ជាតិ
ជំរំតង់«សួគ៌ាបព៌ត»ដំណើរស្វែងយល់២យប់៣ថ្ងៃ នៅទិសឧត្តរ
× ជំរំតង់ «សួគ៌ាបព៌ត» ដែលរៀបចំដោយ Cambodia Amazing Trip Planer បាននាំភ្ញៀវទេសចរទៅកម្សាន្ត និងស្វែងយល់ពីតំបន់ទេសចរណ៍-ប្រវត្តិសាស្ត្រ នៅក្នុងខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ នាទិសឧត្តរនៃប្រទេសកម្ពុជា។ ចំណាយពេល២យប់៣ថ្ងៃ ក្រុមអ្នកចូលរួមជំរំតង់ប្រមាណ៦០នាក់ ភាគច្រើនជាយុវជន បានទៅដល់ និងស្វែងយល់តំបន់ទេសចរ ជិត១០កន្លែងផ្សេងគ្នា។ តំបន់ទាំងនោះមាន បន្ទាយជ័យ៨០២,ផ្ទះតាម៉ុក ពើងតារួន ,ទឹកធ្លាក់បុស្សស្បូវ ប្រាសាទព្រះវិហារ និងប្រាសាទកោះកែរជាដើម។
សូមអញ្ជើញទស្សនាវីដេអូ Vlog ដូចតទៅ៖
ជំរំតង់ «សួគ៌ាបព៌ត» ដែលរៀបចំដោយ Cambodia Amazing Trip Planer បាននាំភ្ញៀវទេសចរប្រុសស្រីប្រមាណ៦០នាក់ ទៅកម្សាន្ត និងស្វែងយល់ពីប្រវត្តិ និងតំបន់ទេសចរណ៍សក្តានុពលនៅក្នុងឧត្តរមានជ័យ និងខេត្តព្រះវិហារ ស្ថិតនៅប៉ែកឧត្តរនៃប្រទេសកម្ពុជា។ ដំណើរកម្សាន្តរយៈពេល ២យប់៣ថ្ងៃ បាននាំក្រុមយុវជនកម្ពុជា បានឆ្លងកាត់ភ្លក់អាហារស្រុកស្រែ និងសាកល្បងការបាញ់ធ្នូ នៅ«បន្ទាយជ័យ៨០២» ក្នុងស្រុកបាគង នៃខេត្តសៀមរាប។
រមណីយដ្ឋានប្រវត្តិសាស្ត្រ «ផ្ទះតាម៉ុក» ដែលស្ថិតនៅក្នុងខេត្តឧត្តរមានជ័យ គឺជាគោលដៅកម្សាន្ត និងស្វែងយល់បន្ទាប់ របស់ក្រុមការងារ Cambodia Amazing Trip Planer និងក្រុមទេសចរដែលភាគច្រើនជាយុវជន។ នៅទីនេះ យុវជនចំណាយពេលប្រហែល១ម៉ោង ដើម្បីដើរទស្សនា ផ្ទះឈើទាំង៤ខ្នងដែលជាស្លាកស្នាមប្រវត្តិសាស្ត្រ គួរជាទីចាប់អារម្មណ៍របស់ទេសចរពីគ្រប់ទិសទី ឡានវិទ្យុទាក់ទង និងទ្រុងសម្រាប់ឃុំឃាំងជាដើម។
ចេញពីផ្ទះតាម៉ុក ជំរំតង់ សំដៅឡើងភ្នំដងរែក ជាទីដែលក្រុមយុវជនបានចំណាយពេលសម្រាកក្នុងតង់ពេញមួយរាត្រី អមដោយការប្រគំចាប៉ីដងវែង និងការច្រៀងកម្សាន្តរបស់ទេសចរ ក្រោយទទួលទានអាហារល្ងាចដែលចម្អិនដោយកងទ័ពជួរមុខរបស់កម្ពុជា។ ទន្ទឹមនឹងនេះ អ្នកចូលរួមជំរំតង់ «សួគ៌ាបព៌ត» ក៏បានជជីកសួរពីជីវិតរបស់ទាហានជួរមុខនៅខ្នងភ្នំដងរែកនេះដែរ។
នៅថ្ងៃបន្ទាប់ តំបន់រមណីយដ្ឋាន«ពើងតារួន»នៅស្រុកអន្លង់វែង គឺជាគោលដៅកម្សាន្តដំបូងគេ ដោយនៅទីនេះ ទេសចរអាចគយគន់ផ្ទៃដីស្រែចម្ការរាប់សិបហិកតារបស់ពលរដ្ឋ។ ចេញពី«ពើងតារួន» ជំរំតង់បានទៅដល់ទឹកធ្លាក់«បុស្សស្បូវ»ដែលជារមណីយដ្ឋានដ៏ត្រកាល លាក់ខ្លួននៅជើងភ្នំដងរែក ខេត្តព្រះវិហារ ទីដែលទេសចរទទួលទានអាហារ និងងូតទឹកលេងកម្សាន្ត ក្រោមម្លប់ឈើយ៉ាងត្រឈឹងត្រឈៃ ដែលលាយឡំនឹងផ្ទាំងថ្ម តូច-ធំផងនោះ។ ដំណើរថ្ងៃទី២ បញ្ចប់ត្រឹមការសិក្សាស្វែងយល់ពីប្រាសាទព្រះវិហារ មុននឹងអ្នកទេសចរ ស្លុងស្មារតីជាមួយនឹងទិដ្ឋភាពពពករសាត់ពេញផ្ទៃអាកាស ក៏ដូចជាថ្ងៃរះដ៏អស្ចារ្យ នាពេលព្រលឹមស្រាងៗ។
លុះថ្ងៃរះផុតទៅហើយ ជាពេលវេលាដែលក្រុមការងារស្រូតរូតរះ ចុះពីប្រាសាទព្រះវិហារតាមជណ្តើរឈើដែលមាន២២៤២កាំ ដោយចំណាយពេលប្រមាណ២ម៉ោង រួចបន្តដំណើរទៅទស្សនាគោលដៅចុងក្រោយបង្អស់នៃជំរំតង់«សួគ៌ាបព៌ត» គឺ«ប្រាសាទកោះកែរ» មុនវិលត្រឡប់មករាជធានីភ្នំពេញវិញ៕
© រក្សាសិទ្ធិដោយ thmeythmey.com