លោក វេ​ង សាខុន បង្ហាញ​ការព្រួយបារម្ភ​រឿង​ខ្វះ​ទឹក​ក្នុង​វិស័យ​កសិកម្ម ដោយ​ការប្រែប្រួល​អាកាសធាតុ​
ជាតិ
លោក វេ​ង សាខុន បង្ហាញ​ការព្រួយបារម្ភ​រឿង​ខ្វះ​ទឹក​ក្នុង​វិស័យ​កសិកម្ម ដោយ​ការប្រែប្រួល​អាកាសធាតុ​
06, Sep 2020 , 12:59 pm        
រូបភាព
លោក វេង សាខុន (ស្ដាំ) នាជំនួបពិភាក្សាការងារជាមួយលោក Markus Buerli ភ្នាក់ងាកុងស៊ុលស្វីសប្រចាំកម្ពុជា នាថ្ងៃទី ៣ កញ្ញា ២០២០
លោក វេង សាខុន (ស្ដាំ) នាជំនួបពិភាក្សាការងារជាមួយលោក Markus Buerli ភ្នាក់ងាកុងស៊ុលស្វីសប្រចាំកម្ពុជា នាថ្ងៃទី ៣ កញ្ញា ២០២០
​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ បានបង្ហាញ​ពី​ការព្រួយបារម្ភ​ចំពោះ​បញ្ហា​ខ្វះខាត​ទឹក​ប្រើប្រាស់​ក្នុង​វិស័យ​កសិកម្ម ដែល​អាច​នឹង​ប៉ះពាល់​ទិន្នផល​កសិកម្ម​របស់​ក​សិ​ករ ព្រោះ​កម្ពស់​ទឹកទន្លេ​មេគង្គ​ឆ្នាំនេះ​នៅមានកម្រិត​នៅឡើយ​។ នេះ​បើតាម​គណនី​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់​របស់លោក វេ​ង សាខុន នៅ​ថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ​២០២០​។​

 
​លោក​រដ្ឋមន្ត្រី​បានបង្ហាញ​ពី​ការព្រួយបារម្ភ​បែបនេះ នាឱកាស​ទទួល​ជួប​លោក Markus Buerli នាយក​ការិយាល័យ​សហប្រតិបត្តិ​ការ​ស្វី​ស និង​ភ្នាក់ងារ​កុងស៊ុល​ស្វី​ស​ប្រចាំ​កម្ពុជា​។ គោលបំណង​ជំនួប​នេះ គឺ​ដើម្បី​ពង្រឹង​និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ​លើ​វិស័យ​កសិកម្ម​នៅ​កម្ពុជា​។ នា​ជំនួប​ខាងលើ​លោក​រដ្ឋមន្ត្រី វេ​ង សាខុន បានលើកឡើង​ពីស​កម្ម​កន្លងមក​រប​ស់​ស្វី​ស ដែល​បាន​ចួ​ល​រួម​សកម្មភាព​ជាមួយ​កម្ពុជា​។ ក្នុង​វិស័យ​កសិកម្ម ស្វី​ស បាន​អនុវត្ត​គម្រោង​ប្រើប្រាស់​ប្រព័ន្ធ​ព័ត៌មាន​ផ្កាយរណប​ជា​មូលដ្ឋាន និង​ការធានារ៉ាប់រង​ដំណាំ​ស្រូវ​នៅ​កម្ពុជា RIICE តាំងពី​ឆ្នាំ ២០១២​។​


 លោក វេង សាខុន នាឱកាសជួយអ្នកតំណាងក្រុមហ៊ុនស្វីស

​រដ្ឋមន្ត្រី​កសិកម្ម​បាន​បន្តថា សកម្មភាព​ខាងលើ​នេះហើយ​ដែល​បច្ចុប្បន្ន​បាន​ឈានដល់​ជំហាន​ទី​៣ ២០១៩-២០២១ ក្នុង​បំណង​គ្រប់គ្រង​គ្រោះធម្មជាតិ ដែល​ប៉ះពាល់​ដល់​ផលិតកម្ម​ដំណាំ​ស្រូវ និង​ស្វែងយល់​ព័ត៌មាន​ទិន្នន័យ​មួយចំនួន​ដូចជា ផ្ទៃដី​ដាំ​ដុះ​ជាក់ស្តែង ពេលវេលា​ចាប់ផ្តើម​រដូវ​ដាំ​ដុះ កម្រិត​កំពូល​នៃ​រដូវ​ដាំ​ដុះ ការព្យាករណ៍​ទិន្នផល​ពាក់កណ្តាល​រដូវ ការប៉ាន់ស្មាន​ទិន្នផល​ពេល​ប្រមូល​ផល និង​ការវាយតម្លៃ​ការបាត់បង់​ដោយសារ​គ្រោះធម្មជាតិ​។​
 
​លោ​កថា​បច្ចេកវិទ្យា​និង​ព័ត៌មាន​ទាំងនេះ​មាន​សារៈសំខាន់​ណាស់​សម្រាប់​មន្ត្រី​ជំនាញ​នៅ​កម្ពុជា​។ ហើយ​លោក​ក៏បាន​ស្នើ​ដល់​ស្វី​ស ជួយ​ពង្រឹងសមត្ថភាព​មន្ត្រី និង​កសិករ​ខ្មែរ ជយ​យក​សាង​ហេដ្ឋារចនាសម្ព័ន្ធ​ប្រព័ន្ធ​ស្រោចស្រព ដើម្បី​ឆ្លើយតប​ទៅនឹង​បញ្ហា​កង្វះ​ទឹក ដោយ​ការប្រែប្រួល​អាកាសធាតុ​។​
 
​ជាការ​ឆ្លើយតប​លោក Markus Buerli បាន​ឲ្យ​ដឹង​នាឱកាស​នោះ​ថា ភាគី​ស្វី​ស​កំពុង​ពិភាក្សា​ជាមួយ​ដៃគូ​អភិវឌ្ឍន៍​មួយ​ដែល​កំពុង​ប្រតិបត្តិការ​នៅ​កម្ពុជា រៀបចំ​គម្រោង​ឧបត្ថម្ភ​រយៈពេល​ខ្លី ផ្តោត​សំខាន់​ទៅលើ​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​គាំទ្រ និង​ប្រព័ន្ធ​ស្រោចស្រព​ដល់​កសិករ​។ ហើយ​ស្វី​សនឹង​បន្ត​កិច្ចសហប្រតិបត្តិការ​ជាមួយ​ក្រសួងកសិកម្ម​គ្រោង​នឹង​ចុះ​កិច្ចព្រមព្រៀង​លើ​ការអនុវត្ត​គម្រោង​មួយ​ផ្សេងទៀត ដែលជា​គម្រោង​ជំរុញ​ខ្សែ​ច្រវាក់​ផលិតកម្ម​ដំណាំ​សាកវប្បកម្ម ហៅថា​គម្រោង​បន្លែ ផ្លែឈើ​កម្ពុជា CHAIN ជំហាន​ទី​៣ ចាប់ពី​ខែ មករា ឆ្នាំ​២០២១ ដល់ ខែ ធ្នូ ឆ្នាំ​២០២២៕
 

© រក្សាសិទ្ធិដោយ thmeythmey.com