេល​យូរ តែ​ទេសចរ អះអាងថា​ពួកគេ​ទទួលបាន​អារម្មណ៍​ប្លែក តាមរយៈ​ទេសភាព​ដ៏​ស្រស់ស្អាត​តាមផ្លូវ និង​សំឡេង​បក្សាបក្សី​ជាដើម​។​



​ដើម្បី​ជ្រាប​ច្បាស់​សូម​អញ្ជើញលោក​-​អ្នកនាង ទស្សនា​បទ​សម្ភាសរ​វា​ង កញ្ញា អ៊ុត រស្មី អ្នកសារព័ត៌មាន​ថ្មីៗ ជាមួយ​ភ្ញៀវទេសចរ​ដែល​បានធ្វើ​ដំណើរ​តាម​ជណ្ដើរ​ឈើ ដូចតទៅ​៖

 
 
​កញ្ញា សា​រ៉េ​ន ជា​ភ្ញៀវទេសចរ​ម្នាក់​ក្នុងចំណោម ភ្ញៀវទេសចរ​ជិត​៥០​នាក់ ដែល​បានធ្វើ​ដំណើរ​ថ្មើរជើង​តាម​ជណ្ដើរ​ឈើ ចុះ​ពី​ប្រាសាទព្រះវិហារ​។  នេះ​ជា​លើកទីមួយ ដែល​កញ្ញា សា​រ៉េ​ន បានធ្វើ​ដំណើរ​ចុះ​តាម​ជណ្ដើរ​ឈើ​នេះ​។ និយាយ​ក្នុង​សម្ដី​ហត់​បន្តិច យុវតី​រូបនេះ​បានបង្ហាញ​អារម្មណ៍​របស់ខ្លួន​ប្រាប់​សារព័ត៌មាន Thmeythmey25 ដូច្នេះ​ថា​៖«​សម្រាប់​ខ្ញុំ មាន​អារម្មណ៍​រំភើប​មែនទែន មុនដំបូង​អត់​គិតថា​នឹងមាន​ជណ្ដើរ​បែប​ហ្នឹង គិតថា​ប្រហែលជា​ជម្រាលភ្នំ ឬក៏​ផ្ទាំង​ថ្ម ប៉ុន្តែ​ពេលដែល​យើង​ចុះមក​តាម​ជណ្ដើរ​នេះ វា​មាន​រូបភាព​ផ្សេងៗ​គ្នា​ដែល​យើង​នឹកស្មាន​មិន​ដល់ ។ អាចនិយាយបាន​ថា​ហត់​តិច ប៉ុន្តែ យើង​ទទួលបាន​នូវ​ភាពស្រស់ស្អាត​» ។​
 
​អ្នកទេសចរ​ម្នាក់ទៀត គឺ​លោក ង៉ុ​យ រិទ្ធី​ឌី​ម៉​ង ក៏បាន​ធ្វើដំណើរ​តាម​ជណ្តើរ​ចុះ​ពី​ប្រាសាទព្រះវិហារ​នេះដែរ​។ លោក រិទ្ធី​ឌី​ម៉​ង បាន​បញ្ជក់​ថា ទោះបី​ធ្វើដំណើរ​តាម​ជណ្ដើរ​ឈើ​នេះ ហត់​បន្តិច និង​ត្រូវ​ចំណាយពេល​យូរ​ក្ដី ប៉ុន្តែ​លោក​បាន​មើលឃើញ​ទេសភាព​យ៉ាង​ស្រស់ស្អាត ដើមឈើ​តូចធំ ខ្យល់​ត្រជាក់ ដែល​ធ្វើឱ្យ​រំសាយ​អស់​ទុក​កង្វល់​។ មិន​ត្រឹមតែ​ចាត់ទុក​ដាក់ថា​ជា​បទពិសោធន៍​ដំណើរ​កម្សាន្ត​ថ្មី​សម្រាប់​នោះទេ តែ​ទេសចរ​រូបនេះ អះអាងថា​នឹងធ្វើ​ដំណើរ​ឡើង​និង​ចុះ​តាម​ជណ្ដើរ​ឈើ​នេះ​ទៀត នៅពេល​មកលេង​ប្រាសាទព្រះវិហារ​នៅ​ឱកាស​ក្រោយ​។​
 
​សម្រាប់​កញ្ញា ច័ន្ទ​ម៉ូ​លី វិញ   នេះ​ជា​លើក​ទី​២ ដែល​នាង​បានមក​កម្សាន្ត​នៅ​ប្រាសាទព្រះវិហារ ប៉ុន្តែ​វា​ជា​លើកដំបូង​ដែល កញ្ញា បានធ្វើ​ដំណើរ​ចុះ​តាម​ជណ្ដើរ​ឈើ​។ បើតាម​កញ្ញា ម៉ូ​លី ការធ្វើដំណើរ​តាម​ជណ្ដើរ​ឈើ ជាង​២​ពាន់​កាំ​នេះ ធ្វើឱ្យ​ខ្លួន​ទទួលបាន​អារម្មណ៍​ប្លែក ខុសពី​ធ្វើដំណើរ​តាម​រថយន្ត​។ កញ្ញា ច័ន្ទ​ម៉ូ​លី​រៀបរាប់​ដូច្នេះ​៖«​យើង​អាច​មើលឃើញ​ទេសភាព​ពីលើ​ភ្នំ​ដោយផ្ទាល់​ភ្នែក ឃើញ​សត្វ​ស្វា​តាមផ្លូវ​ជាច្រើន និង​ដើមឈើ​តូចធំ ដុះ​អម​ជណ្ដើរ ផ្ដល់​ម្លប់​ដល់​ត្រជាក់​»​។​
 
​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​១៦-១៨ ខែសីហា កន្លងទៅ​ក្រុម​កម្សាន្ត  Cambodia Amazing Trip Planner បានរៀបចំ​ជំរំ​តង់ «​សួគ៌ា​ប​ព៌​ត​» នា​ជួរ​ភ្នំ​ដងរែក​នៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ និង​ខេត្តព្រះវិហារ ដែលមាន​អ្នកចូលរួម​ជិត​៥០​នាក់​។ ដំណើរ​កម្សាន្ត​នេះ ធ្វើឡើង​ក្នុង​គោលបំណង លើកស្ទួយ​វិស័យ​ទេសចរណ៍​ក្នុងស្រុក ចូលរួម​ប្រើប្រាស់​សេវាកម្ម​ក្នុងស្រុក ជាពិសេស​ឱ្យ​ភ្ញៀវទេសចរ ស្គាល់​ពី​សក្ដានុពល​ទេសចរណ៍​ដ៏​អស្ចារ្យ​ក្នុងស្រុក​។ Cambodia Amazing Trip Planner បាន​សហការ​ជាមួយ​សារព័ត៌មាន​ថ្មីៗ​២៥ រាជធានី​-​ខេត្ត ដើម្បី​ផ្សព្វផ្សាយ​ពី​តំបន់​ទេសចរណ៍ ក្នុងប្រទេស​កម្ពុជា​៕ 

Tag:
 ជណ្ដើរ​ឈើ​
  ព្រះវិហារ​
© រក្សាសិទ្ធិដោយ thmeythmey.com