ពីនេះ ពីនោះ
សុខភាព
ធ្លាប់​ញ៊ាំ “​ផ្លែ​រកាំ​” ឬ​អត់​? ល្អ​ចំពោះ​សុខភាព កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ជាច្រើន​
23, Jun 2022 , 6:59 am        
រូបភាព
​ទោះបីជា​ភាគច្រើន​នៃ​ពួកយើង​ស្គាល់ និង​ឧស្សាហ៍​ទទួលទាន​ផ្លែ​រកាំ ឬ​សា​ឡាក់ ប៉ុន្តែ​ប្រហែលជា​មិន​ធ្លាប់​ដឹង​ទេ​ថា ផ្លែឈើ​នេះ​អាច​ផ្ដល់​អត្ថប្រយោជន៍​អស្ចារ្យ​ចំពោះ​សុខភាព​។ ថា​តើ​ផល​ល្អៗ​នៃ​ការ​ទទួលទាន​ផ្លែ​រកាំ​មាន​អ្វីខ្លះ​? ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​មូលហេតុ​ដែល​អ្នក​គួរ​រួមបញ្ចូល​ផ្លែឈើ​នេះ​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ ៖

 
១. ពង្រឹង​សុខភាព​ភ្នែក​
 
​មួយ​ក្នុងចំណោម​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ជាច្រើន​ផ្សេងទៀត​ដែលមាន​ផ្ទុក​ក្នុង​ផ្លែ​រកាំ គឺ beta carotene​។ សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​នេះ​ត្រូវបាន​រាងកាយ​បំ​លែង​ទៅជា​វីតាមីន A ចាំបាច់​សម្រាប់​សុខភាព​ភ្នែក​ល្អប្រសើរ​។​
 
២. ព្យាបាល​អា​ការៈពិបាក​រំលាយ​អាហារ​និង​រាក​
 
​ការទទួល​ទាន​ផ្លែ​រកាំ គឺ​ល្អ​ណាស់​សម្រាប់​ដោះស្រាយ​បញ្ហា​ពិបាក​រំលាយ​អាហារ​ដោយ​ផ្លែឈើ​នេះ​មាន​ផ្ទុក​សារធាតុ tannins​។ ផ្លែ​រកាំ​ក៏​សាក​សម​សម្រាប់​អ្នក​ដែល​កំពុង​ជួបប្រទះ​បញ្ហា​រាក​ផងដែរ​ដោយ​មិន​ត្រឹមតែ​បញ្ឈប់​ការ​រាក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ទប់ស្កាត់​ការ​ខ្សោះ​ជាតិ​ទឹក​ក្នុង​រាងកាយ​គួរឱ្យកត់សម្គាល់​។​
 
៣. ទប់ស្កាត់​អាកា​រៈ​ទល់លាមក​
 
​ការរួមបញ្ចូល​ផ្លែ​រកាំ​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​ពិតជា​អាចជួយ​ទប់ស្កាត់​អាកា​រៈ​ទល់លាមក​បាន​យ៉ាង​ប្រសើរ​។ នេះ​ក៏​ព្រោះតែ​ផ្លែ​រកាំ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ទឹក​និង​ជាតិ​ស​សៃ​។​
 
៤. គ្រប់គ្រង​កម្រិត​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម​
 
​ជាតិ​ស​សៃ​ដែលមាន​ផ្ទុក​ក្នុង​ផ្លែ​រកាំ​ក៏​ល្អ​ណាស់ដែរ​សម្រាប់​អ្នកជំងឺ​ទឹកនោមផ្អែម​។ វា​ជួយ​គ្រប់​គ្រប​បរិ​មាណនៃ​ការបញ្ចេញ​ជាតិ​ស្ករ​ក្នុង​លំហូរ​ឈាម​។ ម្យ៉ាងវិញទៀត​ផ្លែ​រកាំ​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​ស្ករ​ធម្មជាតិ​ដែល​សាក​សម​សម្រាប់​អ្នកជំងឺ​ទឹកនោមផ្អែម​ជាង​ប្រភេទ​ស្ករ​ចម្រាញ់ ឬ​ស្ករ​កែច្នៃ​ផ្សេងទៀត​។ ការទទួល​ទាន​ផ្លែ​រកាំ​ក៏​ជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ទឹកនោមផ្អែម​គួរឱ្យកត់សម្គាល់​។​
 
៥. ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​រាងកាយ​
 
​ផ្លែ​រកាំ​ជា​ប្រភព​ដ៏​ប្រសើរ​បំផុត​នៃ​វីតាមីន C ដែលមាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​ការជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​រាងកាយ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com