កីឡាជាតិ
ជាតិ
វិសាខា ប៉ះ បឹងកេត ស្វាយរៀង​ជួប​ភ្នំពេញ​ក្រោ​ន ក្រោយ​អគ្គិសនី​កម្ពុជា​ទទួល​សូល​ទី​ឡូ​អង្គរ​
06, Sep 2020 , 2:03 pm        
រូបភាព
កីឡាករ ម៉ាត់ នូរុណ (អាវស)ខ្សែប្រយុទ្ធក្លិបបឹងកេត និងកីឡាករ កែវ សុខផេង ខ្សែប្រយុទ្ធវិសាខា
កីឡាករ ម៉ាត់ នូរុណ (អាវស)ខ្សែប្រយុទ្ធក្លិបបឹងកេត និងកីឡាករ កែវ សុខផេង ខ្សែប្រយុទ្ធវិសាខា
ដោយ:
​ការប្រកួត​បាល់ទាត់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ​នៅ​ថ្ងៃអាទិត្យ​នេះ នឹង​ក្លាយជា​ការប្រកួត​ដ៏​ទាក់ទាញ​និង​មាន​ភាព​តានតឹង​បំផុត ដ្បិត​ក្រុម​ខ្លាំង​ចំនួន​៤​ត្រូវ​ប៉ះគ្នា ក្នុងនោះ​វិសាខា​ត្រូវ​តទល់​ជាមួយ​បឹងកេត ខណៈ​ព្រះខ័ន​រាជ​ស្វាយរៀង​ប៉ះ​ភ្នំពេញ​ក្រោ​ន​។ ក្រៅពី​ការប្រកួត​ដ៏​ជក់ចិត្ត​ទាំងពីរ ក៏មាន​ការប្រកួត​១​គូ​ទៀត​ផងដែរ ដោយ​អគ្គិសនី​កម្ពុជា​ទទួល​ស្វាគមន៍​សូល​ទី​ឡូ​អង្គរ​។

 
​វិសាខា​ត្រូវការ​ឈ្នះ​បឹងកេត​ជា​ចាំបាច់​នៅ​ល្ងាច​នេះ ដើម្បី​បន្ត​ឱកាស​ក្នុងការ​ប្រជែង​ដណ្តើម​ជើងឯក​ពានរង្វាន់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ​។ តែ​យ៉ាងណា វា​មិន​ងាយស្រួល​យកឈ្នះ​សម្រាប់​វិសាខា​នោះទេ ព្រោះ​បឹងកេត​ជា​ក្រុម​សម្បូរ​ដោយ​ធនធាន​កីឡាករ​មាន​សមត្ថភាព ហើយ​កាលពីពេល​ថ្មីៗ​ក្រុម​នេះ ទើប​នាំចូល​ខ្សែប្រយុទ្ធ Dzarma Bata ក្រោម​លក្ខខណ្ឌ​ខ្ចី​ជើង​ពី​អង្គ​រថា​យ​ហ្គឺ​រ​។   
 
​ប្រសិនបើ​វិសាខា​ចាញ់ ឬ​ស្មើ​បឹងកេត នោះ​ពួកគេ​អាច​នឹង​អស់​ឱកាស​ប្រជែង​ដណ្តើម​ជើងឯក​នៅ​ឆ្នាំនេះ​។ បច្ចុប្បន្ន​វិសាខា​ស្ថិតនៅ​លេខ​រៀង​ទី​៣​មាន​២៣​ពិន្ទុ រីឯ​ក្រុម​កំពូល​តារាង​បឹងកេត​មាន​៣២​ពិន្ទុ ខណៈ​ការប្រកួត​នៅសល់តែ​៤​ប្រកួត​ទៀត​ប៉ុណ្ណោះ​។ ការប្រកួត​ដែល​រៀបចំ​នៅ​កីឡដ្ឋាន​ព្រី​នស៍ នា​វេលា​ម៉ោង​៦​ល្ងាច​ថ្ងៃទី​៦ ខែកញ្ញា ឆ្នាំ​២០២០ នឹង​ក្លាយជា​ការប្រកួត​ដ៏​តានតឹង និង​ទាក់ទាញ​បំផុត​សម្រាប់​ទស្សនិកជន ដ្បិត​បឹងកេត ត្រូវការ​ជ័យជម្នះ​ដើម្បី​បន្ត​គ្រង​កំពូល​តារាង​។ 
 
​កាល​ជួបគ្នា​ជើង​ទី​១​នៅ​កីឡដ្ឋាន​ខេ​ម​បូ​ឌា​អ៊ែរ​វ៉េ​បឹងកេត​បាន​យកឈ្នះ​វិសាខា​ក្នុង​លទ្ធផល ១-០​។ បឹងកេត​ពុំទាន់​ស្គាល់​បរាជ័យ​នោះទេ​សម្រាប់​១២​ប្រកួត​កន្លង​នេះ ហើយ​ក្រោម​ការដឹកនាំ​របស់លោក គឺ​ម ភក្តី ក្រុម​មាន​មូលដ្ឋាន​នៅ​រាជធានី​ភ្នំពេញ​មួយ​នេះ ទទួលបាន​ជ័យជម្នះ​៨​លើក​ជាប់​គ្នា​។ លទ្ធផល​នេះ​ជួយ​ឲ្យ​លោក គឺ​ម ភក្តី ដែល​ចូល​ដឹកនាំ​ជំនួស​លោក Apisit Im Amphai ទទួលពាន​គ្រូបង្វឹក​ល្អ​ជាងគេ​ប្រចាំ​ខែកក្កដា​។ 
 
