ជាតិ
កម្ពុជា គ្រោង​ស្នើ​ដាក់​តំបន់​៤ ជា​ជម្រក​សត្វ​កម្រ​លើ​ពិភពលោក ចូលក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​
05, Sep 2020 , 5:30 pm        
រូបភាព
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន កំពុង​ធ្វើ​បទ​បង្ហាញ​ពី​តំបន់​ទេសចរណ៍ធម្មជាតិ​របស់​កម្ពុជា ត្រៀម​ដាក់ចូល​បញ្ជី​បេតិកភណ្ឌ​ធម្មជាតិ​ពិភពលោក​របស់​អង្គការ​យូណេស្កូ (UNESCO) កាលពី​ថ្ងៃទី​៣​កញ្ញា ឆ្នាំ​២០២០​។ រូបថត​៖ ក្រសួងបរិស្ថាន​
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន កំពុង​ធ្វើ​បទ​បង្ហាញ​ពី​តំបន់​ទេសចរណ៍ធម្មជាតិ​របស់​កម្ពុជា ត្រៀម​ដាក់ចូល​បញ្ជី​បេតិកភណ្ឌ​ធម្មជាតិ​ពិភពលោក​របស់​អង្គការ​យូណេស្កូ (UNESCO) កាលពី​ថ្ងៃទី​៣​កញ្ញា ឆ្នាំ​២០២០​។ រូបថត​៖ ក្រសួងបរិស្ថាន​
​ក្រចេះ​៖ តំបន់​ទេសចរណ៍ធម្មជាតិ​ចំនួន​៤​ភូមិសាស្ត្រ ដែលមាន​ប្រភេទ​សត្វ​កម្រ និង​ជិត​ផុត​ពូជ​លើ​ពិភពលោក​ដូចជា សត្វ​ត្រយង​យក្ស សត្វ​ត្មាត សត្វ​ក្ដាន់ និង សត្វ​ផ្សោត​ទឹកសាប ជាដើម ត្រូវបាន​រដ្ឋាភិបាល​ក​ម្ពុ​ជា តាមរយៈ​ក្រសួងបរិស្ថាន គ្រោង​ស្នើ​ទៅ​អង្គការ​យូណេស្កូ ​(UNESCO) ដើម្បី​ប​ញ្ជូ​ល​ក្នុង​បញ្ជី​បេ​តិ​កភណ្ឌ​ធម្មជាតិ​ពិភពលោក​។ ក្រៅពី​សត្វ​កម្រ តំបន់​ទេសចរណ៍ធម្មជាតិ​ទាំង​៤​ភូមិសាស្ត្រ​នេះ មាន​ទេសភាព​យ៉ាង​ស្រស់ត្រកាល​។ បើតាម​លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន កិច្ចការ​នេះ​កំពុងដំណើរការ​សិក្សា​ស្រាវជ្រាវ​លម្អិត និង​ចងក្រង​ឯកសារ​ពាក់ព័ន្ធ​នានា បាន​មួយចំនួន​ហើយ​។​

 

​តំបន់​ទេសចរណ៍ធម្មជាតិ​ចំនួន​៤​ភូមិសាស្ត្រ ដែល​កម្ពុជា​ត្រៀម​ដាក់ចូល​ជា​តំបន់​បេតិកភណ្ឌ​ធម្មជាតិ​ពិភពលោក​នោះ មាន ព្រែក​កាំ​ពី​,  ដែនជម្រកសត្វព្រៃ​ព្រែក​ប្រសព្វ ក្នុង​ខេត្តក្រចេះ​, តំបន់​បេតិកភណ្ឌ​ធម្មជាតិ​ភ្នំ​ត្បែង និង តំបន់​សហគមន៍​ការពារ​ធម្មជាតិ​ត្មាត​ប៉ើយ នៅ​ខេត្តព្រះវិហារ​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក នេត្រ ភក្ត្រា ក្នុង​ដំណើរ​ដឹកនាំ​ក្រុម​អ្នកសារព័ត៌មាន​ទៅកាន់​រមណីយដ្ឋាន​ព្រែក​កាំ​ពី ស្ថិតនៅ​ឃុំ​សំបុក ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ កាលពី​ថ្ងៃទី​៣​កញ្ញា ឆ្នាំ​២០២០​។ 
 
