អន្តរជាតិ
ក្រសួង​សន្តិសុខ​មាតុភូមិ​អាមេរិកាំង​ថា រុស្ស៊ី​កំពុង​ព្យាយាម​បំផ្លាញ​ទំនុកចិត្ត​ការបោះឆ្នោត​តាម​ប្រៃសណីយ៍​
06, Sep 2020 , 7:59 pm        
រូបភាព
​មនុស្ស​ម្នាក់​កំពុង​ទម្លាក់​សន្លឹកឆ្នោត​ទៅក្នុង​ប្រអប់​ប្រៃសណីយ៍ នៅ​ទីក្រុង Omaha រដ្ឋ Nebraska កាលពី​ថ្ងៃទី​១៨ សីហា ២០២០​។​
​មនុស្ស​ម្នាក់​កំពុង​ទម្លាក់​សន្លឹកឆ្នោត​ទៅក្នុង​ប្រអប់​ប្រៃសណីយ៍ នៅ​ទីក្រុង Omaha រដ្ឋ Nebraska កាលពី​ថ្ងៃទី​១៨ សីហា ២០២០​។​
ដោយ: VOA
​ក្រសួង​សន្តិសុខ​មាតុភូមិ​សហរដ្ឋអាមេរិក​ព្រមាន​ថា ប្រទេស​រុស្ស៊ី​កំពុង​ព្យាយាម​ធ្វើ​ឲ្យ​អន្តរាយ​ទំនុកចិត្ត​របស់​ពលរ​ដ្ឋ​អាមេរិកាំង​លើ​សុវត្ថិភាព​និង​សុពលភាព​ក្នុង​ការបោះ ឆ្នោត​តាម​ប្រៃសណីយ៍​។​

 
​ក្នុង​ព្រឹត្តិប័ត្រ​ដែល​ត្រូវបាន​ផ្សព្វផ្សាយ​សម្រាប់​ពួក​មន្ត្រី​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ការិយាល័យ​ស៊ើបការណ៍​សម្ងាត់​និង​ការវិភាគ​នៃ​ក្រសួង​សន្តិសុខ​មាតុភូមិ​សហរដ្ឋអាមេរិក បាន​ប្រាប់​ឲ្យ​ដឹងថា រុស្ស៊ី «​ទំនងជា​»​បន្ត​បង្កើន​ការរិះគន់​ការបោះឆ្នោត​តាម​ប្រៃសណីយ៍​និង​ការផ្លាស់ប្តូរ​ដំណើរការ​បោះឆ្នោត​នៅពេល​មានការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​១៩​ដើម្បី​បំផ្លាញ​ទំនុកចិត្ត​សាធារណជន​ក្នុង​ដំណើរការ​បោះឆ្នោត​នេះ​»​។​
 
​ព្រឹត្តិប័ត្រ​នោះ បាន​បន្តទៀតថា កាលពី​ពាក់កណ្តាល​ខែសីហា បណ្តាញ​ព័ត៌មាន​រដ្ឋ​របស់​រុស្ស៊ី​និង​គេហទំព័រ ដែល​គាំទ្រ​រុស្ស៊ី បានចេញ​ផ្សាយ​ការរិះគន់​ការបោះឆ្នោត​តាម​ប្រៃសណីយ៍​នេះ​យ៉ាងខ្លាំង ដោយបាន​អះអាងថា ពួក​អ្នកបោះឆ្នោត​ដែល​មិនអាច​បោះឆ្នោត​បាន អាច​ទទួលបាន​សន្លឹក​ឆ្នោត​ចាស់ៗ សន្លឹកឆ្នោត​យ៉ាងច្រើន​ត្រូវបាន​គេ​មិន​រាប់​និង​មាន​គ្រោះថ្នាក់​បំផុត​។​
 
​ព្រឹត្តិប័ត្រ​នោះ បាន​ប្រាប់​ឲ្យ​ដឹង​ទៀតថា ចាប់តាំងពី​ខែ​មិនា​មក បណ្តាញ​ព័ត៌មាន​រុស្ស៊ី ក៏បាន​ស្វះស្វែង​ធ្វើ​ឲ្យ​អន្តរាយ​ទំនុកចិត្ត​ក្នុង​ដំណើការ​បោះឆ្នោត​តាម​ប្រៃសណីយ៍ ដោយបាន​ចោទប្រកាន់ថា ពួកគេ​ផ្តល់ឱកាស​យ៉ាងច្រើន​បំផុត​ដល់​ពួក​អ្នក​លួច​បន្លំ សន្លឹកឆ្នោត​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com