ភ្នំពេញ៖ គម្រោងផ្លាស់ប្តូរពីថាមពលកខ្វក់ ទៅថាមពលពន្លឺព្រះអាទិត្យ (SWITCH to Solar) នឹងចូលរួមចំណែកដល់កំណើនសេដ្ឋកិច្ចកម្ពុជាតាមរយៈការលើកកម្ពស់វិស័យកសិកម្មនៅតំបន់បឹងទន្លេសាប។ នេះជាការលើកឡើងរបស់លោក កែប រតនា ប្រធានគម្រោង SWITCH to Solar របស់អង្គការ People In Need Cambodia ដោយបញ្ជាក់ថា គម្រោងនេះ មានទំហំទឹកប្រាក់២,៥ លាន អឺរ៉ូ (ជិត៣លានដុល្លារ) សម្រាប់អនុវត្តក្នុងរយៈពេល៤ឆ្នាំ។
បើតាមលោក កែប រតនា គម្រោងផ្លាស់ប្តូរទៅថាមពលពន្លឺព្រះអាទិត្យដែលអនុវត្តពីឆ្នាំ២០២០ដល់២០២៤ នៅក្នុងខេត្តចំនួន៥ ដែលជាប់បឹងទន្លេសាប និងនៅរាជធានីភ្នំពេញ នឹងជួយកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថានពីការប្រើប្រាស់ថាមពលកខ្វក់ ពីសំណាក់សហគ្រាសធនតូចនិងមធ្យម(SME) ក្នុងវិស័យកសិកម្ម ហើយព្រមទាំងបង្កើតឱកាសការងារបៃតងដល់ពលរដ្ឋរស់នៅក្នុងតំបន់ច្រើនផងដែរ។
សូមអញ្ជើញស្តាប់បទសម្ភាសរវាងលោក កែប រតនា ប្រធានគម្រោង SWITCH to Solar ជាមួយកញ្ញា អ៊ូ សុខមាន អ្នកយកព័ត៌មាននៃសារព័ត៌មានថ្មីៗ ដូចតទៅ៖
ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗ (ThmeyThmey) លោក រតនា បាននិយាយដូច្នេះថា៖«ការបង្កើតគម្រោងនេះឡើង គឺយើងចង់ចូលរួមក្នុងការបង្កើតកំណើនសេដ្ឋកិច្ចរបស់ប្រជាជននៅតាមជនបទ។ ជាពិសេស [គឺប្រជាជន] រស់នៅតាមបឹងទន្លេសាបហ្នឹង។ ហើយយើងក៏ចង់រួមចំណែកកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាន តាមរយៈការជួយដល់ SME ប៉ុន្តែ SME ហ្នឹង គឺយើងផ្តោតទៅលើវិស័យកសិកម្មនិងជលផល»។
ការជួយដល់ក្រុមសហគ្រាសធនតូច និងមធ្យម(SME) នៅក្នុងវិស័យកសិកម្មនិងជលផលនេះ គឺដើម្បីកាត់បន្ថយថ្លៃចំណាយលើការប្រើប្រាស់ថាមពល។ ជាពិសេសគឺគម្រោងចង់ឱ្យក្រុម SME ទាំងនោះ ផ្លាស់ប្តូរពីការប្រើប្រាស់ថាមពលមិនមាននិរន្តរភាពឬមិនកកើតឡើងវិញ ងាកទៅប្រើប្រាស់ថាមពលដែលកកើតឡើងវិញ។ នេះជាការអះអាងរបស់លោក កែប រតនា ដោយបន្តថា កសិករដែលប្រើថាមពលសូឡា នឹងបង្កើតលទ្ធភាពផលិតនៃចង្វាក់ផលិតកម្ម ការដាំដុះ ដោយចំណេញពេលវេលានិងថវិកាបានច្រើន ព្រមទាំងជួយដល់បរិស្ថានថែមទៀត បើធៀបនឹងកសិករប្រើប្រាស់ម៉ាស៊ីនដោយប្រេងឥន្ទនៈ។
ការប្រើប្រាស់ថាមពលសូឡាអាចជាបរិបទថ្មីឬបច្ចេកវិទ្យាថ្មីសម្រាប់កម្ពុជា ពិសេសសម្រាប់ប្រជាកសិករក្នុងការទាញយកថាមពលព្រះអាទិត្យមកប្រើប្រាស់ដោយខ្លួនឯងផ្ទាល់បានគ្រប់ទីកន្លែង គ្រប់ពេលវេលា ព្រមទាំងចំណាយតិច ដោយពុំចាំបាច់ពឹងផ្អែកលើបណ្តាញថាមពលអគ្គិសនីរបស់រដ្ឋ។
បើតាម លោកកែប រតនា បច្ចុប្បន្ននេះ ថ្វីដ្បិតតែភ្លើងអគ្គិសនី បានទៅដល់គ្រប់ភូមិក្នុងគោលដៅរបស់ប្រទេសខ្មែរក៏ពិតមែន។ ប៉ុន្តែបើត្រឡប់ទៅមើលកន្លែងកសិដ្ឋាន ឬកន្លែងដែលកសិករផលិតនានា គឺកសិករឬម្ចាស់កសិដ្ឋាននីមួយៗត្រូវចំណាយច្រើន ដើម្បីទាញអគ្គិសនីរដ្ឋទៅកាន់កន្លែងកសិដ្ឋានរបស់ខ្លួនសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ។ ប៉ុន្តែថាមពលសូឡានេះមនុស្សនៅគ្រប់ទីកន្លែងអាចទទួលបានដោយគ្រាន់តែមានផ្ទាំងសូឡា និងអាគុយ គឺអាចផលិតថាមពលសម្រាប់ប្រើប្រាស់បានយ៉ាងល្អប្រសើរ។
«យើងចង់ចូលរួមចំណែកច្រើនក្នុងការនាំផលិតផលថ្មី ឬបរិបទថ្មី [ថាមពលសូឡា] ហ្នឹង សម្រាប់ការអភិវឌ្ឍនៅក្នុងស្រុកខ្មែរ»។ នេះជាការលើកឡើងរបស់ ប្រធានគម្រោង SWITCH to Solar ហើយលោកបញ្ជាក់ថា៖«ប្រសិនបើយើងជំរុញការអនុវត្តហ្នឹងបាន អ៊ីចឹងខ្ញុំគិតថា វិស័យកសិកម្មយើងក្នុងពេលបច្ចុប្បន្ន គឺរឹតតែលឿនថែមទៀត ហើយនឹងផ្តល់ឱកាសឱ្យកសិករក្នុងការបើកមុខរបរកសិកម្មថ្មី នៅទីតាំងដែលគាត់គិតថាមានសក្កានុពល»។
ខេត្តទាំង៥នៅជាប់បឹងទន្លេសាប រួមមាន ខេត្តកំពង់ធំ កំពង់ឆ្នាំង បាត់ដំបង ពោធិសាត់ និង សៀមរាប រួមទាំងរាជធានីភ្នំពេញ ទទួលបានការអនុវត្តគម្រោង SWITCH to Solar ក្នុងរយៈពេល៤ឆ្នាំពីអង្គការ People In Need Cambodia។ បើតាមលោក កែប រតនា គម្រោងនេះនឹងគាំទ្រដល់កសិករពិសេសដល់ SME ក្នុងវិស័យកសិកម្ម បានរហូតដល់៩០០០កន្លែង ហើយព្រមទាំងបានកាត់បន្ថយការបំភាយឧស្ម័នកាបូនិក(CO2) ទៅក្នុងបរិយាកាសបានរហូត៤០០០តោន ក្នុងមួយឆ្នាំ៕