​សម្រាប់​រមណីយដ្ឋាន​ព្រែក​កាំ​ពី លោក នេត្រ ភក្ត្រា បាន​និយាយ​ដូច្នេះ​ថា​៖«​រហូតមកដល់​ពេលនេះ​ក្រុមការងារ​ដែល​ដឹកនាំ​ដោយ​ក្រសួងបរិស្ថាន គឺ​បាន​ចងក្រង​នូវ​ឯកសារ​បាន​មួយចំនួន និង​កំពុងតែ​បន្តធ្វើ​បន្ថែមទៀត ដើម្បី​សិក្សា​នៅក្នុង​តំបន់​ព្រែក​កាំ​នេះ ដើម្បី​រៀបចំ​នូវ​ឯកសារ​ទាំង​ឡាយ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​។ ជាពិសេស​នៅតាម​តំបន់​ជាប់​ទន្លេមេគង្គ ដែលជា​ជម្រក​របស់​សត្វ​ផ្សោត​»​។​
 
​ព្រែក​កាំ​ពី គឺជា​រមណីយដ្ឋាន​ទេសចរ​ធម្មជាតិ​មួយ​ដែលមាន​សម្រស់​ទេសភាព​ទឹកទន្លេ ដ៏​ស្រស់បំព្រង ហើយក៏​ជាទី​កន្លែង​ជម្រក​ដ៏​សុខសាន្ត​សម្រាប់​សត្វ​ផ្សោត​ទន្លេមេគង្គ​។ សព្វថ្ងៃ ព្រែក​កាំ​ពី កំពុង​ក្លាយទៅជា​តំបន់​ល​ម្អែ​កាយ​មួយ​ដ៏​ពេញនិយម និង​ល្បីឈ្មោះ​សម្រាប់​ខេត្តក្រចេះ និង​មាន​ប្រជាប្រិយភាព​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​។ បើតាម​លោក​នេត្រ ភក្ត្រា បច្ចុប្បន្ន​ព្រែ​កាំ​ពី មាន​សត្វ​ផ្សោត​ចំនួន​៩២​ក្បាល ហើយ​ភ្ញៀវទេសចរ​ដែល​មក​ទស្ស​នា​សត្វ​ផ្សោត​នៅ​តំបន់​ច្រើន​បំផុត គឺ​នៅក្នុង​រដូវប្រាំង​។​
 
​រដ្ឋលេខាធិការ​និង​ជា​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​រូបនេះ បាន​អះអាងថា កម្ពុជា​ជា​ប្រទេសមួយ​ក្នុងចំណោម​ប្រទេស​ចំនួន​៣​នៅលើ​ពិភពលោក​ដែលមាន​វត្តមាន​សត្វ​ផ្សោត​ទឹកសាប​រស់នៅ ហើយ​កម្ពុជា ជា​ប្រទេស​មាន​សត្វ​ផ្សោត​ច្រើនជាងគេ​។  ដោយឡែក ប្រទេស​២​ទៀត ដែលមាន​វត្តមាន​សត្វ​ផ្សោត​ទឹកសាប​នេះ គឺ​ប្រទេស​ឥណ្ឌូនេស៊ី និង​ភូមា​។​
 
​លោក​នេត្រ ភក្ត្រា បាន​បន្តថា សម្រាប់​ដែនជម្រកសត្វព្រៃ​ព្រែក​ប្រសព្វ មាន​ផ្ទៃដី​ជាង​១២​ម៉ឺន​ហិកតា ស្ថិតក្នុង​ភូមិសាស្ត្រ​ស្រុក​ព្រែក​ប្រសព្វ និង​ស្រុក​សំបូរ ខេត្តក្រចេះ​។ ដែនជម្រកសត្វព្រៃ​ព្រែក​ប្រសព្វ  គឺជា​តំបន់​ធម្មជាតិ​មួយ​របស់​កម្ពុជា មាន​វត្តមាន​សត្វ​ក្តាន់​រស់នៅ ដែលជា​ប្រភេទ​សត្វ​ជិត​ផុត​ពូជ​នៅលើ​ពិភពលោក​។ ជាពិសេស​តំបន់​នេះ​មាន​វត្តមាន​ប្រភេទ​សត្វ​កម្រ​ផ្សេងៗ​ទៀត ជាច្រើន​។​
 
