សត្វត្មាត ក៏បានដើរតួនាទីក្នុងការថែរក្សាបរិស្ថានដែរ ព្រោះសត្វប្រភេទនេះ ស៊ីសាកសពសត្វ ដោយជួយកាត់បន្ថយការរីករាលដាលនៃជំងឺឆ្លងពីសត្វងាប់។ សេចក្តីប្រកាសព័ត៌មានរួម របស់អង្គការនិងស្ថាប័ន៨ ជាក្រុមអភិរក្សសត្វត្មាតកម្ពុជានេះ ដូចជា មជ្ឈមណ្ឌលអង្គរសម្រាប់អភិរក្សជីវៈចម្រុះ (ACCB) អង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជា (WCS) អង្គការមូលនិធិសកលសម្រាប់អភិរក្សធនធានធម្មជាតិ (WWF) អង្គការជីវិតសត្វស្លាបអន្តរជាតិកម្មវិធីប្រចាំកម្ពុជា (BLI) ក្រសួងបរិស្ថាន (MoE) និង ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ (MAFF) ជាដើម កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២០ បានលើកឡើងថា សត្វត្មាតជាភ្នាក់ងារសម្អាតបរិស្ថាន។
សេចក្តីប្រកាសព័ត៌មាន សរសេរថា៖«ការប្រើប្រាស់ថ្នាំពុលដែលមានសារធាតុ Carbofuran អាចធ្វើឱ្យអន្តរាយដល់សត្វត្មាត»។ បើតាមសេចក្តីប្រកាសព័ត៌មាន សារធាតុគីមីដ៏គ្រោះថ្នាក់ទាំងនេះគួរតែត្រូវបានហាមឃាត់ប្រើប្រាស់ ព្រោះវា មិនត្រឹមបំផ្លាញជីវិតរស់នៅរបស់សត្វត្មាតនោះទេ តែថែមទាំងបង្កគ្រោះថ្នាក់ដល់សុខភាពមនុស្សផងដែរ។
អង្គការ និងស្ថាប័នពាក់ព័ន្ធទាំងនោះ បានអះអាងដូច្នេះថា៖«សត្វត្មាតក្នុងស្រុកទាំងបីប្រភេទ [ត្មាតផេះត្មាតត្នោត និងត្មាតភ្លើង] ដែលរស់នៅតាមព្រៃល្បោះនៃប្រទេសកម្ពុជា កំពុងទទួលការគំរាមកំហែងឈានដល់ការផុតពូជ»។ ស្ថាប័នទាំងនេះ បន្តថា មានចំនួនសត្វត្មាតមិនច្រើនទេ ដែលកំពុងមានវត្តមាននៅតាមបណ្តោយដងទន្លេមេគង្គ ក្នុងដែនជម្រកសត្វព្រៃសៀមប៉ាង ខេត្តស្ទែងត្រែង និងដែនជម្រកសត្វព្រៃឆែប ក្នុងខេត្តព្រះវិហារ។
លោក នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថាន ធា្លប់ប្រាប់សារព័ត៌មានថ្មីៗកន្លងមកថា សត្វត្មាត ដែលកំពុងមានវត្តមាននៅកម្ពុជានេះ គឺជាមរតកធម្មជាតិដ៏កម្រ។ លោកបាននិយាយដូច្នេះថា៖«ត្មាតជាប្រភេទសត្វកម្រនិងកំពុងស្ថិតក្នុងហានិភ័យខ្ពស់ក្នុងការបាត់ពូជនៅលើសកលលោក ខណៈចំនួនសត្វនេះនៅតែបន្តមានការធ្លាក់ចុះជារៀងរាល់ឆ្នាំ ក្នុងកម្រិតមួយគួរឱ្យព្រួយបារម្ភ ទោះបីជារាជរដ្ឋាភិបាលតាមរយៈក្រសួងបរិស្ថានដោយ សហការជាមួយអង្គការដៃគូនានាខិតខំប្រឹងប្រែងការពារនិងអភិរក្សក៏ដោយ»។
