ជាតិ
សង្គមជាតិ
អ្នកជំនាញ៖ បច្ចេកវិទ្យាដើរតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញឱ្យវិស័យកសិកម្មដើរទៅមុខ
06, Sep 2020 , 1:00 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ មជ្ឃមណ្ឌលកម្ពុជា៤.០ កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២០ បានរៀបចំកម្មវិធីស្ដីពី «បច្ចេកវិទ្យា និងការអភិវឌ្ឃកសិកម្មនៅកម្ពុជា» ក្នុងទិសដៅជំរុញការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីជួយពន្លឿនការងារកសិកម្ម។ នៅក្នុងកិច្ចពិភាក្សានេះ មានការចូលរួមពីវាគ្មិនជំនាញខាងផ្នែកកសិកម្ម និងពាណិជ្ជកម្ម ដូចជា លោកស្រីបណ្ឌិត លី សុខនី លោកបណ្ឌិត ធន វឌ្ឍនា លោកបណ្ឌិត កែ មុន្ធីវុធ លោកបណ្ឌិត អឿង ចន្ថា និងលោកជី សិលា។ កិច្ចពិភាក្សានេះ​ត្រូវបាន​សម្របសម្រួលដោយលោក អាំង សុវណ្ណរ័ត្ន ដែលជានាយកប្រតិបត្តិនៃ​មជ្ឈមណ្ឌលកម្ពុជា៤.០។ វាគ្មិនក្នុងកម្មវិធី ជំរុញឲ្យមានការផ្លាស់ប្ដូរពីកសិកម្មបុរាណ មកជាកសិកម្មទំនើបវិញ ដ្បិតថា វិស័យកសិកម្មកម្ពុជា កំពុងមានទីផ្សារ និងតម្រូវការនាំចេញទៅកាន់ទីផ្សារបរទេសកាន់តែច្រើន។



លោកស្រី ចម និម្មល សមាជិកាក្រុមប្រឹក្សាភិបាលនៃមជ្ឍមណ្ឌលកម្ពុជា៤.០ និងជាអធិបតីនៅក្នុងកម្មវិធីពិភាក្សាស្តីពីបច្ចេកវិទ្យា និងកសិកម្មកម្ពុជាបានមានប្រសាសន៍ថា បច្ចេកវិទ្យាដើរតួនាទីយ៉ាងសំខាន់ នៅក្នុងការបង្កើនល្បឿនផលិតកម្ម និងអាចកាត់បន្ថយថ្លៃដើមបានច្រើន បើប្រៀបធៀបទៅនឹងការប្រើប្រាស់កម្លាំងពលកម្មសុទ្ធ។ លើសពីនេះ អ្នកស្រីយល់ឃើញថា បច្ចេកវិទ្យាក៏នឹងអាចជួយបង្កើនភាពប្រកួតប្រជែងជាមួយប្រទេសជិតខាង លើការនាំចេញផលិតផលកសិកម្មទៅកាន់ទីផ្សារអន្តរជាតិ។



ថ្លែងនៅក្នុងពិធីបើកកិច្ចពិភាក្សា លោកស្រី ចម និម្មល បានបញ្ជាក់យ៉ាងដូច្នេះ៖«នៅក្នុងបរិបទសកលភាវូបនីយកម្ម កម្ពុជាចាំបាច់ត្រួវធ្វើទំនើបកម្មទៅលើវិស័យកសិកម្មរបស់ខ្លួន ដើម្បីធ្វើយ៉ាងណា ធានាឱ្យបាននូវការផ្គត់ផ្គង់តម្រូវការក្នុងស្រុក និងការនាំចេញ»។

ទន្ទឹមនឹងនេះ លោក ធុន វឌ្ឍនា នាយកវិទ្យាស្ថានជាតិកសិកម្ម ព្រែកលៀប ក៏បានបង្ហាញការយល់ឃើញស្រដៀងគ្នាដែរថា កម្ពុជាមិនអាចបន្តធ្វើកសិកម្មតាមបែបប្រពៃណីបានទៀតឡើយ នៅក្នុងស្ថានភាពដែលមានការប្រកួតប្រជែងខ្លាំងបែបនេះ។ លោកនាយកបន្ថែមថា ទាំងវិស័យរដ្ឋ និងឯកជន ត្រូវងាកមកប្រើប្រាស់ឧបករណ៍ ឬគ្រឿងយន្តកសិកម្មទំនើបវិញ ទើបអាចឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់ ដែលកំពុងតែមានការកើនឡើងដូចសព្វថ្ងៃ។



ជាមួយគ្នានេះ លោក ជី សិលា សហស្ថាបនិកក្រុមហ៊ុន Khmer Fresh Milk វិញ បានបញ្ជាក់ថា៖«ក្រុមហ៊ុនអាចកាត់បន្ថយការចំណាយទៅលើតម្លៃពលកម្មបានច្រើន តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាទំនើប។ នៅក្នុងកសិដ្ឋានចិញ្ចឹមគោ និងរោងចក្រទាំងមូល បំពាក់ទៅដោយឧបករណ៍ទំនើបស្វ័យប្រវត្តិ ដែលអាចជួយចង្វាក់ផលិតកម្មទាំងមូលដំណើរការទៅបានលឿន និងសន្សំសំចៃពេលវេលាបានច្រើន»។ លោកបញ្ជាក់ថា នៅក្នុងមួយថ្ងៃក្រុមហ៊ុនអាចផលិតទឹកដោះគោឆៅបានរហូតទៅដល់១ម៉ឺនលីត្រសម្រាប់ផ្គត់ផ្គង់នៅលើទីផ្សារ។

យ៉ាងណាមិញ បើតាមលោក ធុន វឌ្ឍនា ការប្រើប្រាស់បច្ចេកនៅក្នុងវិស័យកសិកម្មនៅមិនទាន់មានភាពទូលាយនៅឡើយ ដោយសារតែខ្វះខាតអ្នកជំនាញ និងតម្លៃថ្លៃខ្លាំងនៃឧបករណ៍ទាំងនោះ ទើបប្រជាកសិករខ្លះបង្ខំចិត្ត បន្តធ្វើកសិកម្មតាមបែបប្រពៃណីដដែល៕

Tag:
 កសិកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com