COVID-19
អន្តរជាតិ
ក្រុមហ៊ុន​ចិន រក​ប្រទេស​បាន​៤​ទៀត​ដើម្បី​ធ្វើតេស្ត​វ៉ាក់សាំង COVID-19 ដំណាក់កាល​ទី​បី​
06, Sep 2020 , 2:33 pm        
រូបភាព
វ៉ាក់សាំងប្រឆាំង COVID-19 របស់ក្រុមហ៊ុន Sinovac និង CNBG ។
វ៉ាក់សាំងប្រឆាំង COVID-19 របស់ក្រុមហ៊ុន Sinovac និង CNBG ។
ក្រុមហ៊ុន​ឱសថ​ដ៏​ធំ​របស់​ចិន​ចំនួន​ពីរ គឺ China National Biotec Group (CNBG) and Sinovac Biotech Ltd បានប្រកាស​នៅ​ថ្ងៃទី​៥ ខែកញ្ញា​ថា នឹងធ្វើ​តេស្ត​ទ្រង់ទ្រាយ​ធំ​វ៉ាក់សាំង​ប្រឆាំង​ជំងឺ COVID-19 នៅ​ប្រទេស​ចំនួន​បួន​ទៀត​នៅ​ប្រទេស​ប៉ែក​អឺរ៉ុប និង​អាស៊ី​។ ការធ្វើ​តេស្ត​ដំណាក់កាល​ទី​បី​នេះ ត្រូវ​រំពឹងថា នឹង​ផ្ដល់​ទិន្នន័យ​កាន់តែ​ទុកចិត្តបាន​ដើម្បី​ឈានទៅដល់​ការផលិត​វ៉ាក់សាំង​ការពារ​ជំងឺ COVID-19 ។​

 
​ក្រុមហ៊ុន​ផលិត​ឱសថ CNBG នឹង​សាកល្បង​វ៉ាក់សាំង​ប្រឆាំង​ជំងឺ COVID-19 របស់ខ្លួន​នៅ​ស៊ែ​ប៊ី និង​ប៉ា​គី​ស្ថាន ក្រោយ​ប្រទេស​ទាំងពីរ​នេះ យល់ព្រម​ចូលរួម​ក្នុងការ​ធ្វើតេស្ត​វ៉ាក់សាំង​ដំណាក់កាល​ទី​បី​។ ចំណែក Sinovac នឹង​យក​វ៉ាក់សាំង​របស់ខ្លួន​ទៅ​សាកល្បង​នៅ​តួ​ក​គី និង​បង់​ក្លា​ដែ​ស​។ ក្រុមហ៊ុន​ចិន​ទាំងពីរ​នេះ កំពុង​ព្យាយាម​ប្រមូល​ទិន្នន័យ​ឲ្យ​បាន​ច្រើន និង​ចម្រុះ​គ្នា​ដើម្បី​ពិសោធ​ប្រសិទ្ធភាព​វ៉ាក់សាំង​របស់ខ្លួន​។​
 
​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters នៅ​ស៊ែ​ប៊ី CNBG នឹង​សាកល្បង​វ៉ាក់សាំង​ដែល​អភិវឌ្ឍ​ដោយ​មន្ទីរពិសោធន៍​វូ​ហាន និង​ប៉េកាំង ចំណែក​នៅ​ប៉ា​គី​ស្ថាន ត្រូវ​ប្រើប្រាស់​វ៉ាក់សាំង​របស់​អង្គភាព​ក្រុមហ៊ុន​នេះ​ប្រចាំ​ប៉េកាំង​។ អនុប្រធាន​ក្រុមហ៊ុន​នេះ លោក Zhang Yuntao បញ្ជាក់ថា សម្រាប់​ការធ្វើ​តេស្ត​ដំណាក់កាល​ទី​បី ក្រុមហ៊ុន​រំពឹង​មាន​អ្នកចូលរួម​៥​ពាន់​នាក់​មកពី​ប្រទេស​ចំនួន​១០ ។ សព្វថ្ងៃ​ការសាកល្បង ត្រូវបានធ្វើ​នៅ​អេ​មី​រ៉ាត់​អារ៉ាប់​រួម ហ្ស៊​កដា​នី បា​រ៉ែ​ន ប៉េ​រូ ម៉ា​រ៉ុ​ក និង​អា​ហ្ស​ង់​ទីន​។​
 
​អនុប្រធាន​ក្រុមហ៊ុន​ខាងលើ​អះអាង ប្រទេស​ជាច្រើន​បានបង្ហាញ​ចំណាប់អារម្មណ៍​ទិញ​វ៉ាក់សាំង​ពី​ក្រុមហ៊ុន​លោក​ប្រមាណ​៥០០​លាន​ដូ​ស​ហើយ​។ លើសពីនេះ វ៉ាក់សាំង​របស់ CNBG នឹងត្រូវ​ចែក​ឲ្យ​បុគ្គលិក​ចិន​នៅ​ស្ថានទូត​ចិន​នៅ​បរទេស​នៅពេល​ឆាប់ៗ​ផងដែរ​។​
 
​ចំណែក​វ៉ាក់សាំង​របស់ Sinovac ដែលមាន​ឈ្មោះថា CoroVac វិញ ក៏ត្រូវ​បានអនុញ្ញាត​ឲ្យ​ធ្វើតេស្ត​នៅ​តួ​ក​គី និង​បង់​ក្លា​ដែ​ស​សម្រាប់​ដំណាក់កាល​ទី​បី​ដែរ​។ នេះ​បើតាម​ការបញ្ជាក់​របស់​នាយក​ប្រតិបត្តិ Sinovac លោក Yin Weidong នៅ​ថ្ងៃទី​៦ ខែ​ក​ញ្ញ​។  វ៉ាក់សាំង​នេះ កំពុង​ត្រូវបាន​សាកល្បង​នៅ​ប្រេ​ស៊ី​ល និង​ឥណ្ឌូណេស៊ី ដែល​សុទ្ធសឹង​ជា​ប្រទេស​មាន​ករណី​ឆ្លង​ច្រើន​៕
 
 

Tag:
 ចិន​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com