អន្តរជាតិ
លោក រូ​ហា​នី អន់ចិត្ត ព្រោះ​គ្មាន​ប្រទេស​ណា​ហ៊ាន​ទម្លុះ​រនាំង​ទណ្ឌកម្ម​អាមេរិក​ដើម្បី​រកស៊ី​ជាមួយ​អ៊ីរ៉ង់​
06, Sep 2020 , 9:39 pm        
រូបភាព
ប្រធានាធិបតីអ៊ីរ៉ង់ ហាសាន់ រូហានី ។ រូបភាព AFP
ប្រធានាធិបតីអ៊ីរ៉ង់ ហាសាន់ រូហានី ។ រូបភាព AFP
​ប្រធានាធិបតី​អ៊ីរ៉ង់ ហាសាន់ រូ​ហា​នី នៅ​ថ្ងៃទី​៥ ខែកញ្ញា បានបង្ហាញ​ការ​អន់​ចិត្តនឹង​ប្រទេស​ជា​មិត្ត​របស់​អ៊ីរ៉ង់​ដែល​មិន​ព្រម​ងើបឡើង​ប្រឆាំង​អាមេរិក និង​បន្ត​ការរកស៊ី​ជាមួយ​អ៊ីរ៉ង់​អំឡុងពេល​វិបត្តិ COVID-19 ។ មេដឹកនាំ​អ៊ីរ៉ង់ ថែមទាំង​និយាយ​វាយប្រហារ​អាមេរិក​ដោយ​ប្រើពាក្យ​សម្ដី​ខ្លាំងៗ ព្រោះ​មិន​ព្រម​ដក​ទណ្ឌកម្ម​លើ​អ៊ីរ៉ង់​សិន​ក្នុងពេល​មាន​វិបត្តិ​សុខាភិបាល​ធ្ងន់ធ្ងរ​បែបនេះ​។​

 
 អ៊ីរ៉ង់ ជា​ប្រទេស​រងគ្រោះ​ខ្លាំងជាងគេ និង​មុនគេ​ដោយសារ​ជំងឺ COVID-19 នៅ​មជ្ឈិមបូព៌ា​។ តួលេខ​អ្នក​ឆ្លង​សរុប​នៅ​ប្រទេស​មាន​ច្រើនជាង​៣៨​ម៉ឺន​នាក់ ហើយ​ច្រើន​ជាន់​២២​ពាន់​នាក់​ទៀត បាន​បាត់​បង់ជីវិត​។ ខណៈពេល​ជួប​បញ្ហា​វិបត្តិ​ធ្ងន់ធ្ងរ​បែបនេះ អ៊ីរ៉ង់ ពិតជា​ពិបាក​ដកដង្ហើម ព្រោះ​ត្រូវ​អាមេរិក​ដាក់ទណ្ឌកម្ម​។ 
 
​ក្នុង​សុន្ទរកថា​តាម​កញ្ចក់​ទូរទស្សន៍​រដ្ឋ​នៅ​ថ្ងៃទី​៥ ខែកញ្ញា ប្រធានាធិបតី​អ៊ីរ៉ង់ ហាសាន់ រូ​ហា​នី បាន​បញ្ចេញ​អារម្មណ៍​ខក​ចិត្តនឹង​អាមេរិក និង​ប្រទេស​ជា​មិត្ត​របស់​អ៊ីរ៉ង់​ផង​។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters លោក រូ​ហា​នី និយាយថា ប៉ុន្មាន​ខែក្រោយ COVID-19 ទៅដល់​អ៊ីរ៉ង់ គ្មាន​នរណា​ជួយ​ប្រ​ទេ​លោក​ឡើយ ចំណែក​អាមេរិក​វិញ ក៏​គ្មាន​បេះដូង ខួរក្បាល ឬ​មនុស្សធម៌​អ្វី​ទៅទៀត ព្រោះ​បើ​មាន អាមេរិក​ដក​ទណ្ឌកម្ម​មួយឆ្នាំ​សិន​បាត់ទៅហើយ​។​
 
​បើតាម​លោក រូ​ហា​នី អាមេរិក​បែរជា​ដាក់ទណ្ឌកម្ម និង​សម្ពាធ​ថ្មីៗ​លើ​អ៊ីរ៉ង់​ក្នុងពេល​៧​ខែ​មកនេះ​។ នៅពេល​អាមេរិក​ធ្វើ​សកម្មភាព​បែបនេះ ប្រធានាធិបតី​អ៊ីរ៉ង់​រូបនេះ ក៏​និយាយ​ដល់​ប្រទេស​ជា​មិត្ត​របស់​អ៊ីរ៉ង់ ដែល​មិន​តតាំង​នឹង​អាមេរិក​។​
 
«​មិនមាន​ប្រទេស​មិត្តភក្តិ​ណា​ប្រាប់​យើង​ថា នៅពេល​លំបាក​បែបនេះ និង​ដើម្បី​មនុស្សធម៌​ផង យើង​នឹង​ងើបឡើង​ប្រឆាំង​អាមេរិក ហើយ​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​អ៊ីរ៉ង់ ទោះ​អាមេរិក​ដាក់ទណ្ឌកម្ម​ក្ដី​។​» នេះ​ជាការ​លើកឡើង​របស់លោក រូ​ហា​នី ។ 
 
​តាមពិតទៅ ប្រទេស​ជាច្រើន ក៏​មិនអាច​រកស៊ី​ជាមួយ​អ៊ីរ៉ង់​ទៅទៀត ព្រោះ​អាមេរិក មិន​ត្រឹម​ដាក់ទណ្ឌកម្ម​លើ​ប្រទេស​មជ្ឈិមបូព៌ា​នេះឡើយ ហើយ​ថែម​បាន​គំរាម​ដាក់ទណ្ឌកម្ម​លើ​ប្រទេស​ណា​ដែលមាន​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​នេះ​ទៀតផង​។ ខ្លាចរអា​នឹង​ការ​គំរាម​របស់​អាមេរិក​ដែលជា​មហាអំណាច ប្រទេស​ជាច្រើន​នាំគ្នា​ផ្អាក​រកស៊ី​ជាមួយ​អ៊ីរ៉ង់ ដោយ​នៅសល់តែ​ប្រទេស​ខ្លះ​ដូចជា​រុស្ស៊ី​ប៉ុណ្ណោះ​៕ 

Tag:
 អាមេរិក​
  អ៊ីរ៉ង់​
  ហាសាន់ រូ​ហា​នី
© រក្សាសិទ្ធិដោយ thmeythmey.com