ជាតិ
​អ្នកស្រី លិញ សួ បារម្ភ​ពី​ការថយចុះ​ការធ្វើ​នំ​បញ្ចុក ខណៈ​កូនចៅ​មិន​ចាប់អារម្មណ៍​របរ​ប្រពៃណី​នេះ​
06, Sep 2020 , 7:29 pm        
រូបភាព
​សៀមរាប​៖ ភូមិ​ព្រះ​ដាក់ ត្រូវបាន​គេ​ស្គាល់​ថា ជា​ភូមិ​នំ​បញ្ចុក ព្រោះថា​ក្រៅពី​របរ​ធ្វើស្រែ​ចម្ការ ក្នុងនោះ​អ្នកភូមិ​នេះ​ក៏មាន​របរ​ធ្វើ​នំ​បញ្ចុក​ដែរ​។ អ្នកភូមិ​ទាំងនោះ ច្រើន​ជា​ស្ដ្រី​ដែល​ចាប់យក​របរ​នេះ​ត​ពី​គ្រួសារ​។ អ្នកស្រី លិញ សួ ក៏​កំពុង​ចាប់​អាជីព​ជា​អ្នក​ផលិត​នំ​បញ្ចុក សម្រាប់​បោះ​ទៅ​អតិថិជន​ដែល​ក​ម្ម៉​ង់​ទិញ​យកទៅលក់​បន្ត​។ របរ​មួយ​នេះ បាន​ជួយ​ឱ្យ​អ្នកស្រី​មាន​ចំណូល​សមរម្យ​សម្រាប់​ចិញ្ចឹម​គ្រួសារ​នា​រយៈពេល​៣០​ឆ្នាំ​មកនេះ​។ យ៉ាងណា អ្នកភូមិ​រូបនេះ​បារម្ភ​ពី​ការបាត់បង់​មុខរបរ​ប្រពៃណី​មួយ​នេះ  ខណៈដែល​កូនៗ​មិន​ចាប់អារម្មណ៍ និង​ងាក​ទៅធ្វើ​ការ​ផ្សេង ដ្បិត​របរ​នេះ​មាន​ភាព​នឿយហត់​ខ្លាំង​។​

 
 
​អ្នកស្រី លិញ សួ កំពុង​រោយនំបញ្ចុក​ទៅក្នុង​ឆ្នាំង​ដ៏​ធំ​មួយ ដែល​ដាំ​ពុះ​ក្ដៅ ដើម្បី​ចម្អិន​ម្សៅ​ឱ្យ​សព្វ​ល្អ មុននឹង​ស្រង់​យកមក​លាង​ទឹក​ឱ្យ​ត្រជាក់ ចាប់​ជា​ចង្វាយ​ដាក់​ជាល​។ អ្នកស្រី​បង្ហើយ​ការធ្វើ​នំ នៅ​ម៉ោង​ប្រមាណ​ជិត​៨​ព្រឹក បន្ទាប់ពី​ចាប់​ផ្តើមធ្វើ​តាំងពី​ម៉ោង​៤​ភ្លឺ​មក​។ ក្នុង​សំលៀកបំពាក់​អាវ​ធ្វើការ​ដៃ​វែង ស្លៀក​សា​រ៉ុង និង​ពាក់​ស្បែកជើង​កវែង ការពារ​ទឹក​ស៊ីជើង អ្នកស្រី លិញ សួ ប្រាប់ថា បាន​ចាប់​របរ​នេះ​៣០​ឆ្នាំ​មកហើយ គឺ​ត​ពី​ម្ដាយ​ដែល​ចាស់​គ្មាន​កម្លាំង​ធ្វើ​តទៅទៀត​។ ក្នុង​មួយថ្ងៃ គ្រួសារ​មួយ​នេះ​អាចធ្វើ​នំ​បញ្ចុក​ចន្លោះ​ពី​៤០​គីឡូក្រាម ទៅ​២០០​គីឡូក្រាម តាម​ការបញ្ជាទិញ​ពី​អតិថិជន ដែល​ក្នុង​មួយ​គីឡូក្រាម​លក់បាន​តម្លៃ​២​ពាន់​រៀល​។​
 
​និយាយ​សំឡេង​បែប​អ្នក​ខេត្តសៀមរាប ស្ដ្រី​វ័យ​៥៣​ឆ្នាំ​រូបនេះ ពន្យល់ថា របរ​នេះ​មាន​ភាព​ហត់នឿយ ត្រូវការ​កម្លាំង​ច្រើន​នាក់ និង​ត្រូវ​ក្រោក​ពី​យប់​ដើម្បី​ធ្វើ​នំ​បញ្ចុក​ថ្មីៗ បោះ​ឱ្យ​អតិថិជន​យកទៅលក់​នៅតាម​ផ្សារ ឬ​ផ្ទះ​ក្នុងភូមិ​។ ស្ថិតក្រោម​រោង​ជាប់​ផ្ទះ ដែល​បង្ហុយ​ដោយ​ផ្សែង​តិចៗ​ពី​ចង្ក្រាន​រោយនំបញ្ចុក អ្នកស្រី លិញ សួ រៀបរាប់ថា បច្ចុប្បន្ន​នំ​បញ្ចុក​ព្រះ​ដាក់​មានឈ្មោះ​បោះ​សំឡេង​ខ្លាំង​ដោយសារ​រសជាតិ  អនាម័យ និង​ការផ្សព្វផ្សាយ​ទូលំទូលាយ​ពី​ថ្នាក់ដឹកនាំ​។ ក្នុងនាម​ជា​អ្នកធ្វើ​មួយរូប អ្នកស្រី លិញ សួ សប្បាយចិត្ត​ជាខ្លាំង និង​បេ្ដ​ជ្ញា​ចូលរួម​ធ្វើឱ្យ​កេរ្ដិ៍ឈ្មោះ​នំ​បញ្ចុក​ព្រះ​ដាក់ បន្ត​មានកេរ្ដិ៍ឈ្មោះ​ត​ទៅមុខទៀត​។​
 
​ដ្បិតថា របរ​នេះ​ធ្វើឱ្យ​គ្រួសារ​អ្នកស្រី លិញ សួ មិន​ខ្វះមុខខ្វះក្រោយ​ក៏ពិតមែន តែ​កូនៗ​ទាំង​៤​នាក់​របស់​អ្នកស្រី ប្រាប់​ម្ដាយ​ថា មិន​ចង់​ធ្វើ​បន្តទៀត​ទេ ក្រោយ​អត់​ពី​ម្ដាយ​ទៅ​។ អ្នកស្រី លិញ សួ ប្រាប់ថា មិន​បង្ខំ​កូន​ទេ តែ​ស្ដាយ​របរ​ដែល​ប្រឹង​សាង​ស្នាដៃ​រយៈពេល​៣០​ឆ្នាំ​មកនេះ មិន​ចង់ឱ្យ​របរ​ប្រពៃណី​មួយ​នេះ​បាត់បង់​ឡើយ​៕












 
 

Tag:
 នំ​បញ្ចុក​ព្រះ​ដាក់​
  បន្ទាយស្រី​
© រក្សាសិទ្ធិដោយ thmeythmey.com