ជាតិ
លោក វេង សាខុន បង្ហាញការព្រួយបារម្ភរឿងខ្វះទឹកក្នុងវិស័យកសិកម្ម ដោយការប្រែប្រួលអាកាសធាតុ លោក វេង សាខុន (ស្ដាំ) នាជំនួបពិភាក្សាការងារជាមួយលោក Markus Buerli ភ្នាក់ងាកុងស៊ុលស្វីសប្រចាំកម្ពុជា នាថ្ងៃទី ៣ កញ្ញា ២០២០
× លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានបង្ហាញពីការព្រួយបារម្ភចំពោះបញ្ហាខ្វះខាតទឹកប្រើប្រាស់ក្នុងវិស័យកសិកម្ម ដែលអាចនឹងប៉ះពាល់ទិន្នផលកសិកម្មរបស់កសិករ ព្រោះកម្ពស់ទឹកទន្លេមេគង្គឆ្នាំនេះនៅមានកម្រិតនៅឡើយ។ នេះបើតាមគណនីហ្វេសប៊ុកផ្ទាល់របស់លោក វេង សាខុន នៅថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ២០២០។
លោករដ្ឋមន្ត្រីបានបង្ហាញពីការព្រួយបារម្ភបែបនេះ នាឱកាសទទួលជួបលោក Markus Buerli នាយកការិយាល័យសហប្រតិបត្តិការស្វីស និងភ្នាក់ងារកុងស៊ុលស្វីសប្រចាំកម្ពុជា។ គោលបំណងជំនួបនេះ គឺដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យកសិកម្មនៅកម្ពុជា។ នាជំនួបខាងលើលោករដ្ឋមន្ត្រី វេង សាខុន បានលើកឡើងពីសកម្មកន្លងមករបស់ស្វីស ដែលបានចួលរួមសកម្មភាពជាមួយកម្ពុជា។ ក្នុងវិស័យកសិកម្ម ស្វីស បានអនុវត្តគម្រោងប្រើប្រាស់ប្រព័ន្ធព័ត៌មានផ្កាយរណបជាមូលដ្ឋាន និងការធានារ៉ាប់រងដំណាំស្រូវនៅកម្ពុជា RIICE តាំងពីឆ្នាំ ២០១២។
លោក វេង សាខុន នាឱកាសជួយអ្នកតំណាងក្រុមហ៊ុនស្វីស
រដ្ឋមន្ត្រីកសិកម្មបានបន្តថា សកម្មភាពខាងលើនេះហើយដែលបច្ចុប្បន្នបានឈានដល់ជំហានទី៣ ២០១៩-២០២១ ក្នុងបំណងគ្រប់គ្រងគ្រោះធម្មជាតិ ដែលប៉ះពាល់ដល់ផលិតកម្មដំណាំស្រូវ និងស្វែងយល់ព័ត៌មានទិន្នន័យមួយចំនួនដូចជា ផ្ទៃដីដាំដុះជាក់ស្តែង ពេលវេលាចាប់ផ្តើមរដូវដាំដុះ កម្រិតកំពូលនៃរដូវដាំដុះ ការព្យាករណ៍ទិន្នផលពាក់កណ្តាលរដូវ ការប៉ាន់ស្មានទិន្នផលពេលប្រមូលផល និងការវាយតម្លៃការបាត់បង់ដោយសារគ្រោះធម្មជាតិ។
លោកថាបច្ចេកវិទ្យានិងព័ត៌មានទាំងនេះមានសារៈសំខាន់ណាស់សម្រាប់មន្ត្រីជំនាញនៅកម្ពុជា។ ហើយលោកក៏បានស្នើដល់ស្វីស ជួយពង្រឹងសមត្ថភាពមន្ត្រី និងកសិករខ្មែរ ជយយកសាងហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធស្រោចស្រព ដើម្បីឆ្លើយតបទៅនឹងបញ្ហាកង្វះទឹក ដោយការប្រែប្រួលអាកាសធាតុ។
ជាការឆ្លើយតបលោក Markus Buerli បានឲ្យដឹងនាឱកាសនោះថា ភាគីស្វីសកំពុងពិភាក្សាជាមួយដៃគូអភិវឌ្ឍន៍មួយដែលកំពុងប្រតិបត្តិការនៅកម្ពុជា រៀបចំគម្រោងឧបត្ថម្ភរយៈពេលខ្លី ផ្តោតសំខាន់ទៅលើការកសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រ និងប្រព័ន្ធស្រោចស្រពដល់កសិករ។ ហើយស្វីសនឹងបន្តកិច្ចសហប្រតិបត្តិការជាមួយក្រសួងកសិកម្មគ្រោងនឹងចុះកិច្ចព្រមព្រៀងលើការអនុវត្តគម្រោងមួយផ្សេងទៀត ដែលជាគម្រោងជំរុញខ្សែច្រវាក់ផលិតកម្មដំណាំសាកវប្បកម្ម ហៅថាគម្រោងបន្លែ ផ្លែឈើកម្ពុជា CHAIN ជំហានទី៣ ចាប់ពីខែ មករា ឆ្នាំ២០២១ ដល់ ខែ ធ្នូ ឆ្នាំ២០២២៕
© រក្សាសិទ្ធិដោយ thmeythmey.com