​នៅ​ថ្ងៃអាទិត្យ​ម៉ោង​៦​ល្ងាច​នេះដែរ ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង​ត្រូវ​បើកទ្វារ​កីឡដ្ឋាន​ខេត្ត​ស្វាយ​រៀ​ត​ទទួល​ស្វាគមន៍​ភ្នំពេញ​ក្រោ​ន​។ នេះ ក៏​ជាការ​ប្រកួត​ដ៏​តាន​តាង និង​ជក់ចិត្ត​ផងដែរ ព្រោះ​ក្រុម​ទាំងពីរ​សុទ្ធសឹង​មាន​សមត្ថ​ភាពខ្លាំង និង​សម្បូរ​ដោយ​កីឡាករ​មាន​ទេពកោសល្យ​ដូចគ្នា​។ កាល​ជំនួប​ជើង​ទី​១ នៅ​កីឡដ្ឋាន​ស្មា​ត អ អេស អិន ក្រុម​ទាំងពីរ​បានបញ្ចប់​ដោយ​លទ្ធផល​គ្មាន​ការ​ស៊ុត​បញ្ចូល​ទី​គ្នា​។ 
 

កីឡាករ ប្រាក់ មុន្នីឧត្តម ខ្សែបម្រើរបស់ព្រះខ័នរាជស្វាយរៀង

​ទាំង​ព្រះខ័ន​រាជ​ស្វាយរៀង និង​ភ្នំពេញ​ក្រោ​ន​សុទ្ធតែ​ត្រូវការ​ជ័យជម្នះ​ជា​ចាំបាច់​ដូចគ្នា​។ ក្នុងនោះ ស្វាយរៀង ត្រូវការ​ឈ្នះ​ដើម្បី​រក្សា​គម្លាត​ក្នុងការ​ប្រជែង​ដណ្តើម​ជើងឯក ខណៈ​ភ្នំពេញ​ក្រោ​ន ដើម្បី​បន្ត​ឱកាស​ក្នុង​ការប្រកួត​ដណ្តើម​ជើងឯក​។ ប្រសិនបើ​ការប្រកួត​បញ្ចប់​ក្នុង​លទ្ធផល​ស្មើ ឬ​ចាញ់ នោះ​ភ្នំពេញ​ក្រោ​ន​នឹង​អស់​ឱកាស​ក្នុងការ​ប្រជែង​ដណ្តើម​ជើងឯក ក្នុងករណី​បឹងកេត​យកឈ្នះ​វិសាខា​។  
 
​បច្ចុប្បន្ន​ក្រុម​ការពារ​តំណែង​ជើងឯក​ព្រះខ័ន​រាជ​ស្វាយរៀង​ស្ថិតនៅ​លេខ​រៀង​ទី​២​មាន​៣១​ពិន្ទុ រីឯ​ភ្នំពេញ​ក្រោ​ន​ឈរ​លេខ​រៀង​ទី​៥​មាន​២២​ពិន្ទុ​។​
 
​ក្រៅពី​ជំនួប​ដ៏​ជក់ចិត្ត​ទាំងពីរ​នេះ ក៏មាន​ការប្រកួត​១​គូ​ទៀត​ផងដែរ រវាង​ក្រុម​អគ្គិសនី​កម្ពុជា​ជាមួយ​សូល​ទី​ឡូ​អង្គរ ដែល​ធ្វើឡើង​នៅ​កីឡដ្ឋាន​អគ្គិសនី​កម្ពុជា​វេលា​ម៉ោង​៣:៣០​នាទី​រសៀល​។ កាល​ជើង​ទី​១ ក្រុម​ឈរ​លេខ​ទី​១០​មាន​៩​ពិន្ទុ​អគ្គិសនី​កម្ពុជា បាន​យកឈ្នះ​ក្រុម​ឈរ​លេខ​រៀង​ទី​១២​មាន​៧​ពិន្ទុ​សូល​ទី​ឡូ​អង្គរ ក្នុង​លទ្ធផល ៣-២​។ 
 
​សម្រាប់​ការប្រកួត​កាលពី​ថ្ងៃ​សៅរ៍ ទី​៥ ខែកញ្ញា ឆ្នាំ​២០២០ ក្រុម​ណាហ្គា​វើ​ល​បានបញ្ចប់​ដោយ​លទ្ធផល​ស្មើ ១-១ ជាមួយ​កងយោធពល​ខេមរភូមិន្ទ រីឯ​អង្គ​រថា​យ​ហ្គឺ​រ​យកឈ្នះ​នគរបាលជាតិ ១-០ ខណៈ​គីរីវង់​សុខ​សែន​ជ័យ​ស៊ី​យុវជន​បាទី ២-១៕ 

Tag:
 បាល់ទាត់​
  Cambodian League 2020
© រក្សាសិទ្ធិដោយ thmeythmey.com