​រីឯ​តំបន់​បេតិកភណ្ឌ​ធម្មជាតិ​ភ្នំ​ត្បែង​ដែលមាន​ផ្ទៃដី​២,៥​ម៉ឺន​ហិកតា ត្រូវបាន​បង្កើតឡើង​កាល​ឆ្នាំ​២០១៦ ដោយមាន​ភូមិសាស្ត្រ​ជាប់​ស្រុក​ចំនួន​បួន គឺ​ស្រុក​សង្គម​ថ្មី​, ស្រុក​គូលែន​, ស្រុក​រវៀង និង​ក្រុង​ព្រះវិហារ​។ តំបន់​បេតិកភណ្ឌ​មួយ​នេះ មាន​ភាពល្អ​ឯក​លើ​សម្រស់​ធម្មជាតិ​ដ៏​ស្រស់ត្រកាល ទឹកជ្រោះ​ចំនួន​៣​ដំណាក់​តាំង ពី​កំពូល​រហូត​ជើងភ្នំ និង​មាន​ទេសភាព​ចំការចេក​របស់​ប្រជាពលរដ្ឋ​តាម​ដងផ្លូវ​ទៅកាន់​ភ្នំ​ត្បែង ដែលមាន​កម្ពស់​ប្រមាណ​៤០០​ម៉ែត្រ ដែល​អ្នកធ្វើដំណើរ​ត្រូវ​ឆ្លងកាត់​កាំជណ្តើរ​រហូត​១៣៨០​កាំ​។  
 
​លើសពីនេះទៅទៀត ភ្នំ​ត្បែង​គឺជា​ទីតាំង​ប្រវត្តិសាស្ត្រ​ដែល​ពលរដ្ឋ​កម្ពុជា​គោរពបូជា ហើយ​ទីសក្ការៈ​ទាំងនោះ​រួមមាន ថ្ម​បី​ដុំ​ជាដើម​។ បច្ចុប្បន្ន​តំបន់​បេតិកភណ្ឌ​ភ្នំ​ត្បែង បានក្លាយ​ជាទី​ចាប់អារម្មណ៍​របស់​ភ្ញៀវទេសចរ ពិសេស​យុវជន ក្នុងការ​កម្សាន្ត​ចុង​សប្តាហ៍ ដោយ​ការ​បោះតង់​ជា​ក្រុម និង​ជា​លក្ខណៈ​គ្រួសារ​ជាដើម​។​
 
​សម្រាប់​សហគមន៍​ទេសចរណ៍ធម្មជាតិ​ត្មាត​ប៉ើយ មាន​ផ្ទៃដី​ជាង​១,៧​ពាន់​ហិកតា  ស្ថិតនៅ​ភូមិ​ត្មាត​ប៉ើយ ឃុំ​ព្រីង​ធំ ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ​។ បច្ចុប្បន្ន សត្វព្រៃ​សំខាន់ៗ​នៅក្នុង​សហគមន៍​ត្មាត​ប៉ើយ​នេះ មាន​ជាង​១០​ប្រភេទ ដោយ​ក្នុងនោះ​មាន​សត្វ​ត្រយង​យក្ស​ដែល​តំណាងឱ្យ​ជាតិ ដែលមាន​ចំនួន​ជាង​៥០០​ក្បាល កំពុង​រស់នៅក្នុង​សហគមន៍​ទេសចរណ៍ធម្មជាតិ​នេះ​។ ក្រៅពី​មាន​សត្វ​ត្រយង​យក្ស​ហើយ​នោះ សហគមន៍​ទេសចរណ៍ធម្មជាតិ​នេះ ក៏មាន​នូវ​សត្វ​ក្រៀល​, សត្វ​ត្រយង​ចង្កំ​កស​, សត្វ​ត្មាត ព្រមទាំង​ប្រភេទ​សត្វ​កម្រ​ផ្សេងៗ​ទៀត​៕ 

Tag:
 តំបន់​ធម្មជាតិ​
  តំបន់​ធម្មជាតិ​
  លោក នេត្រ ភក្ត្រា​
  ក្រចេះ​
© រក្សាសិទ្ធិដោយ thmeythmey.com