ជាតិ
គម្រោង «​ស្រែ​សង្គម​» លើ​ផ្ទៃដី​៤០​ហិកតា​នៅ​ឃុំ​ព្រះ​ដាក់ អាច​ផ្ដល់​ផល​ស្រូវ​ជាង ១០០​តោន​
07, Sep 2020 , 7:59 am        
រូបភាព
ដោយ:
​រដ្ឋបាល​ស្រុក​បន្ទាយស្រី បានចាប់ផ្ដើម​ប្រមូល​ផល​ស្រូវ​របស់​គម្រោង «​ស្រែ​សង្គម​» ក្នុង​ឃុំ​ព្រះ​ដាក់​ហើយ ក្រោយ​ដាំ​ដុះ​អស់​រយៈពេល​៤​ខែ​កន្លងមក​។ លោក ឃឹម ហ្វី​ណង់ បញ្ជាក់ថា តាម​ការប៉ាន់ស្មាន គម្រោង​លើកទីមួយ ដែល​បាន​អនុវត្ត​នៅលើ​ផ្ទៃដី​៤០​ហិកតា​នេះ អាច​ផ្ដល់​ផល​ស្រូវ​ជាង ១០០​តោន​។



​អភិបាលស្រុក​បន្ទាយស្រី លោក ឃឹម ហ្វី​ណង់ បាន​ប្រាប់​ឱ្យដឹងថា ការបង្កើត​គម្រោង​«​ស្រែ​សង្គម​»​នេះ​ឡើង គឺ​ដើម្បី​យក​ផល​ស្រូវ​ដែល​ផលិត​បាន ទៅ​ឧបត្ថម្ភ​ដល់​ប្រជាពលរដ្ឋ​ទីទ័លក្រ​នៅក្នុង​ស្រុក​បន្ទាយស្រី ជាពិសេស​អ្នក​ដែល​ទទួលរង​ផលប៉ះពាល់​ខាង​ផ្នែក​សេដ្ឋកិច្ច​និង​ជីវភាព​ពី​ជំងឺ​កូ​វីដ​-១៩​។​
 
​លោក ហ្វី​ណង់ បញ្ជាក់ទៀតថា គម្រោង​នេះ​ទទួលបាន​ការគាំទ្រ​ពី​សប្បុរសជន​ទូទៅ ដោយ​ពួកគាត់​បាន​ជួយ​ជា​ពូជស្រូវ ម៉ាស៊ីន​គ្រឿងចក្រ​សម្រាប់​បម្រើឱ្យ​ការ​ភ្ជួរ​រាស់​និង​ដឹកជញ្ជូន ព្រមទាំង​ការគាំទ្រ​ផ្នែក​បច្ចេកទេស ជាពិសេស​ជួយ​រ៉ាប់​រយ​រាល់​ការចំណាយ​ទាំងអស់​នៅក្នុង​គម្រោង​ជុំទីមួយ​នេះ​។ លោក​អភិបាលស្រុក​រូបនេះ បន្តថា ក្រុមការងារ​នឹង​រៀបចំ​ប្រមូល​ផល​ជា​ដំណាក់កាលៗ ដោយហេតុតែ​ការចាប់ផ្តើម​គម្រោង​មិនបាន​ដំណាលគ្នា​កាលពី​ដំបូង តែ​នឹង​បញ្ចប់​ការប្រមូល​ផល​ទាំងស្រុង​យ៉ាងយូរ​ត្រឹម​ពីរ​សប្តាហ៍​ទៀត​ប៉ុណ្ណោះ​។ 


 
​បើតាម​លោក ឃឹម ហ្វី​ណង់ ក្នុង​ផ្ទៃដី​មួយ​ហិកតា អាច​នឹង​ផ្ដល់​ផល​បាន​ចន្លោះ​ពី ៣​ទៅ​៣,៥​តោន​។ រដ្ឋបាល​ស្រុក​បន្ទាយស្រី នៅតែ​បន្ត​អនុវត្ត​គម្រោង​នេះ​ជា​បន្តទៀត ប្រសិនបើ​នៅតែមាន​ការគាំទ្រ​ពី​សំណាក់​ប្រជាពលរដ្ឋ​។ 
 
​តាម​ផែន​ការដែល​បានរៀបចំ​ទុក ដំណាក់កាល​ទី​២​នេះ នៅតែ​បន្តធ្វើ​លើ​ទំហំ​ផ្ទៃដី​ដដែល ព្រោះថា កាលពី​ជុំទីមួយ​កន្លងទៅ គម្រោង​បាន​ជួបប្រទះ​បញ្ហា​មួយចំនួន ក្នុងនោះ​បញ្ហា​ហិរញ្ញវត្ថុ​គឺជា​រឿង​ប្រឈម​មួយ​។ នេះ​បើតាម​លោក ឃឹម ហ្វី​ណង់ អភិបាលស្រុក​បន្ទាយស្រី​៕







រូបភាពពី​ហ្វេសប៊ុក​លោក ឃឹម ហ្វីណង់

លោក ឃឹម ហ្វីណង់ អភិបាល​ស្រុក​បន្ទាយស្រី


Tag:
 បន្ទាយស្រី​
  ព្រះ​ដាក់
© រក្សាសិទ្ធិដោយ thmeythmey.com