លោក ម៉ាយឃើល ម៉ីយ័រហូហ្វ (Michael Meyerhoff) នាយកមជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB) ប្រចាំកម្ពុជា មានប្រសាសន៍ថា ប្រជាពលរដ្ឋកម្ពុជាទាំងអស់អាចមានមោទកភាពចំពោះខ្លួនឯងដែលនៅមានវត្តមានសត្វត្មាតនៅក្នុងប្រទេស។ ប៉ុន្តែ ប្រជាពលរដ្ឋគ្រប់គ្នាចាំបាច់ត្រូវតែគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ក្រុមអភិរក្ស តាមរយៈការជួយការពារទីជម្រករបស់សត្វត្មាត និងជាពិសេសត្រូវបញ្ឈប់ការប្រើប្រាស់ថ្នាំបំពុលសត្វព្រៃ។ លោកបានសង្កត់ធ្ងន់ថា បើមិនដូច្នេះទេ សត្វត្មាតរបស់កម្ពុជានឹងវិនាសផុតពូជដូចនៅក្នុងប្រទេសថៃនិងវៀតណាមជាមិនខាន។
ក្រុមការងារអភិរក្សសត្វត្មាតកម្ពុជា បានបង្កើតឡើងដោយរួមមាន អង្គការមិនមែនរដ្ឋាភិបាល រដ្ឋាភិបាល និង វិទ្យាស្ថានអប់រំជាន់ខ្ពស់ ក្នុងគោលបំណងទប់ស្កាត់ការផុតពូជរបស់សត្វត្មាតនៅកម្ពុជា។ លោក សេង ទៀក នាយកអង្គការ WWF ប្រចាំកម្ពុជា បាននិយាយថា ស្ថានភាពអភិរក្សសត្វត្មាតទាំងបីប្រភេទដែលជាប្រភេទជិតផុតពូជបំផុតនៅកម្ពុជា គឺមានលក្ខណគួរឱ្យព្រួយបារម្ភខ្លាំង។
សត្វត្មាតជាង៣០ក្បាល នៅដែនជម្រកសត្វព្រៃឆែកកំពុងរោមគ្នាស៊ីសពគោមួយក្បាល នៅសហគមន៍ដងផ្លិត-អាហារដ្ឋានត្មាត ខេត្តព្រះវិហារ នាព្រឹកថ្ងៃទី១០មិថុនា ឆ្នាំ២០២០។
ថ្នាំសម្លាប់សត្វល្អិតមិនត្រឹមតែបង្កគ្រោះថ្នាក់ខ្លាំងដល់ជីវិតរស់រានរបស់សត្វត្មាតប៉ុណ្ណោះទេ តែវាថែមទាំងប៉ះពាល់ដល់សុខភាពមនុស្ស និងបសុសត្វផងដែរ។ នាយកអង្គការWWF រូបនេះ បញ្ជាក់ដូច្នេះថា៖«អង្គការ WWF កំពុងតែស្វែងរកការគាំទ្រមតិលើវិធីសាស្ត្រសុខភាពមួយ (One Health) ដែលផ្សារភ្ជាប់សុខភាពរបស់មនុស្ស សត្វ និង បរិស្ថានរួមរបស់យើង ព្រមទាំងជុំរុញឱ្យមានការធ្វើសេចក្តីសម្រេចចិត្តបញ្ឈប់ការបរិភោគសត្វព្រៃ និងការប្រើប្រាស់ដីធ្លី»។
សត្វត្មាត អាចហោះហើរនៅលើអាកាសបានកម្ពស់៦គីឡូម៉ែត្រ និងអាចហើរបានក្នុងល្បឿនរហូតដល់ ១០០គីឡូម៉ែត្រក្នុងមួយម៉ោង ដោយវាអាចហើរទៅមកពីអាហារដ្ឋានផ្តល់ចំណីសត្វត្មាតនៅក្នុងដែនជម្រកសត្វព្រៃឆែប និងដែនជម្រកសត្វព្រៃសៀមប៉ាងយ៉ាងងាយស្រួល។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរួមខាងលើដដែល៕
សត្វត្មាតកំពុងទំនៅលើមែកឈើមួយដើម នៅក្នុងដែនជម្រកសត្វព្រៃឆែប ក្នុងខេត្តព្រះវិហារ នាព្រឹកថ្ងៃទី១០មិថុនា ឆ្នាំ២០២០។